បន្លំខ្លួនចូលផ្សំដំណេកជាមួយកូនក្រមុំ នាងភ្ញាក់ដឹងខ្លួនទាន់ស្រែកផ្អើលទាំងយប់
បើតាមការរៀបរាប់របស់ក្រុមគ្រួសារកូនកំលោះ ក្រមុំជាជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យឈ្មោះណា សំណាង អាយុ២៦ឆ្នាំ មានទីលំនៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង។ នៅយប់ថ្ងៃកើតហេតុ ក្រុមគ្រួសារគាត់ទើបបានបញ្ចប់ពិធីមង្គលការកូនកំលោះ ក្រមុំ ហើយក៏ជាថ្ងៃផ្សំដំណេករបស់ពួកគេ ប៉ុន្តែនៅផ្ទះនោះគ្មានបន្ទប់ទេ ដោយដេកតំរៀបគ្នាក្នុងផ្ទះ ក្នុងនោះកូនកម្លោះដេកកៀនគេខាងស្តាំដៃ កូនក្រមុំ និងមានក្មេងស្រីអាយុជាង១០ឆ្នាំដេកពីខាងឆ្វេងដៃកូនក្រមុំ ហើយក៏មានមនុស្សជាច្រើនទៀតដេកបន្តបន្ទាប់គ្នា។
ប្រភពដដែលបន្តថា មិនដឹងថាជនសង្ស័យបានលួចឡើងលើផ្ទះ ពីពេលណាទេ ស្រាប់តែនៅវេលាម៉ោងជាង៣ទៀបភ្លឺ ជនសង្ស័យបានលូកស្ទាបខ្លួន ប្រាណ និងថើបកូនក្រមុំ ប៉ុន្តែដោយសារកូនក្រមុំដឹងខ្លួនទាន់ ដឹងថាមិនមែនជាប្តីក៏ស្រែកឆោឡោឡើង ពេលនោះជនសង្ស័យ បានហក់ចុះមកដីក៏ត្រូវប្រជាពលរដ្ឋ និងក្រុមគ្រួសារព្រួតគ្នាដេញចាប់បាន ហើយប្រគល់ទៅឱ្យប៉ូលិសមូលដ្ឋាន។ ក្រុមគ្រួសារជនរងគ្រោះបាននិយាយថា រវាងជនសង្ស័យ និងក្រុមគ្រួសារម្ចាស់ដើមការមិនមែនជាសាច់ញាតិទេ ហើយក៏មិនបានហៅមកហូបការដែរ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះណា សំណាង នេះធ្លាប់ត្រូវបានចាប់ខ្លួនម្តងហើយ រឿងលបឡើងលើផ្ទះគេដូចគ្នា នេះដែរ តែត្រូវបានសម្របសម្រួលគ្នាវិញដោយសារជនរងគ្រោះ និងជនសង្ស័យជាសាច់ញាតិនឹងគ្នា៕
ប្រភពពី កោះសន្តិភាព
