GooPhone បញ្ចេញគំរូនាឡិកាទំនើប Android មានផ្ទាំងកម្មវិធីដូច Windows Phone
GooPhone គឺជាក្រុមហ៊ុនចិនមួយដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនូវកេរ្តិ៍ឈ្មោះ ជំនាញខាងចម្លងម៉ូដ ។ កន្លងមកក្រុមហ៊ុននេះ ធ្លាប់បានចេញទូរស័ព្ទទំនើបជាច្រើនម៉ូដែលទៅហើយដែលជាការចម្លងម៉ូដតាមទូរស័ព្ទឆ្នើមរបស់ក្រុមហ៊ុនល្បីៗ ដូចជា iPhone 5S របស់ Apple ជាដើម ។ ទូរស័ព្ទ GooPhone i5S ដែលមានរូបរាងដូចទូរស័ព្ទ iPhone 5S ពិត ត្រូវបានក្រុមហ៊ុន GoPhone ផលិតឡើងជាផលិតផលមានតម្លៃទាប ដំណើរការដោយ Android និងរៀបផ្ទាំង Interface ឲ្យដូចទៅនឹង iOS ។
GooPhone កម្រនឹងបញ្ចេញពីគម្រោងខ្លួនចំពោះការចម្លងម៉ូដពីផលិតដើមណាស់ ប៉ុន្តែពេលនេះ ក្រុមហ៊ុនទើបបានបញ្ចេញឲ្យដឹងថា ខ្លួនកំពុងធ្វើការលើនាឡិកាទំនើបដោយខ្លួនឯង ដោយនាឡិកានោះមានឈ្មោះថា GooPhone Smart Watch ។ ដូច្នេះក្រុមហ៊ុននេះ នឹងចូលខ្លួនជានិមិត្តសញ្ញាថ្មីនៃផលិតផល mobile computing ដែលអាចពាក់បាន ។
យោងតាមប្រភព Unwiredview បានឲ្យដឹងថា នាឡិកា GooPhone Smart Watch អាចនឹងត្រូវបានបំពាក់ដោយ ៖
- អេក្រង់ 1.54-inch 240×240 touchscreen
- កាមេរ៉ា 5MP ឬ 2MP
- CPU 1.2GJz dual-core Media Tek
- RAM 512 MB
- អង្គចងចាំ 4GB
- បំពាក់ HSPA+, Wi-Fi, FM radio, Bluetooth, GPS
- វិមាត្រ 41.9×47.5×13.5 mm
- ទម្ងន់ 72 grams
- ដំណើរការដោយ Android 4.0 Ice Cream Sandwich
- អាចដំណើរការជាមួយ Google Play
យ៉ាងណាមិញចំពោះរូបភាពដែលជាគំរូនាឡិកាទំនើប GooPhone Smart Watch មាន them ជា Windows Phone គឺត្រូវបានរចនាឡើងដោយប្រើកម្មវិធី Photoshop តាមរយៈនេះគេសន្និដ្ឋានថា វាអាចជា Android UI (ផ្ទាំងបង្ហាញកម្មវិធី) ដែលក្រុមហ៊ុននឹងបំពាក់លើនាឡិការបស់ខ្លួន ។ ក្រៅពីនេះជាមួយនឹងការបំពាក់ដោយ HSPA+ គេជឿថា GooPhone Smart Watch អាចនឹងត្រូវបានរចនាសម្រាប់ប្រើ micro SIM ពោលគឺ នាឡិកានេះនឹងមិនចាំបាច់ពឹងផ្អែកលើទូរស័ព្ទទំនើបដើម្បីដំណើរការនោះទេ ។
សូមបញ្ជាក់ថា តាមលក្ខណសម្បត្តិខាងលើយើងឃើញហើយថា នាឡិកាទំនើប GooPhone Smart Watch នឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់សាកសមជាឈ្មោះថា នាឡិកាទំនើប ដោយសារហេតុនេះហើយទើប ក្រុមហ៊ុនស្នើសុំតម្លៃ $349 សម្រាប់ម៉ូដែលនេះ អាចនឹងមានតម្លៃ $299 សម្រាប់ការកាត់បន្ថយនូវលក្ខណសម្បត្តិផ្សេងៗ ។ អ្វីដែលពិបាកនឹងទទួលយកនោះគឺ ផលិតផលរបស់ក្រុមហ៊ុន GooPhone មិនទាន់ត្រូវបានក្លាយជាផលិតផលដែលគួរឲ្យជឿទុកចិត្តនៅឡើយទេ ។ ក្រៅពីនេះ យើងនៅមិនទាន់បានដឹងថា ក្រុមហ៊ុននឹងបញ្ចេញនាឡិកាទំនើបនៅថ្ងៃណានោះទេ ហើយក៏មិនបានដឹងដែរថា នឹងចេញលក់សម្រាប់ទីផ្សារសាកល ឬ សម្រាប់តែក្នុងប្រទេសចិន ?

