អាជ្ញាធរខេត្តស្ទឹងត្រែងរងការចោទថារឹបអូសសត្វក្របីពលរដ្ឋខុសនីតិវិធី
ប្រជាពលរដ្ឋពីរគ្រួសាររស់នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា អំពាវនាវសុំអាជ្ញាធរខេត្ត និងស្ថាប័នតុលាការ ផ្តល់យុត្តិធម៌ដល់ពួកគាត់ ដោយសារតែមន្ត្រីកងរាជអាវុធហត្ថខេត្តបានបំពេញភារកិច្ចខុសនីតិវិធី រំលោភសិទ្ធិពលរដ្ឋ និងរំលោភច្បាប់ស្ដីពីការបង្ក្រាបបទល្មើស។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថមួយក្រុម កាលពីវេលាម៉ោង ៦ និង ៣០នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ បានចាប់យកក្របី ៤ក្បាល របស់ពួកគាត់ ក្នុងបទចោទថា ពួកគាត់ជាអ្នកទទួលផលចោរកម្ម។ ហើយមួយថ្ងៃបន្ទាប់មក សមត្ថកិច្ចដដែលបានចូលទៅផ្ទះប្រជាពលរដ្ឋ រឹបអូសគោយន្តមួយគ្រឿង ក្របី ២៣ក្បាលទៀត ដោយគ្មានដីការបស់តុលាការ និងចាប់ខ្លួនអ្នកភូមិពីរនាក់ រួមទាំងតាមរកចាប់ខ្លួនអ្នកភូមិម្នាក់ផ្សេងទៀត។
ជនជាប់ចោទឈ្មោះ ស្វាយ សាវឿ មានប្រសាសន៍បញ្ជាក់ថា គាត់ និងអ្នកភូមិម្នាក់ទៀតឈ្មោះ សួង លីសិត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃុំខ្លួន ខណៈពួកគាត់បានយកលិខិតបញ្ជាក់អត្តសញ្ញាណក្របី ដែលអ្នកភូមិបានលក់ និងមានអាជ្ញាធរភូមិឃុំបញ្ជាក់ទទួលស្គាល់ការលក់ក្របីនេះ ជូនសមត្ថកិច្ចកងរាជអាវុធហត្ថ។ លោកបន្តថា សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃុំខ្លួនលោក និងអ្នកភូមិម្នាក់ទៀត ជាង ៥ថ្ងៃ ទើបបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត៖ «គេរំលោភគេដាក់យើងពីបទលួច។ គេសួរចម្លើយក្របីទិញពីឈ្មោះអ្វីៗ ទិញក្របីមួយតម្លៃប៉ុន្មានៗ ខ្ញុំប្រាប់តម្លៃគេទាំងអស់ ទូទៅខ្ញុំមកទិញក្របីស្នាក់នៅផ្ទះប៉ូលិស មិនដាក់ចោលតាមព្រៃតាមផ្សៃទេ»។
ចំណែកស្ត្រីឈ្មោះ ប៊ុន ចន្ធូ ជាភរិយាជនជាប់ចោទឈ្មោះ កែវ រស់ មានប្រសាសន៍បញ្ជាក់ថា ប្ដីរបស់គាត់ជាអ្នកប្រមូលទិញក្របីមួយរូបក្នុងចំណោមគ្នាបីនាក់ គឺមានការអនុញ្ញាតពីមន្ត្រីអាជ្ញាធរមូលដ្ឋាន។ ចំណែកក្របីដែលប្ដីអ្នកស្រីទិញ គឺមានម្ចាស់ក្របីទទួលស្គាល់ត្រឹមត្រូវ ក៏ប៉ុន្តែក្រុមកងរាជអាវុធហត្ថ បានធ្វើសកម្មភាពរំលោភច្បាប់គំរាមកំហែងប្រើអំណាចរឹបអូសយកក្របីដោយបង្ខំ៖ «គេហៅទៅកន្លែងប៉េអិម ថាឲ្យយកសំបុត្រទៅមើលទៅដល់គេដាក់ខ្នោះយក យកទៅផ្ទះ ប៉ុន្តែយកដូចប្លន់អ៊ីចឹង មកគំរាមកំហែង»។
ឆ្លើយតបការចោទនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ទៀង វ៉ាន់ឌី បានបដិសេធថា សមត្ថកិច្ចអាវុធហត្ថមិនបានរំលោភនីតិវិធីបង្ក្រាបនោះទេ។ លោកបញ្ជាក់ថា ការបង្ក្រាបលើកទីមួយ ជាបទល្មើសជាក់ស្តែង ហើយសកម្មភាពបង្ក្រាបលើកទីពីរ សមត្ថកិច្ចមានបទបញ្ជាពីមន្ត្រីអយ្យការមុនម៉ោង ៦រសៀល៖ «លើកទី១ ឡើងពីកំពង់ដ ក្នុងពេលនោះវាយប់ហើយ ដោយសារមានបណ្ដឹងពីពលរដ្ឋបទល្មើសជាក់ស្តែង ព្រះរាជអាជ្ញាគាត់បានបញ្ជាឲ្យខ្ញុំទៅ»។
របាយការណ៍របស់អធិការប៉ូលិសស្រុកថាឡាបរិវ៉ាត់ លោក អ៊ីវ លឿ ជម្រាបជូនអភិបាលខេត្តស្ទឹងត្រែង ជួយរកយុត្តិធម៌កាលពីថ្ងៃទី២ ខែវិច្ឆិកា បញ្ជាក់ថា ក្រុមកងរាជអាវុធហត្ថពិតជាបានគំរាមកំហែងប្រជាពលរដ្ឋ និងចាប់រឹបអូសក្របី និងគ្រឿងយន្តប្រជាពលរដ្ឋ ដែលមានលិខិត និងមានម្ចាស់បញ្ជាក់ថា បានលក់ក្របីមែន។
ទោះជាយ៉ាងនេះក្តី មេធាវីការពារក្តីជនជាប់ចោទ លោក ម៉ៅ សារី មានប្រសាសន៍បញ្ជាក់ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង លោក សា សារុន កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា បានសម្រេចឲ្យប្រជាពលរដ្ឋជាជនជាប់ចោទ ២នាក់ នៅក្រៅឃុំបណ្ដោះអាសន្ន និងរៀបចំប្រគល់ក្របីចំនួន បីក្បាលទៅឱ្យជនជាប់ចោទឈ្មោះ ស្វាយ សាវឿ នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះ។ លោកបន្តថា ចំណែកក្របី ២៤ក្បាលទៀត ចៅក្រមរង់ចាំអ្នកទិញក្របីម្នាក់ទៀតឈ្មោះ កែវ រស់ ចូលខ្លួនមកបំភ្លឺពាក់ព័ន្ធការទិញក្របីនេះ៖ «ទស្សនៈខ្ញុំជាមេធាវី តាមផ្លូវច្បាប់យល់ឃើញថា វាមិនគប្បីទៅយកទេ ទាល់តែមានសិទ្ធិស្នើពីតុលាការត្រឹមត្រូវ។ ការទៅយកបែបនេះ ហាក់បីដូចរំលោភសិទ្ធិពលរដ្ឋតាមផ្លូវច្បាប់»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា សកម្មភាពរឹបអូសទ្រព្យសម្បត្តិ ឬវត្ថុតាងបទល្មើស ត្រូវមានដីការបស់តុលាការ៕
ប្រភពពី វិទ្យុអាស៊ីសេរី
