សមាគមគ្រូស្នើក្រសួងអន្តរាគមន៍លោកគ្រូម្នាក់ឲ្យបង្រៀនសាលាក្បែរផ្ទះនៅតាកែវ
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បន្តថា ក្រោយពីមានការផ្សព្វផ្សាយថា គ្រូនៅខេត្តតាកែវ ចំនួន ៤នាក់ ត្រូវបានផ្លាស់ប្ដូរឲ្យទៅធ្វើការនៅសាលាដែលមានចម្ងាយជិត ១០០គីឡូម៉ែត្រពីផ្ទះ ដោយសារពួកគាត់បានគាំទ្រគណបក្សសង្គ្រោះជាតិ មក មន្ត្រីក្រសួងអប់រំ បានចុះសិក្សា ហើយបានយល់ព្រមឲ្យគ្រូទាំង ៤នាក់ រើសសាលាដែលនៅជិតផ្ទះ ដើម្បីធ្វើការ។
លោកថា នៅថ្ងៃទី៥ ខែវិច្ឆិកា លិខិតបង្គាប់ការពីមន្ទីរអប់រំខេត្តតាកែវ បានឲ្យគ្រូចំនួន ៣នាក់ ទទួលបានសាលាបង្រៀនតាមការរើស។ ដោយឡែកតែលោកគ្រូ ឃ្លាំង ចាន់តារ៉ា នៅតែត្រូវទៅបង្រៀននៅសាលាបឋមសិក្សាអង្គុញ ដែលឆ្ងាយពីផ្ទះដល់ ៨៥គីឡូម៉ែត្រដដែល៖ «គឺបន្ទាប់ពីក្រសួងចុះទៅអន្តរាគមន៍ហ្នឹង ហើយក្រសួងឲ្យជ្រើសរើសសាលានៅជិតហ្នឹង។ ដល់ពេលពួកគាត់បានជ្រើសរើសទៅ ២នាក់បានផ្តល់ដំណោះស្រាយ ប៉ុន្តែម្នាក់ទៀត គ្រូ ឃ្លាំង ចាន់តារ៉ា ត្រូវបានពង្រាយទៅសាលាឆ្ងាយដដែល ហ្នឹងដែលជាបញ្ហា។ ឥឡូវយើងដាក់លិខិតជូនឲ្យក្រសួងអន្តរាគមន៍បន្តទៀតហើយ ពីព្រោះខាងមន្ទីរគេអត់បានគោរពទៅតាមក្រសួងដែលបានទៅសម្របសម្រួលហ្នឹងទេ»។
លោកគ្រូ ឃ្លាំង ចាន់តារ៉ា អះអាងថា គាត់មិនអាចទៅធ្វើការសាលាឆ្ងាយពីផ្ទះទេ ព្រោះប្រាក់ខែគ្រូមិនអាចយកទៅទិញសាំងចាក់ម៉ូតូទៅបង្រៀននៅសាលាបឋមសិក្សាអង្គុញ ធ្វើដំណើរទៅមកចម្ងាយ ៨៥គីឡូម៉ែត្របានទេ។ ម្យ៉ាងទៀត សាលានៅឆ្ងាយពីផ្ទះ គាត់អាចធ្វើដំណើរទៅបង្រៀនមិនទាន់ពេល នាំឲ្យមានកំហុសការងារ។ ទន្ទឹមនោះ គាត់ត្រូវជួលផ្ទះគេស្នាក់នៅកន្លែងថ្មីទៀត។ គាត់សុំឲ្យមន្ទីរអប់រំខេត្តតាកែវ នៅពេលពង្រាយគ្រូ គួរមើលប្រាក់ខែគ្រូម្នាក់ៗ ដែលរដ្ឋាភិបាលផ្តល់ឲ្យប្រចាំខែផង។
អនុប្រធានមន្ទីរអប់រំខេត្តតាកែវ លោក អ៊ុយ សំអាត ថ្លែងថា នឹងពិភាក្សាជាមួយប្រធានមន្ទីរ ជុំវិញការតវ៉ារបស់លោកគ្រូ ឃ្លាំង ចាន់តារ៉ា ដែលតម្រូវឲ្យទៅបង្រៀនសាលាឆ្ងាយពីផ្ទះ៕
ប្រភពពី វិទ្យុអាស៊ីសេរី
