៨ ក្រុមដែលឆ្លងផុតវគ្គជម្រុះពាន Soccer-League ឆ្នាំ២០១៣
ភ្នំពេញៈ ការប្រកួតជម្រុះពាន Soccer-League បានបញ្ចប់ហើយ កាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដោយរកឃើញក្រុមខ្លាំងចំនួន៨ ដែលឆ្លងផុតវគ្គនេះ។
៨ក្រុមមានសំណាងដណ្ដើមបានកៅអីវគ្គ ៣២ក្រុមចុងក្រោយមុនគេនោះ មានដូចជាក្រុមក្រសួងពាណិជ្ជកម្ម, ក្រុមក្រុមយុវជនខ័ណ្ឌដង្កោ, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ, ក្រុមយុវជនកំចាយមារ, ក្រុមយុវជនកំចាយមារ, ក្រុមយុវជនខេត្តព្រៃវែង, ក្រុមយុវជនខេត្តកំពង់ឆ្នាំង និងក្រុមយុវជនខេត្តស្វាយរៀង ។
ចំពោះលទ្ធផលនៃការប្រកួតពូលA ក្រុមយុវជនក្រសួងពាណិជ្ជកម្ម បានយកឈ្នះក្រុមយុវជនក្រសួងទេសចរណ៍ក្នុងលទ្ធផល ៨-២ ខណៈពូលB ក្រុមយុវជនខ័ណ្ឌដង្កោ ឈ្នះក្រុមយុវជនសាលាដំបូងរាជធានីភ្នំពេញ ៤-០ និងពូលC ក្រុមយុវជន Naga Corp ឈ្នះក្រុមយុវជនសិល្បៈ ៤-១ ។ ចំណែកពូលD ក្រុមសូនីវីដ FC ប្រកួតចាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ១-១០ ។ ពូល E ក្រុមយុវជនកំចាយមារ ឈ្នះក្រុមសកម្មជនយុវជន-ក៧៧ ក្នុងលទ្ធផល ៤-០ ។
ចំណែកពូល F ក្រុមយុវជនខេត្តព្រៃវែង បានទម្លាក់ក្រុមយុវតារាកម្ពុជាក្នុងលទ្ធផល ១០-០ ខណៈ ពូលG ក្រុមយុវជនដំរីស ចាញ់ក្រុមយុវជនខេត្តកំពង់ឆ្នាំង ១-៤ និងពូលH ក្រុមយុវជនខេត្តស្វាយរៀង បានទម្លាក់ក្រុមយុវជនខ័ណ្ឌឬស្សីកែវក្នុងលទ្ធផល ៦-១ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះ បែងចែកជា ៤ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ គឺជម្រុះពី ៤០ក្រុមមកត្រឹម៣២ក្រុម, ដំណាក់កាលទី២ ជម្រុះពី ៣២មក១៦ក្រុម, ដំណាក់កាលទី៣ ជម្រុះពី ១៦មក៨ក្រុម, ដំណាក់កាលទី៤ ជម្រុះពី៨មក៤ក្រុម(វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) និងដំណាក់កាលទី៥ វគ្គផ្ដាច់ព្រ័ត្រ ៕
