កម្មកររោងចក្រ BERY បន្តធ្វើកូដកម្ម ក្នុងបរិវេណរោងចក្រ

12/19/2013 0 Comments A+ a-

ភ្នំពេញ: កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ BERY ប្រមាណ ២.៣០០​នាក់ បាន​បន្តធ្វើ​កូដកម្ម​អហិង្សា នៅក្នុង​បរិវេណ​រោងចក្រ នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣​ បន្ទាប់ពី​មានការ​ជួបចរចា​គ្នា​ត្រីភាគី បាន​សះជា​នឹង​គ្នា បាន​៨​ចំណុច នៅសល់​២​ចំណុច ។​
​លោក​ឌិន សំអាត តំណាង​ឲ្យ​សហជីព​ទាំង ៥ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ចរចា​គ្នា ភាគី​ទាំងអស់ បាន​សះជា​នឹង​គ្នា បាន​៩​ចំណុច នៅសល់​២​ចំណុច​គឺ​៖១-​ក្រុមហ៊ុន​ត្រូវ​គិត​ ប្រាក់​ដំណាច់ឆ្នាំ ៥​ភាគរយ ផ្តាច់​កិច្ចសន្យា​ម្តង​សិន និង ២- សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៥០​ដុល្លារ ក្នុង​មួយខែ​។ ក្នុងករណីនេះ ខាង​ក្រុមហ៊ុន ស​ន្យ​ថា នឹង​ជូន​ចម្លើយ នៅ​ថ្ងៃទី​២៤ ខែធ្នូ​ខាងមុខនេះ ហើយ​សុំ​ឲ្យ​កម្មករ​ទាំងអស់ ចូលធ្វើការ​វិញ​។ ប៉ុន្តែ​ពួកគេ នៅ​មិនទាន់​អស់ចិត្ត ព្រោះ​ចង់បាន​ចម្លើយ​ឆាប់ៗ​។ ទោះបីយ៉ាងណា ខាង​សហជីព កំពុង​បញ្ចុះបញ្ចូល​កម្មករ ឲ្យ​ចូលធ្វើការ​វិញ​។​
​សូមបញ្ជាក់ថា រោងចក្រ​កាត់ដេរ BERY ស្ថិតនៅ​តាមផ្លូវ​គ្រួស​ក្រហម ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​កម្មករ បាននាំគ្នា​ធ្វើ​កូដកម្ម តាំងពី​ថ្ងៃទី​១៣ ខែធ្នូ​មកម្ល៉េះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១១​ចំណុច​។​
​កម្មករ កម្មការិនី​រោងចក្រ BERY បាន​ពឹងពាក់​សហជីព​ចំនួន​៥ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១១ ចំណុច​គឺ​៖
​ទី​១-​សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា ដឹកនាំ​ដោយ​លោក​ឌិន សំអាត
​ទី​២-​សហព័ន្ធ​សហជីព​អំណាច​កម្មករ​ខ្មែរ ដឹកនាំ​ដោយ​លោក​ជ័យ សុវណ្ណ
​ទី​៣- សហព័ន្ធ​សហជីព​កម្មករ​ដើម្បី​កម្ពុជា ដឹកនាំ​ដោយ​លោក​ហ៊ុយ សម្បត្តិ
​ទី​៤-​សហព័ន្ធ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ខ្មែរ ដឹកនាំ​ដោយ​លោក​ជា សុ​ផា និង
​ទី​៥-​សហព័ន្ធ​សហជីព​លើក​ដំកើង​ជីវភាព​កម្មករ និយោជិត​ខ្មែរ ដឹកនាំ​ដោយ​លោក​មុំ សារ៉ន​។​
​លក្ខខណ្ឌ​ការងារ​ដែល​កម្ម​ករទា​ម​ទារ រួមមាន​ជាអាទិ៍​៖
​ទី​១-​ក្រុមហ៊ុន​ត្រូវ​គិត​ប្រាក់​ដំណាច់ឆ្នាំ​៥​ភាគរយ​ផ្តាច់​កិច្ចសន្យា​ម្តង​សិន
​ទី​២-​សុំ​ផ្តល់​លុយ​រង្វាន់​ទៀងទាត់​ចំនួន ១៨​ដុល្លារ
​ទី​៣-​សុំ​លុយ​ស្នាក់នៅ​ចំនួន ១៨ ដុល្លារ
​ទី​៤-​ក្រុមហ៊ុន​ត្រូវ​ទទួលស្គាល់​សំបុត្រ​ពេទ្យ​ឯកជន ដែល​គ្រូពេទ្យ​នោះ​ក៍​ធ្វើការ​រដ្ឋ
​ទី​៥-​សុំ​រក្សា​ប្រាក់​ឈ្នួល​ក្នុង​រយ​:​ពេល​កម្មករ​ធ្វើ​កូដកម្ម
​ទី​៦- សុំ​បើក​ជណ្តើរយន្ត​រាល់​ម៉ោង​កម្មករ​ធ្វើការ …៕V​/s
កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ BERY ប្រមាណ ២.៣០០​នាក់ បាន​បន្តធ្វើ​កូដកម្ម​អហិង្សា នៅក្នុង​បរិវេណ​រោងចក្រ
ប្រភពពី CEN