Galaxy S5 រឺ Galaxy Note 4 នឹងត្រូវបំពាក់ដោយ CPU 64-bit
ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា Apple បានបញ្ចេញរួចហើយនូវទូរស័ព្ទទំនើប iPhone 5S ដែលបំពាក់ដោយ CPU A7 64-bit បន្តិចក្រោយមកក៏មានសេចក្ដីរាយការណ៍មួយថាក្រុមហ៊ុន Samsung បានអះអាងថាទូរស័ព្ទទំនើបជំនាន់ថ្មីរបស់ខ្លួននឹងមាន CPU 64-bit ។
សូមរំលឹកដែរថា លោក JK Shin ដែលជានាយកប្រតិបត្តិ (CEO) របស់ Samsung មិនបានបញ្ជាក់ថា Samsung នឹងបំពាក់ CPU 64-bit ទៅលើទូរស័ព្ទទំនើបខ្សែស្រលាយមួយណានោះទេ ប៉ុន្តែគេរំពឹងថាទូរស័ព្ទទំនើបដំបូងរបស់ Samsung ដែលនឹងត្រូវបំពាក់ដោយ CPU 64-bit នោះគឺ ប្រហែលជា Galaxy S 5 ហើយ CPU នោះគឹអាចជា CPU របស់ក្រុមហ៊ុន ARM គឺ CPU ARMv8 64-bit ។ ដោយឡែកបើយោងតាមប្រភពពីគេហទំព័រ SamMobile បានឲ្យដឹងថាពេលនេះក្រុមហ៊ុន ARM បានបញ្ជាក់យ៉ាងច្បាស់ហើយថាទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Samsung ដែលនឹងបំពាក់ដោយ CPU 64-bit របស់ខ្លួននឹងត្រូវបញ្ចេញក្នុងឆ្នាំ២០១៤ ប៉ុន្តែទោះជាយ៉ាងណា ARM ក៏មិនបានបញ្ជាក់ឲ្យច្បាស់ថាទូរស័ព្ទទំនើបរបស់ Samsung មួយណាទេដែលនឹងត្រូវបំពាក់ដោយ CPU 64-bit នោះ ។ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នាថាតើទូរស័ព្ទទំនើប Galaxy S5 ឬ Galaxy Note 4 ដែលនឹងត្រូវបានបំពាក់ដោយ CPU 64-bit ឬក៏នឹងត្រូវបំពាក់ទាំងពីរ ។
ប្រភពពី ARM បានបន្ថែមទៀតដែរថាក្រុមហ៊ុនរបស់ខ្លួននឹងបញ្ចេញ CPU 128-bit ក្នុងរយៈពេលពីរឆ្នាំក្រោយមកទៀត ។ សូមបញ្ជាក់ថា ARM ឬ ARM Holdings គឺជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចក្រភពអង់គ្លេសដែលផលិត CPU និង chip ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងលក្ខណសម្បត្តិបច្ចេកទេសនៃទូរស័ព្ទទំនើបជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
តើប្រិយមិត្តពេញចិត្តនិងចង់ឲ្យ Galaxy S5 មានរូបរាងដូចគំរូមួយណា ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖