ម្សិលមិញ Oppo N1 ចេញលក់ក្នុងទីផ្សារប្រទេសថៃ
ក្រុមហ៊ុនចិន Oppo ទើបតែបានប្រកាសចេញលក់ទូរស័ព្ទឆ្នើមថ្មីរបស់ខ្លួនគឺ Oppo N1 នៅក្នុងទីក្រុងបឹងកក ប្រទេសថៃ កាលពីម្សិលមិញនេះ ។ ការប្រកាសចេញលក់ទូរស័ព្ទទំនើបថ្មីរបស់ខ្លួននៅក្នុងប្រទេសថៃ គឺត្រូវបានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុននេះបានប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ី ប្រហែលមួយមុន ។
Oppo N1 គឺជាទូរស័ព្ទទំនើបដែលមានបំពាក់កាមេរ៉ាទំហំ 13MP ទាំងខាងមុខ និងខាងក្រោម ជាមួយនឹងកាមេរ៉ាដែលមានកម្រិតគុណភាពតែមួយមិនមែនទូរស័ព្ទនេះ ត្រូវបានបំពាក់ដោយកាមេរ៉ាពីរគ្រាប់នោះទេ ផ្ទុយពីវិញវាត្រូវបានរចនាឡើងជាមួយនឹងកាមេរ៉ាតែមួយគ្រាប់គត់ ដែលអាចធ្វើការបង្វិលមុខក្រោយបានរហូតដល់ទៅ ២០៦ ដឺក្រេ ។ ក្រៅពីនេះ Oppo N1 ក៏មានបំពាក់ដោយលក្ខណសម្បត្តិពិសេសដែលអាចប្រើ Touch នៅខាងខ្នងនៃទូរស័ព្ទផងដែរ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការថតរូបខាងមុខ និងលេងហ្គេមជាដើម(អានលំអិតពី Oppo N1) ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Oppo មានបុគ្គលិកធ្វើការនៅក្នុងប្រទេសថៃ ចំនួនដល់ទៅ ៨០០នាក់ និងអាចកើនដល់ ១ពាន់នាក់ ក្នុងពេលឆាប់ៗខាងមុខ ។ យ៉ាងណាមិញចំពោះទូរស័ព្ទ Oppo N1 គឺត្រូវបានក្រុមហ៊ុនប្រកាសចេញនៅក្នុងទីផ្សារប្រទេសថៃ ក្នុងតម្លៃប្រហែល ១៩.៩៩០ បាត ដែលស្មើនឹង $640 ឯណោះ ជាមួយម៉ូដែលពណ៌ស unlocked និងមានអង្គចងចាំទំហំ 16GB ហើយក្រុមហ៊ុននឹងបើកឲ្យមានការបញ្ជាទិញតាមរយៈអ៊ីនធឺណិតនាខែធ្នូ ខាងមុខ សម្រាប់ទីផ្សារប្រទេសថៃ ។ ដោយឡែកចំពោះទីផ្សារប្រទេសកម្ពុជាយើងនៅមិនទាន់បានដឹងនៅឡើយទេ ប្រិយមិត្តអាចសាកសួរដោយផ្ទាល់ទៅកាន់ហាងលក់ទូរស័ព្ទមួយចំនួនដែលនៅជិតលោកអ្នក ឬតាមហាងដែលនៅក្នុងរាជធានីភ្នំពេញជាដើម ៕

