ជីកកកាយដីរករ៉ែមាស នៅខេត្តមណ្ឌលគីរីដោយខុសច្បាប់ ត្រូវសមត្ថកិច្ចបិទភ្នែកមើលមិនឃើញ (មានវីដេអូ)
មណ្ឌលគិរី ៖ ករណីរ៉ែលោហៈ រ៉ែថ្មសំអាង(រ៉ែមាស) នៅ ខេត្តមណ្ឌលគិរីកំពុងក្លាយជាចំណុចរសើបបំផុតដោយតែមានមេការរបស់ ក្រុមហ៊ុនម្នាក់ឈ្មោះ មាស ស៊ីណា ហៅឌីស៊ីណា កាន់អាជ្ញាប័ណ្ណក្រុមហ៊ុនចំនួន៣ដើម្បីធ្វើការសិក្សាស្រាវជ្រាវតែ ផ្ទុយទៅវិញត្រូវបានមេការរូបនេះបន្ទាប់ពីបានសិក្សារួចហើយធ្វើការ លក់ទីតាំងដីមានរ៉ែមាសទៅឲ្យជនជាតិបរទេស និងខ្មែរមួយចំនួនដែលជាអ្នកមានជីកកកាយនិងនាំគ្រឿងចក្ររាប់សិបរយ គ្រឿងដោយខុសច្បាប់ផងដែរចូលទៅទីតាំងនោះ។
សេចក្ដីរាយការណ៍ របស់សមត្ថកិច្ចឲ្យដឹងថា លោក មាស ស៊ីណា ហៅឌីស៊ីណានេះគេឃើញវត្តមានជាច្រើនឆ្នាំមកហើយនៅខេត្តមណ្ឌលគិរី នេះ ជំនាញរបស់គាត់គឺរ៉ែមាសត្រូវបានគេដឹងច្បាស់ថានៅខេត្តមណ្ឌលគិរី ដូចជានៅស្រុកពេជ្រដា ស្រុកកោះញែក ទីតាំងជាច្រើនចំណុចដូចជានៅភ្នំង៉ត យ៉ាំងប៉ និងអូរង៉េះ ទីតាំងខ្លឹមៗខាងលើនេះគឺសុទ្ធតែទីតាំងមានរ៉េលោហៈ(រ៉ែមាស) ត្រូវ បានឌីស៊ីណាលក់ឲ្យមនុស្សជាច្រើនដែលមានលទ្ធភាពជីកកកាយរកមាស ថែមទាំងលក់ទីតាំងដែលគេសិក្សាឃើញថា មានរ៉ែមាសឲ្យជនជាតិវៀតណាមយកលុយដាក់ហោប៉ៅស្ទើរក្លាយជាឧកញ៉ាទៅ ហើយ។
ប្រភព បានបន្ដទៀតថា លោក មាស ស៊ីណា ហៅឌីស៊ីណានេះបានដើរអួតក្អេងក្អាងពេញខេត្តមណ្ឌលគិរីថាពុំមាន នរណាហ៊ានធ្វើអ្វីរូបគេទេ ព្រោះគេមានខ្នងក្រាស់ណាស់។ ប្រជាពលរដ្ឋបានសំដែងនូវការមិនសប្បាយចិត្តទាល់តែសោះនៅពេលដែលឃើញ សកម្មភាពនិងទង្វើគ្រប់ទីកន្លែងសុទ្ធតែត្រូវបានឌីស៊ីណាយកទៅ ធ្វើអាជីវកម្មបែបនេះផ្ទាល់ខ្លួនទៅវិញនោះ។ មិនតែប៉ុណ្ណោះទេលោក មាស ស៊ីណា ហៅឌីស៊ីណាត្រូវបានគេដឹងថា អនុញ្ញាតឲ្យគ្រឿងចក្រជាច្រើនគ្រឿងរបស់វៀតណាមនាំចូលតាមច្រករបៀង ការពារព្រំដែនប៉ុស្ដិ៍៣នៅស្រុកកោះញែកដើម្បីជីកកកាយនិងធ្វើ អាជីវកម្មរ៉ែមាសដោយខុសច្បាប់ថែមទៀតផង ដោយមានការសហការជាមួយលោកប្រធានប៉ុស្ដិ៍៣ ម្នាក់ឈ្មោះ ម៉ាយ ម៉ៅ ហៅប្រឹម ជាយោធាព្រំដែននៅទីនោះក្រោមការគ្រប់គ្រងរបស់លោកប្រធានគ.៣ ឈ្មោះ សាំង កុសល់ ហើយសាំង កុសល់ នេះក្រោមការគ្រប់គ្រងរបស់លោក អ៊ុំ សុវណ្ណ ជាមេបញ្ជាការវរសេនាតូចយោធាការពារព្រំដែនលេខ១០៣។ សេចក្ដីរាយការណ៍ចុងក្រោយដែលអ្នកឆ្លងឆ្លើយព័ត៌មានកាសែតកម្ពុ ជាថ្មីទទួលបានពីមន្ដ្រីយោធាវរការពារព្រំដែនលេខ១០៣ សូមមិនបញ្ចេញឈ្មោះម្នាក់ប្រាប់ឲ្យដឹងថា នៅចុងសប្ដាហ៍ទី១ខែវិច្ឆិកា ឆ្នាំ២០១៣នេះសមត្ថកិច្ចបានធ្វើការឃាត់បានគ្រឿងចក្រមិនតិចជាង៥ គ្រឿងនោះឡើយ នាំចូលពីប្រទេសវៀតណាមច្រករបៀងការពារព្រំដែនប៉ុស្ដិ៍៣ ក្នុងនោះត្រូវបានគេសង្ស័យថា លោកឌីស៊ីណា និងលោកប្រធានប៉ុស្ដិ៍៣ឈ្មោះ ម៉ាយ ម៉ៅ ហៅប្រឹម ជាអ្នកអនុញ្ញាតឲ្យចូលដោយខុសច្បាប់ ហើយករណីនេះគេពុំទាន់ដឹងច្បាស់ថា តើលោក មាស ស៊ីណា ហៅឌីស៊ីណា និងលោកប្រធានប៉ុស្ដិ៍៣នេះមានការពាក់ព័ន្ធជាមួយមន្ដ្រីណាខ្លះ ទៀតនោះឡើយ។ ប្រជាពលរដ្ឋបាននាំគ្នាសំណូមពរឲ្យអាជ្ញាធរថ្នាក់ជាតិជួយ ស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធពិតប្រាកដឲ្យឃើញផង។
ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើនេះកម្ពុជាថ្មីបានព្យាយាមសុំ ការបំភ្លឺពីលោក មាស ស៊ីណា ដែរប៉ុន្ដែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានទេ។ លោក សាន់ ដារិទ្ធ ប្រធានមន្ទីរឧស្សាហ៍កម្មរ៉ែ និងថាមពលខេត្តបានបញ្ជាក់ប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកាសែតកម្ពុ ជាថ្មីប្រចាំខេត្តមណ្ឌលគិរីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង៩និង៤៣នាទីព្រឹកនេះថា លោកបានដឹងថា លោកឌីស៊ីណានេះជាមេការក្រុមហ៊ុនចំនួន៣មានអាជ្ញាប័ណ្ណនៅ ខេត្តមណ្ឌលគិរីនេះមែន ប៉ុន្ដែគឺជាក្រុមហ៊ុនត្រឹមតែសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ តែបើបុគ្គលរូបនេះប្រព្រឹត្តឬអនុវត្តន៍លើសពីការកំណត់របស់ច្បាប់ អនុញ្ញាតទុកឲ្យបុគ្គលនោះជាអ្នកទទួលរីឯគ្រឿងចក្រដែលសមត្ថកិច្ច ធ្វើការឃាត់កាលពីពេលថ្មីៗនេះនៅស្រុកកោះញែកនោះលោកប្រធានមន្ទីរ រូបនោះនិយាយប្រាប់ថា ទង្វើទាំងនោះគឺជារឿងខុសច្បាប់ទាំងស្រុងហើយ ព្រោះការនាំចូលតាមចក្ររបៀងដោយពុំបានការអនុញ្ញាតពីមន្ដ្រីគយ និងជំនាញទេនោះ គឺខុសច្បាប់រឹតតែខ្លាំងទៅទៀត៕