អភិបាល​រាជធានី​ភ្នំពេញ​៖ ការ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ និង​ជា​រៀង​រហូត

11/23/2013 0 Comments A+ a-

25_11_2010_Phal_P1070319នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​មួយ នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២២​វិច្ឆិកា​នេះ លោក​ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ជាង​៥០០​នាក់​ថា ពិធី​គោរព្ធ​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់ដោយ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ​នៅ​ឆ្នាំ​២០១០ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​ជា​រៀង​រហូត។ គិត​មក​ដល់​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១៣​ នេះ ជា​គម្រប់​ខួប​៣​ឆ្នាំ​គត់ នៃ​ព្រឹត្តិការណ៍​សោកនាដកម្ម​ជាន់​គ្នា​ស្លាប់ លើ​ស្ពាន​កោះ​ពេជ្រ នៅ​យប់​បង្ហើយ​ថ្ងៃ​បុណ្យ​អុំ​ទូក។
លោក​ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​វិច្ឆិកា​នេះ​ថា ពិធី​គោរព​​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់ដោយ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ​នៅ​ឆ្នាំ​២០១០ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​ជា​រៀង​រហូត។ លោក​បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ ដោយ​មាន​អ្នក​ចូល​រួម​ជាង​៥០០​នាក់ និង​ព្រះ​សង្ឃ​ជិត​១០០​អង្គ​ផង។ លោក​បាន​បញ្ជាក់​ថែម​ដូច្នេះ​ថា ពិធី​គោរព​វិញ្ញាណក្ខន្ធ នឹង​ប្រព្រឹត្ត​ទៅ​តាម​បែប​សាសនា ដោយ​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ណា​មួយ​ឡើយ។
ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្អើល​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិប្រារព្ធ​ធ្វើ​ដែរ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២១​វិច្ឆិកា​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​២០០​នាក់។ ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្វី​ត្បិត​តែ​មិន​បាន​ចូល​រួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នោះ បាន​ថ្លែង​តាម​ទូរស័ព្ទ​ ទៅ​​ក្នុង​ពិធី​ជួប​ជុំ​ថា ព្រឹត្តិការណ៍​ផ្អើល​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​នោះ មិន​អាច​បំភ្លេច​បាន​ទេ ហើយ​ត្រូវ​ចង​ចាំ​ថា រដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​ទទួល​ខុស​ត្រូវ។ លោក​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​​នោះ និង​យក​អ្នក​ទទួល​ខុស​ត្រូវ​មក​ផ្ដន្ទាទោស​​តាម​ច្បាប់។
ហេតុការណ៍​នៅ​យប់​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំ​ទូក កាល​ពី​៣​ឆ្នាំ​មុន នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស​ជាង​៥០០​នាក់​ផ្សេង​ទៀត។ ជា​ព្រឹត្តិការណ៍​ដែល​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ទទួល​ស្គាល់​ថា ជា​ចំណុច​ខ្វះ​ខាត​របស់​រដ្ឋាភិបាល និង​បាន​បញ្ជាក់​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​រួម និង​ជា​ឧបទ្ទវហេតុ។ រាជរដ្ឋាភិបាល កាល​ណោះ ក៏​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ហើយ​រក​ឃើញ​ថា ការ​ស្លាប់​នោះ បណ្ដាល​មក​ពី​ផ្អើល​ជាន់​គ្នា។
ឧបទ្ទវហេតុ​នេះ ក៏​ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បើក​ការ​ស្រាវ​ជ្រាវ ចង​ក្រង​ជា​របាយការណ៍មួយ​ដែរ​។ ប៉ុន្តែ​របាយការណ៍​នោះ មក​ដល់​ពេល​នេះ មិន​ត្រូវ​បាន​បង្ហាញ​ទេ​ ព្រោះ​តែ​ជន​រង​គ្រោះ​ដែល​បាន​ផ្ដល់​សម្ភាស បាន​ប្ដូរ​ជំហរ លែង​និយាយ​ស្ដី ហាក់​ដូច​ជា​ព្រម​ព្រៀងទទួល​យក​សំណង​ពី​រដ្ឋាភិបាល សម្រាប់​ការ​បាត់​បង់​សមាជិក​គ្រួសារ និង​ការ​ព្យាបាល​ជំងឺ​ជា​ដើម៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ