បក្ស​សង្គ្រោះ​ជាតិ​​​នឹង​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​បើគ្មាន​​ការ​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត

11/27/2013 0 Comments A+ a-

image (4)លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា មាន​ប្រសាសន៍​ថា គណបក្ស​នឹង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។
យុទ្ធសាស្ត្រ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ក្រោយ​ពេល​គណបក្ស​នេះ គ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​ជា​បន្ត​ទៀត​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ៖ «ថ្ងៃ​ទី​១០ ធ្នូ នេះ ជា​មហា​បាតុកម្ម​មួយ​ដែល​​យើង​នឹង​ផ្ញើ​សារ​នយោបាយ​ទៅ​រដ្ឋាភិបាល ទៅ គ.ជ.ប ឲ្យ​បាន​ជ្រាប​ថា យើង​ទាមទារ​រក​ការ​ពិត ហើយ​បើ​មិន​រក​ការ​ពិត​ឲ្យ​យើង​ទេ គឺ​យើង​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ អត់​មាន​ចាំ​ដល់​ដាច់​អាណត្តិ​ទេ កែ​ទម្រង់​ដើម្បី​បោះ​ឆ្នោត។ បើ​សិន​យើង​ទាមទារ​រក​យុត្តិធម៌​មិន​បាន យើង​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ ហើយ​បើ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​មិន​បាន​ទៀត យើង​មាន​យុត្តិសាស្ត្រ​ចុង​ក្រោយ​ផ្សេង​ទៀត…»
ប្រធាន​ក្រុម​ចរចា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​បើក​ទ្វារ​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កំណត់​ថ្ងៃ​ចរចា​ជា​ថ្មី​ រក​ដំណោះស្រាយ​នយោបាយ​បន្ត​ទៀត។ លោក ព្រំ សុខា បន្ថែម​ទៀត​ថា ការ​ជួប​ចរចា​ជា​ថ្មី​អាច​ធ្វើ​ឡើង​នៅ​ពេល​ណា ឬ​ទី​កន្លែង​ក៏​បាន​ដែរ។
ការ​ប្រកាស​របស់​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​បាតុកម្ម​ជា​ថ្មី​បន្ត​ទៀត ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ តទៅ ដែល​ការ​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​១​សប្ដាហ៍​ម្ដង ហើយ​ធ្វើ​ជា​បន្ត​បន្ទាប់។ គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ជា​ច្រើន​ពេល​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នយោបាយ​ណា​មួយ​ឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី