នាយក​និង​គ្រូ​បង្រៀន​នៅ​ឆ្នុកទ្រូ​រង​ការ​ចោទ​ថា​មិន​ខ្វល់​ពី​ការ​បង្រៀន​សិស្ស

11/25/2013 0 Comments A+ a-

image (11)ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មួយ​ចំនួន​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ប្រកាន់​នាយក និង​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា ឆ្នុកទ្រូ ថា​មិន​ខ្វល់ខ្វាយ​នឹង​ការ​បង្រៀន​សិស្ស។
ក្រៅ​ពី​មិន​បង្រៀន​សិស្ស នាយក​សាលា​បាន​ប្រើប្រាស់​កាណូត​ចំនួន ២​គ្រឿង គឺ​កាណូត​ប្រើ​ប្រេង​ម៉ាស៊ូត ១​គ្រឿង និង​ប្រើ​សាំង ១​គ្រឿង ជា​ជំនួយ​របស់​ក្រសួង​អប់រំ សម្រាប់​ដឹក​ជញ្ជូន​សិស្ស និង​គ្រូ​ទៅ​សាលា​រៀន ឆ្លៀត​យក​ទៅ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។
00:00
00:00
កត្តា​នេះ បណ្ដាល​ឲ្យ​កាណូត​ខូច​ជា​ប្រចាំ ហើយ​សិស្សានុសិស្ស​ជាច្រើន​នាក់​តែង​តែ​ខកខាន​មិន​បាន​ទៅ​រៀន​សូត្រ។
អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ថា ពួក​គាត់​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​អនាគត និង​ការ​មិន​ចេះ​អក្សរ​របស់​កូន​ចៅ ដោយសារ​តែ​ទង្វើ​ខុស​ឆ្គង​របស់​ថ្នាក់​ដឹក​នាំ​សាលា និង​មាន​គ្រូ​បង្រៀន​ខ្លះ​បាន​សរសេរ​អក្សរ​នៅ​លើ​ក្ដារ​ខៀន​ចោល រួច​ដើរ​ផឹក​ស្រា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​បង្រៀន​សិស្ស​ឡើយ។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ឆ្នុកទ្រូ លោក សូរ ហ៊ឺយ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​លោក​មាន​កូន​ចំនួន ៤​នាក់ រៀន​នៅ​សាលា​បឋម​សិក្សា​ឆ្នុកទ្រូ ហើយ​លោក​ចង់​ប្ដូរ​សាលា​ឲ្យ​កូន​ទៅ​រៀន​នៅ​សាលា​ផ្សេង​វិញ ដោយសារ​តែ​គ្រូ​មិន​បាន​បង្រៀន​កូន​របស់​គាត់​ឲ្យ​បាន​ជាប់​លាប់។ ម្យ៉ាង មាន​ការ​លំបាក​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន៖ «ពិបាក​តាំង​ពី​ទូក​ឆ្លង​ទៅ។ កាល​ពី​កន្លង​មក យើង​ទៅ​រៀន​វា​មាន​ទូក ឥឡូវ​ដល់​ពេល​ទូក​គេ​យក​ធ្វើ​អាជីវកម្ម​ក្រៅ​ផង យក​មក​ដឹក​សិស្ស​ផង ដល់​ពេល​ខូច​ទៅ​វា​អត់​មាន​ទូក​ចម្លង​សិស្ស​ទៅ។ ទើប​តែ​រយៈពេល​ប្រហែល​ជា ៤ ទៅ ៥​នេះ សិស្ស​បើ​អ្នក​ណា​រក​ទូក​បាន​ជិះ​ចាំ​ទៅ បើ​អ្នក​ណា​មិន​បាន​ទៅ​ទេ ឲ្យ​រក​ទូក​ជិះ​ខ្លួន​ឯង​ទៅ តែ​គ្រូ​ទេ​អត់​ឲ្យ​សិស្ស​ទៅ​ទេ»
សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ឆ្នុកទ្រូ ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បន្ថែម​ថា ប្រសិន​បើ​មន្ត្រី​ថ្នាក់​លើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​សកម្មភាព​ខុស​ឆ្គង​របស់​នាយក និង​គ្រូ​បង្រៀន​នេះ​បន្ត​កើត​មាន​ទៀត​នោះ បញ្ហា​អនក្ខរភាព​នៅ​ទូទាំង​ស្រុក​បរិបូរណ៍ មាន​តែ​នៅ​ឃុំ​ឆ្នុកទ្រូ ទេ​ដែល​ប្រឈម​ខ្លាំង​ជាង​គេ។
ទាក់ទង​នឹង​បញ្ហា​នេះ នាយក​សាលា​បឋម​សិក្សា ឆ្នុកទ្រូ លោក យង់ គឹមសេង បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់​មក​លើ​រូប​លោក និង​គ្រូ​បង្រៀន​ផ្សេង​ទៀត ហើយ​លោក​ពន្យល់​ថា បញ្ហា​អាក់​ខាន ឬ​គ្រូ​បង្រៀន​មិន​ទាន់​កម្មវិធី​សិក្សា​របស់​រដ្ឋ ក៏​ព្រោះ​តែ​សិស្សានុសិស្ស​អវត្ដមាន​ជា​ប្រចាំ ដើម្បី​ទៅ​ជួយ​ការងារ​នេសាទ​របស់​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល គឺ​មិន​បណ្ដាល​មក​ពី​កាណូត​ធ្វើ​ដំណើរ ឬ​គ្រូ​បង្រៀន​នោះ​ទេ៖ «បាទ! ទើប​តែ​ខូច​ប្រហែល​ជា ១​អាទិត្យ (១​សប្ដាហ៍) ទេ​ក្មួយ ហើយ​ខ្ញុំ​កំពុង​តែ​ដាក់​នៅ​ផ្ទះ​ជាង មិន​ទាន់​អូស​ចេញ​ពី​ផ្ទះ​ជាង​ទេ ព្រោះ​ជាង​គេ​ថា ប្រហែល​ជា​ម៉ា​ហើយ​អស់ ៥០​ដុល្លារ ព្រោះ​គ្រឿង​នៅ​ឆ្នុកទ្រូ នេះ អត់​មាន​ទេ ទាល់​តែ​នៅ​ភ្នំពេញ។ ហើយ​ខ្ញុំ​វា​អត់​មាន​លុយ​នៅ​ក្នុង​សាលា​ទេ នេះ​កំពុង​គិតគូរ​រាប់​លុយ​ក្នុង​ទូរ​ខ្លួន​ឯង​ណេះ ដើម្បី​យក​ទៅ​ឲ្យ​ជាង​យក​ទៅ​ទិញ ដើម្បី​បាន​ដំណើរ​ការ ហើយ​អា​តូច​ខ្ញុំ​ហ្នឹង ខ្ញុំ​ទៅ​ដឹក​គ្រូ​សព្វថ្ងៃ​នេះ ប្រសិន​បើ​សិស្ស​អត់​បាន​ដឹក​ទេ ខ្ញុំ​ឲ្យ​គេ​ដោះស្រាយ​រៀង​ខ្លួន»
លោក​បញ្ជាក់​ថា នៅ​សាលា​បឋម​សិក្សា ឆ្នុកទ្រូ មាន​គ្រូ​បង្រៀន​ចំនួន ៩​នាក់ និង​សិស្សានុសិស្ស​ចំនួន ៤០០​នាក់ ក៏ប៉ុន្ដែ​ភាគ​ច្រើន​នៃ​សិស្ស​ទាំង​នោះ មិន​បាន​មក​រៀន​ជាប់​លាប់​នោះ​ទេ។
ទោះ​ជា​យ៉ាង​ណា អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​នឹង​ឲ្យ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ចុះ​ទៅ​ត្រួត​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ ដោយសារ​តែ​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង។
យោង​តាម​របាយការណ៍​របស់​សាលា​ឃុំ​ឆ្នុកទ្រូ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញ​ថា មេ​ឃុំ​ឆ្នុកទ្រូ លោក សំរិទ្ធិ ផេង បាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​នៅ​របាយការណ៍​មួយ ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១២ យល់​ស្រប​ទៅ​លើ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នាយក​សាលា​បឋម​សិក្សា​ឆ្នុកទ្រូ ឈ្មោះ យង់ គឹមសេង ដោយ​បាន​លើក​ឡើង​នូវ​ចំណុច​ខុស​ឆ្គង​របស់​នាយក​សាលា​រូប​នោះ​ជា​ច្រើន ដូច​ជា ការ​នាំ​ក្រុម​គ្រួសារ​ទៅ​រស់​នៅ និង​លក់​ដូរ​នំ​ចំណី​ផ្ដាច់​មុខ​នៅ​ក្នុង​សាលា​រៀន និង​ការ​គ្រប់គ្រង​គ្រូ​បង្រៀន​មិន​បាន​ត្រឹមត្រូវ​ជា​ដើម។
ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ការ​ស្នើសុំ​ផ្លាស់​ប្ដូរ​នាយក​សាលា​រូប​នេះ​ចេញ​មិន​បាន​សម្រេច ក៏​កើត​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​រវាង​នាយក​សាលា និង​ជំទប់​ទី​១ ឃុំ​ឆ្នុកទ្រូ ពី​បទ​បរិហារកេរ្តិ៍​ទៅ​ដល់​តុលាការ​ទៀត​ផង៕
ប្រភពពី វិទ្យុអាស៊ីសេរី