ធនាគារ​អេស៊ីលីដា សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ ប័ណ្ណ​ឥណទាន​វីសា

11/09/2013 0 Comments A+ a-

7-Acleda-Bank-ATMភ្នំពេញៈ ធនាគារ​អេស៊ី​លីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​នៅ​កម្ពុជា បាន​ប្រកាស និង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ផលិតផល​ថ្មី​មួយ​ទៀត គឺ «ប័ណ្ណ​ឥណទាន​វីសា​អេស៊ី​លីដា» នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជារ​ទិញ​ទំនិញ​-សេវាកម្ម​ប្រចាំ​ថ្ងៃ រហូត​ឈាន​ដល់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត។
ប័ណ្ណ​ឥណទាន​វីសា​អេស៊ី​លីដា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ទិន្នន័យ​សុវត្ថិ​ភាព នៃ​ឧស្សាហកម្ម​ប័ណ្ណ​ទូទាត់ (PCI DSS) នឹង​មាន​លក្ខណៈ​ប្រកប​ដោយ​សុវត្ថិភាព ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ទូ​ទាំង​សាកល​លោក និង​អាច​ធ្វើ​ប្រតិបត្តិ​ការ​ធនាគារ​បាន​តាម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ អេស៊ី​លីដា។
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា​ «ប័ណ្ណ​ឥណទាន​វីសា​អេស៊ី​លីដា គឺជា​ជម្រើស​មួយ​ដ៏​អស្ចារ្យ សម្រាប់​ការ​បង្កើន​សុវត្ថិភាព​ប្រតិបត្តិ​ការ​ហិរញ្ញ​វត្ថុ​ជា​សកល និង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន។ ការ​ប្រើ​ប្រាស់​ ប័ណ្ណ​ឥណទាន​វីសា​អេស៊ី​លីដា អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​បាន​កាន់​តែ​ងាយ​ស្រួល ដោយ​មិន​ចាំ​បាច់​កាន់​សាច់​ប្រាក់​សុទ្ធ នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ទេស​ចរណ៍​ទាំង​នៅ​ក្នុង​ប្រទេស និង​សកល​លោក។
អ្នកស្រី Lorijon Bacchi នាយិកា​គ្រប់​គ្រង​វីសា​ប្រចាំ​ឥណ្ឌូចិន បាន​មាន​ប្រសាសន៍​ដែរ​ថា «ប័ណ្ណ​ឥណទាន​វីសា​ជា​ប័ណ្ណ​មួយ​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​ទិញ​ទំនិញ និង​សេវាកម្ម បាន​នា​ពេល​ឥឡូវ​នេះ ហើយ​និង​ធ្វើ​ការ​ទូ​ទាត់​វិញ​នៅ​ពេល​ក្រោយ»។
អ្នក​ស្រី​បន្ត​ថា ប័ណ្ណ​ឥណទាន​វីសា​នេះ​អាច​ប្រើ​ប្រាស់​បាន​ជាមួយ​ម៉ាស៊ីន ឆូត​កាត​ចំនួន ១០​លាន​គ្រឿង នៅ​តាម​បណ្តា​ហាង​លក់​ទំនិញ​-សេវាកម្ម​នៅ​ជុំវិញ​ពិភព​លោក ហើយ​ប័ណ្ណ​ឥណទាន​វីសា​នេះ ធានា​បាន​នូវ​សុវត្ថិភាព​ល្អ​ប្រសើរ ជាង​ការ​កាន់​សាច់​ប្រាក់​សុទ្ធ គឺ​មាន​ន័យ​ថា ប័ណ្ណ​ឥណទាន​វីសា​ដែល​បាន​បាត់​ហើយ គឺ​យើង​អាច​ជំនួស​ថ្មី​វិញ​បាន ប៉ុន្តែ​បើ​សាច់​ប្រាក់​បាន​បាត់ ឬ​ត្រូវ​បាន​គេ​លួច​នោះ គឺ​បាត់​រហូត។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​នេះ អាច​ប្រតិបត្តិ​ការ​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម (ATM) ម៉ាស៊ីន​ឆូត​កាត (POS) ឬ​ប្រព័ន្ធ​អ៊ីធឺណែត (E-commerce)។ អ្នក​ប្រើ​ប្រាស់ អាច​ដក​សាច់​ប្រាក់​បាន​ដោយ​ឆាប់​រហ័ស និង​ធ្វើ​ការ​ទូ​ទាត់​ថ្លៃ​ទំនិញ សេវាកម្ម​ផ្សេងៗ បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​ដែល​មាន​ស្លាក​សញ្ញា​វីសា Visa ឬ Visa Plus នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​សកល​លោក។