រថយន្តទំនើប Lexus570 របស់ឯកឧត្តមបណ្ឌិត ជាម យៀប បុកមនុស្ស២នាក់ឲ្យរបួសធ្ងន់ហើយបើករត់គេចខ្លួនបាត់
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ដែលជិះម៉ូតូឌុបគ្នាម៉ាក Scoopy មានឈ្មោះ ភិន សោភា ភេទស្រី អាយុ២០ឆ្នាំ មានស្រុកំណើតនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ រងរបួសធ្ងន់បាក់ជើង បាក់ដៃនិងរយះស្បែកក្បាល ព្រមទាំងម្នាក់ទៀតមានឈ្មោះ ភឿន ខា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិពងទឹក ឃុំក្រាំងតាយ៉ូវ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក Lexus570 ពណ៌ខ្មៅនោះ ក្រោយពីកើតហេតុភ្លាមៗអ្នកបើកបររថយន្តបានឈប់ដោះស្លាកលេខចេញដើម្បីកុំឲ្យគេស្គាល់ ។ ប៉ុន្តែ បើតាមសាក្សី ដែលបានជិះប្រដេញតាមពីក្រោយបានប្រាប់ឲ្យដឹងថា រថយន្តបង្កនោះមានពាក់ស្លាកលេខ រដ្ឋ02.2-0007 ជិះដោយឯកឧត្តមអ្នកតំណាងរាស្ត្រមួយរូបដែលសមត្ថកិច្ចព្យាយាមលាក់បិទបាំងឈ្មោះ ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តបង្កបានបើកបរយ៉ាងលឿនពីអ្នកលឿងមករាជធានីភ្នំពេញ រីឯម៉ូតូជនរងគ្រោះបើកបរក្នុងទិសដៅពីរាជធានីភ្នំពេញទៅអ្នកលឿង ក៏ស្រាប់តែរថយន្តបង្កជាន់ហ្វ្រាំងមិនទាន់បានបុកម៉ូតូជនរងគ្រោះចំពីចំហៀងខាងស្តាំផ្នែកខាងមុខ បណ្តាលឲ្យបែកចង្កៀងខ្ទេចនិងធ្លាក់កញ្ចក់និងអ្នកជិះរងរបួសធ្ងន់ ។
ក្រោយហេតុការណ៍នេះដែរ បន្ទាប់ពីរថយន្តបង្កបានបើកចូលមករាជធានីភ្នំពេញបានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ក៏មានរថយន្តតាក់ស៊ីមួយគ្រឿង ខំតាមព្យាយាមដេញពីក្រោយហើយផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចតាមគោលដៅស្ទាក់ចាប់ ប៉ុន្តែគ្មានសមត្ថកិច្ចណាចេញមុខស្ទាក់ចាប់ឃាត់រថយន្តបង្កនេះទេ ពីព្រោះខ្លាចអំណាចឯកឧត្តមតំណាងរាស្ត្រដែលជិះនៅក្នុងរថយន្តនោះ ។
បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកម៉ូតូជនរងគ្រោះកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខណៈដែលរថយន្តបង្កជិះដោយឯកឧត្តមអ្នកតំណាងរាស្ត្រមានអំណាចនិងមិនទទួលខុសត្រូវបានរួចខ្លួនព្រមទាំងទទួលបានការជួយលាក់ឈ្មោះថែមទៀត ។
ទោះយ៉ាងណាក៏ដោយ មន្ត្រីស្នេហាជាតិ និងស្រឡាញ់យុត្តិធម៌មួយចំនួនបានប្រាប់ឲ្យដឹងថា រថយន្តបង្កនោះគឺជារថយន្តរបស់ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ព្រមទាំងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុរដ្ឋសភា៕
ប្រភពពី DTN7