នាយករដ្ឋមន្ត្រីជប៉ុន មកទស្សនកិច្ចនៅកម្ពុជា ពីរថ្ងៃ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
ភ្នំពេញ: លោក ស៊ីនហ្សូ អាបេ ( Shinzo ABE ) នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៦ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
សេចក្តីជូនព័ត៌មានរបស់នាយកដ្ឋានព័ត៌មាន និងឯកសារ នៃក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ចុះថ្ងៃទី១៤ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកក្រកម្ពុជា។
សេចក្តីជូនព័ត៌មានដដែល បានបន្តថា បន្ទាប់ពីជួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ ដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ លើការអប់រំ និងបណ្តុះបណ្តាលក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ លើការអប់រំ និងបណ្តុះបណ្តាលក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
២.អនុស្សរណៈ ស្តីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងជប៉ុន។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ នឹងមានចេញសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងជប៉ុន។ ក្រៅពីនេះ លោក ស៊ីនហ្សូ អាបេ នឹងអញ្ជើញទៅចូលរួមសន្និសីទ ស្តីពី សេវាសុខភាព និងវេជ្ជសាស្ត្រ និងទស្សនាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលគេស្គាល់ថា ពេទ្យជប៉ុន នៅខាងជើង ជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ៕
ប្រភពពី CEN