សង្ស័យប្ដីចុងដែលបែកបាក់គ្នា លួចបង្កៃគ្រាប់បែក ផ្ទុះរបួសកូនធម៌ពេល ទៅដឹកកណ្តាប់
សូមរំលឹកថា ហេតុការណ៍ផ្ទុះគ្រាប់បែកដៃនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលអោយយុវជនម្នាក់ឈ្មោះ ឆៃ សារុន អាយុ ២០ឆ្នាំ ត្រូវជាកូនធម៌ របស់ស្ត្រីឈ្មោះ សុខ ឃឿន អាយុ ៤៤ឆ្នាំជាម្ចាស់ស្រែ រងរបួសមេដៃ និងភ្លៅខណៈដែលជនរងគ្រោះ ទៅដឹកជញ្ជូនយកកណ្ដាប់ស្រូវ មកបញ្ជាន់នៅផ្ទះ ក្នុងភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ហើយគ្រាប់បែកដៃនេះ ត្រូវជនមិនស្គាល់ យកទៅដាក់បង្កៃចងភ្ជាប់ និងកណ្ដាប់ស្រូវកណ្ដាលវាលស្រែ ។
ចំណែកបុរសម្នាក់ដែល នគរបាលដាក់សង្ស័យ ហៅទៅសាកសួរឈ្មោះ រុន ឡេង ហៅគយ អាយុ ៣៣ឆ្នាំត្រូវជាប្ដីចុង ដែលលែងលះជាមួយស្ត្រីឈ្មោះ សុខ ឃឿន ជាម្ចាស់ស្រែរងគ្រោះ។ បុរសនេះ ទើបត្រឡប់មកពីស៊ីឈ្នួល ធ្វើការនៅប្រទេសថៃ បានប្រហែល ១០ថ្ងៃស្នាក់នៅតាមផ្ទះអ្នកជិតខាង ក្នុងភូមិកើតហេតុ។ គ្រាប់បែកដៃនោះ បានផ្ទុះនៅកណ្ដាលវាលស្រែ ចម្ងាយពីផ្ទះប្រហែល ២០០ម៉ែត្រ មិនស្គាល់ម៉ាកនិងប្រភេទទេ ព្រោះរកអំបែងនិងក្រវឹលមិនឃើញ មានតែខ្សែអង្រឹង ចងកណ្តាប់ស្រូវ និងភ្ជាប់ទៅនិងកញ្ច្រាំងក្នុងស្រែ។
ស្ត្រីឈ្មោះ សុខ ឃឿនជាម្ចាស់ស្រែ បានប្រាប់សមត្ថកិច្ចថា គាត់មិនដែលមានទំនាស់អ្វី ជាមួយអ្នកជិតខាងទេ។ ប៉ុន្តែតែតាំងពីគាត់បានយកប្តីចុងឈ្មោះ រុន ឡេង ហៅគយ កន្លងមកប្តីចុងម្នាក់នេះ បានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងដើរផឹកស៊ីមិនជួយធ្វើការងារផ្ទះ ហើយឈ្មោះ រុន ឡេង បានលួចខ្សែកជាកេរ្តិ៍ របស់ឪពុកម្តាយទៅលក់ ចាយវាយនៅប្រទេសថៃអស់។ ស្ត្រីរូបនេះបានបញ្ជាក់ថា នៅដើមខែធ្នូនេះ ស្រាប់តែឈ្មោះ រុន ឡេង បានទូរស័ព្ទមកសុំជាត្រូវគ្នាវិញ ប៉ុន្តែគាត់បានបដិសេធ មិនជាសះគ្នាទេ។
លុះដល់ថ្ងៃទី ៧ដល់៨ ខែធ្នូ ឆ្នាំ២០១៣ ស្រាប់តែឃើញឈ្មោះ រុន ឡេង ចូលមកដេកនៅក្រោមផ្ទះហើយពេលនោះ គាត់បានសួរថា មកធ្វើអ្វីទៀតមិនឲ្យនៅឬរួមរស់ ជាប្ដីប្រពន្ធអ្វីទេ។ ចាប់ពេលនោះមកឈ្មោះ រុន ឡេង បានទៅដេកផ្ទះ អ្នកជិតខាងបាត់តែម្តង។ ចំពោះយុវជនឈ្មោះ ឆៃ សារុន ដែលរងរបួសដោយសារគ្រាប់បែកផ្ទុះ បានប្រាប់ថា ក្រោយពីម្តាយឪពុក របស់គេមានជម្លោះបែកបាក់គ្នា ក៏បានមកសុំស្ត្រីម្ចាស់ស្រែឈ្មោះ សុខ ឃឿន ធ្វើជាម្តាយធម៌ ហើយនៅថ្ងៃកើតហេតុ ម្ដាយធម៌បានប្រើខ្លួនឲ្យទៅដឹកជញ្ជូនកណ្តាប់ពីស្រែមកផ្ទះ ស្រាប់តែប៉ះចំគ្រាប់បែកផ្ទុះ បណ្ដាលឲ្យរងរបួសតែម្ដង៕
ប្រភពពី វត្តភ្នំ