មានឃោសនារកលុយបានរាប់ពាន់ដុល្លារទៀតតាម Facebook
មួយរយៈចុងក្រោយនេះមានសកម្មភាពឃោសនាយ៉ាងសកម្ម ពីការធ្វើជំនួញនៅតាមអ៊ីនធឺណិតដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook ហើយដែលប្រិយមិត្តអ្នកកម្សាន្តជាច្រើនបានធ្វើការចែករំលែកតៗគ្នាយ៉ាងវក់វី។
ព័ត៌មានទាំងនេះបានទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្តមួយចំនួន ហើយអ្នកខ្លះក៏បានស្វះស្វែងក្នុងការធ្វើជំនួញ តាមការឃោសនាទាំងនោះដែរ។
លោក សំ ពិទូ ជាអ្នកលេងបណ្ដាញសង្គមមួយរូបបានឲ្យដឹងថា មួយរយៈនេះមានព័ត៌មានជាច្រើនដែលនិយាយពីការធ្វើជំនួញផ្សេងៗ ដែលអាចរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គម Facebook។
“ពេលដែលឃើញគេបង្ហោះព័ត៌មានពីការធ្វើជំនួញ ដែលអាចរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់អីហ្នឹង គឺមិនដែលខ្វល់ទេ ដោយគិតថា នេះគ្រាន់តែជាការបោកប្រាស់ទាក់ទាញមនុស្សឲ្យចាប់អារម្មណ៍តែប៉ុណ្ណោះ”។
លោកបន្តថា៖” វាមិនដែលបានលុយមកដោយងាយស្រួលនោះទេ។ មានតែការខិតខំប្រឹងប្រែង និងប្រើចំណេះដឹងដែលខ្លួនមានទើបអាចរកលុយបាន”។
សម្រាប់កញ្ញាស្រី មុំ ជានិស្សិតសាលាច្បាប់ក៏បានបង្ហាញពីការសង្ស័យពីការឃោសនាទាំងនោះដែរថា៖ “ ពេលឃើញការឃោសនាបែបនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែក៏មានការសង្ស័យមួយចំនួនដែរ។ ការសង្ស័យនោះគឺថាព័ត៌មាននោះពិតឬយ៉ាងណា”។
កញ្ញាបន្តថា ការងារដែលអាចរកលុយបានស្រួលពិបាករកណាស់ គឺមានតែជាព័ត៌មានបំផ្លើសឬព័ត៌មានបោកប្រាស់តែប៉ុណ្ណោះ។ ដូច្នេះប្រិយមិត្តមុនជឿត្រូវស្វែងរកប្រភពឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យខកខ្លួនចាញ់បោកការឃោសនាទាំងនោះ។
តាមការឃោសនាដែលប្រិយមិត្តតាម Facebook ចែករំលែកតៗគ្នាបានបញ្ជាក់ថា ការងារដែលគេផ្សព្វផ្សាយនោះមិនមានការពិបាកនោះទេ ដោយធ្វើការតែរយៈពេលតែពី ២ ទៅ ៣ ម៉ោងតែប៉ុណ្ណោះ ប៉ុន្តែអាចទទួលបានប្រាក់ខែចាប់ពី ១០០ ដុល្លារ ដល់ ១.០០០ ដុល្លារ។
លោក ចាន់ ផត ជានិស្សិតសាកលវិទ្យាភ្នំពេញអន្តរជាតិប្រាប់ថា ព័ត៌មានឃោសនាខ្លះអាចជាការពិត ប៉ុន្តែទាមទារឲ្យមានការសិក្សាស្រាវជ្រាវឲ្យបានម៉ត់ចត់។ លោកថា លោកមិនខ្វល់ពីអ្នកដទៃគេនិយាយអ្វីទេ សំខាន់សួរគេឲ្យច្បាស់និង បន្តការស្រាវជ្រាវដោយខ្លួនឯងដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។
លោកបានបន្ថែមថា ធ្វើអ្វីត្រូវធ្វើឲ្យបានច្បាស់លាស់ល្អទើបទទួលបានជោគជ័យ ពេលដែលទទួលបានផលហើយចាំប្រាប់គេបានគេជឿ។
តើប្រិយមិត្តយល់យ៉ាងណាដែលចំពោះការឃោសនាតាមបណ្ដាញសង្គមមួយនេះ?