ធ្វើគតព្រះ ចៅអធិការ វត្ដព្រះពុទ្ធមានសេរី សង្ស័យរឿងគំនុំ

11/27/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
កំពង់ស្ពឺ ៖ ព្រះចៅអធិការវត្ដ ព្រះពុទ្ធ មានសេរី ដែលមានទីតាំងស្ថិត នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ត្រូវ បានជនមិនស្គាល់មុខ លួចកាប់និងកាំបិតផ្គាក់ រួចអារបំពង់ក បណ្ដាលឱ្យព្រះអង្គសុគតក្នុង ថ្លុកឈាម លុះព្រឹកឡើងទើបមានការភ្ញាក់ ផ្អើលពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន ក្រោយពីប្រទះឃើញ សពរបស់ព្រះអង្គសុគតនៅខាងក្រៅកុដិ ។
ក្រោយពីទទួលបានព័ត៌មានស្ដីពីអំពើ ឃាតកម្មលើព្រះចៅអធិការវត្ដព្រះពុទ្ធមាន សេរីខាងលើនេះ កម្លាំងនគរបាលជំនាញផ្នែក ព្រហ្មទណ្ឌនិងកម្លាំង នគរបាល ផ្នែកបច្ចេកទេស ចក្ខុ បានសហការជាមួយកម្លាំងអាវុធហត្ថ ទាំងខេត្ដទាំងស្រុក ចុះទៅភ្លាមៗ ដើម្បីបើក ការស្រាវជ្រាវជាបន្ទាន់ ជុំវិញអំពើឃាតកម្ម ដ៏សាហាវខាងលើនេះ ។
មេបញ្ជាការអាវុធហត្ថខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ ម៉ែន ស៊ីប៊ន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា សពព្រះចៅអធិការវត្ដព្រះពុទ្ធមានសេរី ត្រូវ បានគេប្រទះឃើញ សុគតក្នុងថ្លុកឈាមកាល ពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្ដែ មូលហេតុពិតប្រាកដ ដែលឈានទៅដល់ការ ធ្វើគតព្រះអង្គ កម្លាំង សមត្ថកិច្ច ចម្រុះបាន និងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមរយៈការប្រមូលវត្ថុតាង នៅកន្លែង កើតហេតុ ព្រមទាំងសួរសាក្សីនិងប្រជាពល រដ្ឋនៅក្នុងភូមិ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ព្រះចៅអធិការវត្ដ ព្រះពុទ្ធមានសេរី មានព្រះនាមទឹម សេង  ព្រះជន្ម ៦១ព្រះវស្សា  ហើយធ្វើជាព្រះចៅ អធិការវត្ដ ក្នុងចំណោមព្រះសង្ឃ ៣អង្គ ដែលគង់នៅក្នុងវត្ដមួយនេះ ។
អ្នកស្រី ឯម ពៅ អាយុជាង៦០ឆ្នាំ ដែល មានផ្ទះនៅខាងមុខវត្ដ បានប្រាប់សមត្ថកិច្ច ថា នៅវេលាម៉ោងប្រមាណ៩និង២០នាទី យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ គាត់បាន ឃើញព្រះអង្គនិមន្ដមកពីសូត្រមន្ដបុណ្យសព របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ប៉ុន្ដែនៅយប់ ឡើង មិនដឹងជាមានរឿងអ្វីកើតឡើង លុះ ដល់ព្រឹក ស្រាប់តែ ឃើញសពព្រះអង្គសុគត ក្នុងថ្លុកឈាមខាងក្រៅកុដិ បណ្ដាលឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតតែម្ដងទៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន បញ្ជាក់ថា ក្រោយពីពិនិត្យសពព្រះចៅអធិការ វត្ដរួចមក មានស្នាមកាប់និងកាំបិតផ្គាក់ព្រម ទាំងអារកសល់តែឆ្អឹង ហើយ ឥវ៉ាន់នៅក្នុង កុដិរបស់ព្រះអង្គ ឃើញរាយប៉ាយ ។ ចំពោះ ករណីឃាតកម្មខាងលើនេះ ជាជំហានដំបូង សមត្ថកិច្ច ជំនាញបានដាក់ការសន្និដ្ឋានលើ ករណីគំនុំច្រើនជាងប្លន់ ។
សមត្ថកិច្ចមូលដ្ឋានបានបន្ដថា តាមរយៈ ការត្រួតពិនិត្យនៅកន្លែងកើតហេតុ គេបាន ឃើញស្នាមឈាម ដែលឃាតកបានសម្លាប់ ព្រះអង្គហើយ រត់ទៅក្រោយវត្ដ ។
ជុំវិញអំពើឃាតកម្មធ្វើគតព្រះចៅអធិការ វត្ដខាងលើនេះ ស្នងការរងនគរបាល និងជា ប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ លោក ឧត្ដមសេនីយ៍ សោម តារា បានបញ្ជាក់តាម ទូរស័ព្ទឱ្យដឹងថា ជុំវិញការសួរនាំករណីនេះ អាចជារឿងគំនុំច្រើនជាងករណីប្លន់ ។
លោកសោម តារា បានបញ្ជាក់ថា សព របស់ព្រះអង្គ ត្រូវបានគេប្រទះឃើញ កាល ពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
យ៉ាងណាក៏ដោយ ស្នងការរងនគរបាល រូបនេះ មិនទាន់អាចបញ្ជាក់លំអិតនៅឡើយ ទេ ចំពោះករណីឃាតកម្ម ខណៈដែលកម្លាំង សមត្ថកិច្ចរបស់លោក បាននឹងកំពុងសួរនាំ សាក្សី និងស្រាវជ្រាវករណីនេះ យ៉ាងយក ចិត្ដទុកដាក់តាមជំនាញរបស់ខ្លួន ដើម្បីឈាន ទៅដល់ការចាប់ខ្លួនឃាតកពិតប្រាកដ ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បាន បញ្ជាក់ថា កន្លងទៅ នៅក្នុងវត្ដព្រះពុទ្ធមាន សេរី កើតមានរឿងឈ្លោះទាស់ទែងគ្នាដែល ព្រះចៅអធិការវត្ដ ក៏ជាតួអង្គជាប់ពាក់ព័ន្ធ នៅក្នុងជម្លោះនេះដែរ ហេតុដូច្នេះហើយទើប សមត្ថកិច្ច សន្និដ្ឋានថា ជាអំពើឃាតកម្មផ្ដើម ចេញពីរឿងគំនុំ ៕