បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បើក​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ

11/27/2013 0 Comments A+ a-

villagers_PL_450បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ប្រមាណ ៥០០​នាក់ ចាប់​ផ្ដើម​បើក​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​រយៈពេល ៥​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ​ទៅ​ដល់​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣។
លោក សេង សុខហេង អ្នក​សម្រប​សម្រួល​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា មូលហេតុ​ដែល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​នៅ​ពេល​នេះ គឺ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ បាន​កក្រើក​ឡើង​វិញ​យ៉ាង​ខ្លាំង ដោយ​អ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់​មួយ​ចំនួន ឆក់​ឱកាស​ក្នុង​ពេល​នយោបាយ​ជាប់​គាំង លួច​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ ដើម្បី​ជួញ​ដូរ។
លោក សេង សុខហេង មាន​ប្រសាសន៍​ថា៖ «យើង​ចេញ​ដំណើរ​ចូល​ព្រៃ​ថ្ងៃ​នេះ។ ខ្ញុំ​ក៏​ចេញ​ទៅ​ដែរ យើង​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ខ្លះ​ជិះ​ម៉ូតូ យើង​វេច​អង្គរ​ដាក់​ស្បៀង​តាម​ខ្លួន យប់​ត្រង់​ណា​សម្រាក​ត្រង់​ហ្នឹង។ យើង​រក​កន្លែង​ណា​សមរម្យ​ដែល​មាន​ទឹក​ដើម្បី​សម្រាក។ យើង​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព​ដែរ តែ​ធ្វើ​ម៉េច? បើ​យើង​មិន​ការពារ​ព្រៃ​នេះ កូន​ចៅ​យើង​ជំនាន់​ក្រោយ​មិន​មាន​អី​ទី​ពឹង​ទេ»
សេចក្ដី​ប្រកាស​ព័ត៌មាន​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ចុះ​ថ្ងៃ​ទី​២៧ វិច្ឆិកា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ការពារ​ព្រៃ​ឡង់​ទាំង ៥០០​នាក់​នោះ មក​ពី​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដែល​ជា​ខេត្ត​ស្ថិត​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់។
យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា ថ្នាក់​ដឹក​នាំ​បក្ស​របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៃ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​១២ ធ្នូ ខាង​មុខ​នេះ។
សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​បន្ថែម…
ប្រភពពី វិទ្យុអាស៊ីសេរី