ទស្សនា​វីឌីអូ​បង្ហាញ​ពី​នាឡិកា​ទំនើប GooPhone ដែល​មាន​បំពាក់ 3G

11/21/2013 0 Comments A+ a-

កាល​ពី​សប្ដាហ៍​មុន ក្រុមហ៊ុន​ចិន​ឈ្មោះ GooPhone ទើប​តែ​បាន​ប្រកាស​ចេញ​នូវ​នាឡិកា​ទំនើប​ដំបូង​របស់​ខ្លួន​ដែល​រចនា​ឡើង ដោយ​គ្មាន​ការ​ចម្លង​ម៉ូដ​ពី​ក្រុមហ៊ុន​ល្បីៗ​នោះ​ទេ ។ ជាង​នេះ​ទៅ​ទៀត​នាឡិកា​ទំនើប​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ថែម​ទាំង​មាន​នូវ​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​សាក​សម​​ជា​ឈ្មោះ​ថា នាឡិកា​ទំនើប ។
មាន​តម្លៃ $300 នាឡិកា​ទំនើប GooPhone Smart Watch ត្រូវ​បាន​រចនា​ជា​មួយ​នឹង​រូប​រាង​យ៉ាង​ស្រស់​ស្អាត​ និង​ថែម​ទាំង​មាន​លក្ខណសម្បត្តិ​គួរ​ឲ្យ​ទាក់​ទាញ ពោល​គឺ វា​ត្រូវ​បាន​បំពាក់​ដោយ កាមេរ៉ា ​GPS  វិទ្យុ FM និង ប្រព័ន្ធ 3G ដែល​អាច​ប្រើ SIM បាន​ដូច​ជា​ទូរស័ព្ទ ហើយ​ក៏​មិន​​​​ចាំ​បាច់​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​ទំនើប​ដើម្បី​ដំណើរការ​​ដូច​ជា​នាឡិកា​ទំនើប​របស់​ក្រុមហ៊ុន​ផ្សេងៗ​ផង​ដែរ ។ ​មាន​លក្ខណ​ពិសេស​ជាង​នាឡិកា​ទំនើប Galaxy Gear ​របស់​ក្រុមហ៊ុន Samsung និង Sony Smart Watch 2 របស់​ក្រុមហ៊ុន​​ Sony ។ ​នាឡិកា​ទំនើប GooPhone Smart Watch ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 Ice Cream Sandwich ​​ដែល​ត្រូវ​បាន​រៀប​ជា​ផ្ទាំង​បង្ហាញ​​​មាន​​រូប​រាង​ដូច​ជា Windows Phone គួរ​ឲ្យ​ទាក់​ទាញ ។
យ៉ាង​ណា​មិញ​ចង់​ដឹង​ថា នាឡិកា​ទំនើប GooPhone Smart Watch មាន​​រូប​រាង និង​​លក្ខណសម្បត្តិ​ពិសេស​​ប៉ុណ្ណា នោះ​សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម ។
សូម​បញ្ជាក់​ថា ថ្វី​បើ​នាឡិកា​ទំនើប GooPhone Smart Watch ពិត​ជា​មាន​លក្ខណសម្បត្តិ​ពិសេស​ដែល​គួរ​ឲ្យ​ទាក់​ទាញ តែ​យ៉ាង​ណា​មិញ​ក្រុមហ៊ុន​នេះ មិន​ទាន់​ត្រូវ​បាន​ជា​ឈ្មោះ​ដែល​គួរ​ឲ្យ​ជឿ​​​ទុក​ចិត្ត​​នៅ​ឡើយ​ទេ ​ព្រោះ​​​ដើម​ឡើយ​ជា​ក្រុមហ៊ុន​ដែល​ល្បី​ដោយ​សារ​ការ​ចម្លង​ម៉ូដ​ទូរស័ព្ទ​ឆ្នើម​របស់​ក្រុមហ៊ុន​ល្បី​ដូច​ជា iPhone របស់ Apple ជា​ដើម ៕