ប្រធាន IRI ជំរុញគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង បន្តចូលតុចរចា ដោះស្រាយបញ្ហាដោយសន្តិវិធី
ភ្នំពេញ: ប្រធាន IRI បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច នៃរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា បន្តការស្វែងរកដំណោះស្រាយចរចា ជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ឲ្យបានឆាប់តាមរយៈការស្រុះស្រួលគ្នា ដើរចូលតុចរចាបន្តទៀត ដើម្បីបន្តដោះស្រាយបញ្ហា ដែលនៅសល់ជាមួយគ្នា ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបលោក Richard S. Williamson ជាសមាជិកក្រុមប្រឹក្សាវិទ្យាស្ថានសាធារណ រដ្ឋអន្តរជាតិ (IRI)។
នៅក្នុងជំនួបនោះ លោក Richard S. Williamson បានជំរាបប្រាប់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថា លោកសង្ឃឹមជឿជាក់ថា ការខ្វែងគំនិតគ្នានៅក្នុងបញ្ហានយោបាយនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងអាចដោះស្រាយបាន ប្រកបដោយភាពជោគជ័យ នាពេលខាងមុខ។
លោក Richard បានបញ្ជាក់ថា បញ្ហាសំខាន់នៃការចរចា ដែលអាចទទួលបានជោគជ័យ គឺគណបក្សទាំងពីរ គួរប្រកាន់គោលការណ៍មួយច្បាស់លាស់ ហើយត្រូវបោះជំហានទៅមុខ។
លោកបានបញ្ជាក់ទៀតថា ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា មានការវិវឌ្ឍន៍រីកចំរើនបានល្អ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ហើយកម្ពុជា នឹងដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងបានយ៉ាងល្អ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ឆ្លើយតបថា ទាំងរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន ចង់ឲ្យមានការដោះស្រាយបញ្ហានយោបាយប្រកប ដោយសន្តិវិធី ហើយគណបក្សប្រជាជន នឹងដោះស្រាយបញ្ហា ដែលនៅសេសសល់នេះ ឲ្យអស់ពីលទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោក Richard ថា ចំពោះការបោះឆ្នោត នៅក្នុងឆ្នាំ២០១៣ អាណត្តិទី៥នេះ ដំណើរល្អជាងពេលមុន។
លោក Richard ក៏បានកោតសរសើរ ដល់គណបក្សប្រជាជនកម្ពុជា ដែលមានភាពចាស់ទុំជាងគេ ក្នុងចំណោមគណបក្សនយោបាយនៅកម្ពុជា ដែលបានដឹកនាំប្រទេស ប្រកបដោយភាពរីកចំរើន៕
ប្រភពពី CEN