Samsung ពិត​ជា​បង់​លុយ​ឱ្យ Apple ដោយ​ប្រើ​កាក់​ចំនួន ៣០ កុងតឺន័រ​មែន?

11/21/2013 0 Comments A+ a-

 

គេហទំព័រ​មួយ​ដែល​មាន​ឈ្មោះ​ថា Blade Brown Show បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ពិត​ជា​បង់​ប្រាក់​ថ្លៃ​សង​ជំងឺ​ចិត្ត​ ១ពាន់​លាន​ដុល្លារ ដល់ Apple ក្រោម​រូបភាព​ជា​កាក់ចំនួន៣០រថយន្ត​កុងតឺន័រ​ពិត​មែន។
តាម​របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា Samsung បាន​សម្រេច​រើស​យក​ការ​សង​ប្រាក់​ជា​កាក់​តម្លៃ ៥សេន ពី​ព្រោះ​តុលាការ​ពុំ​បាន​កំណត់​ពី​របៀប​ទូទាត់​សង​ដល់ Apple ឡើយ។ របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ឥឡូវ​នេះ Apple ចំណាយ​រយៈពេល​យ៉ាង​យូរ​ស្ទើរ​រាប់​ម៉ោង​ដើម្បី​តែ​រាប់​កាក់​តម្លៃ ៥សេន​ចំនួន ៣០ កុងតឺន័រនេះ ខាត​ពេល​ដល់​ការ​រិះរក​គំនិតច្នៃប្រឌិត​​ឌិហ្សាញថ្មី​ដល់ iPhone, iPad ឬផលិតផល ជំនាន់​ថ្មីៗ​ទៀត។ រឿង​ឈឺ​ក្បាល​មួយ​ទៀត​នេះ Apple កំពុង​ស្វែងរក​ធនាគារ​ដែល​ព្រម​ទទួល​យក​ការ​ផ្ញើ​ប្រាក់របស់​ខ្លួន​​ក្នុង​រូបភាព​ជា​កាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​។
សេចក្ដី​រាយការណ៍​បាន​បង្ហាញ​រូបភាព ព្រម​ទាំង​វីដេអូ​ពី​សកម្មភាព​ដឹក​កាក់​ដែល​មាន​តម្លៃ ៥សេន ចំនួន ៣០​កុងតឺន័រ​ទៅ​ឱ្យ Apple។
លទ្ធផល​ជម្រះក្ដី​របស់​ក្រុម​ប្រឹក្សា​តុលាការ​សហព័ន្ធ​កាល​ពី​ឆ្នាំ​ទៅ​ឆ្នាំ ២០១២ ដែល​បាន​កាត់​ឱ្យ Apple ឈ្នះ លើ​ក្ដី​ប៉ាតង់​បច្ចេកវិទ្យា​ចំនួន ៥ ដែល Samsung បាន​ល្មើស​នោះ បាន​បន្សល់​ស្នាម​របួស​យ៉ាង​ធំ​ដល់ Samsung ជា​មួយ​ការ​សង​ជំងឺ​ចិត្ត​ជា​ទឹកប្រាក់​ប្រមាណ ១,០៥ពាន់​លាន​ដុល្លារ​អាមេរិក។


សូម​ចុច​អាន៖ Samsung ចាញ់​ក្ដី Apple អស់​ជាង ១​ពាន់​លាន​ដុល្លារ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ ibtimes