ក្រសួងគួរព្យួរអាជ្ញាប័ណ្ណរោងចក្រ SL
លោក David Welsh នាយកប្រចាំប្រទេសនៃអង្គការសិទ្ធិពលកម្ម Solidarity Center/ACILS បានថ្លែងថា៖ «វាជារឿងមិនធ្លាប់មានពីមុនមក។ រដ្ឋាភិបាលហាក់ដូចជាប្រថុយប្រថាន»។
បីថ្ងៃបន្ទាប់ពីកូដកម្មសម្លាប់មនុស្សកាលពីថ្ងៃ ទី១២ ខែ វិច្ឆិកា ក្នុងរាជធានីភ្នំពេញ ដែលពលរដ្ឋម្នាក់មិនមែនជាកូដករបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើងនគរបាល ក្រសួង ការងារ បានផ្ញើបទបញ្ជាមួយទៅរោងចក្រ SL ដោយបង្គាប់ឲ្យរោងចក្រទទួលយកកម្មករចូលធ្វើការវិញក្នុងរយៈពេល ១៥ថ្ងៃ។ ការយល់ព្រមអនុវត្តតាមដោយក្រុមហ៊ុន SL អាចបញ្ចប់កូដកម្មរយៈពេលជាង ៣ ខែនេះ។
លោក Joseph Kee Leung Lee អភិបាលក្រុមហ៊ុន SL International Holdings បានបដិសេធមិនធ្វើការអត្ថាធិប្បាយតាមទូរស័ព្ទ កាលពីម្សិលមិញទេ។
លោក សាត សាមុត រដ្ឋលេខាធិការក្រសួង ការងារបានថ្លែងថា ឥឡូវនេះ ករណីនេះនឹងទៅតុលាការ។
លោក សាមុត បានថ្លែងអំពីរោងចក្រ SL ថា៖ «វាជាសិទិ្ធរបស់ពួកគេ ប្រសិនបើគេចង់ឲ្យតុលាការដោះស្រាយ។ គេចោទយើងថាបានដាក់សម្ពាធលើនិយោជក និងអ្នកវិនិយោគ ដូច្នេះ ទុកឲ្យគេធ្វើការជាមួយនឹងតុលាការ»។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានថ្លែងថា ប៉ុន្តែ ក្នុងរឿងក្តីការងារ នីតិវិធីតុលាការជាញឹកញាប់គឺគ្មានបានផលទេចំពោះសហជីព ព្រោះតុលាការហាក់ដូចជាផ្អៀងទៅខាងថ្នាក់គ្រប់គ្រង។
ប្រសិនបើក្រសួង ការងារ ចង់បញ្ចប់កូដកម្ម ក្រសួងគួរព្យួរអាជ្ញាប័ណ្ណនាំចេញរបស់រោងចក្រ SL ជាទង្វើដែលនឹងប៉ះពាល់ដល់ក្រុនហ៊ុន ដែលផ្គត់ផ្គង់ឲ្យក្រុមហ៊ុន H&M នៅ ស៊ុយអែត និងក្រុមហ៊ុន Gap Inc. នៅអាមេរិក ដែលអាចធ្វើឲ្យរោងចក្រអនុវត្តតាមបទបញ្ជារបស់ក្រសួង។
លោក តុលា បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា៖ «ខ្ញុំគិតថា ពេលវេលាគឺឥឡូវនេះ ព្រោះវាប្រើរយៈពេលយូរហើយ ដើម្បីដោះស្រាយកូដកម្មរបស់រោងចក្រ SL»។
លោក សាមុត បានថ្លែងថា ខណៈដែលក្រសួង ការងារ អាចប្រើប្រាស់មធ្យោបាយនេះ ក៏ប៉ុន្តែ មន្រ្តីក្រសួងជឿជាក់ថា វានឹងបង្កផលអាក្រក់ជាងផលល្អ។
លោក គង់ អាទិត្យ អនុប្រធាន ស៊ីខៅឌូ ដែលតំណាងកម្មករភាគច្រើននៅរោងចក្រ SL រាប់ទាំងសមាជិក និងសកម្មជនទាំង ១៩ នាក់នោះ បានឯកភាពថា ការព្យួរអាជ្ញាប័ណ្ណនាំចេញរបស់រោងចក្រ SL នឹងមិនមែនជាផលល្អទេ។ ប៉ុន្តែ តាមបទពិសោធរបស់លោក តុលាការកម្ពុជាមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីដោះស្រាយវិវាទការងារទេ។
លោក អាទិត្យ បានបន្តថា ក្នុងរឿងក្តីការងារកន្លងមក តុលាការបានប្រើរយៈពេលជាច្រើនឆ្នាំ ដើម្បីចេញសេចក្តីសម្រេច ហើយពេលសម្រេចឲ្យសហជីពឈ្នះ តុលាការមិនអនុវត្តសាលក្រមទេ។
លោកបានបន្តថា៖ «ខ្ញុំគិតថា ប្រសិនបើគេបញ្ជូនទៅតុលាការ វានឹងមានគ្រោះថ្នាក់ធំ។ រឿងក្តីនេះគឺស្មុគស្មាញណាស់ ហើយតុលាការកម្ពុជាមិនមានឯកទេសលើផ្នែកការងារទេ»។
ដំណោះស្រាយតែមួយគត់ដែលលោក អាទិត្យ មើលឃើញ គឺការបន្តចរចា និងអំពាវនាវឲ្យអ្នកទិញអន្តរជាតិដាក់សម្ពាធលើរោងចក្រ។ ប៉ុន្តែដោយពិចារណាអំពីរបៀបដែលយុទ្ធសាស្រ្តនេះដំណើរការរហូតមកដល់ពេលនេះ សូម្បីតែយុទ្ធសាស្រ្តនេះក៏នៅតែជាមន្ទិលផងដែរ។
លោក អាទិត្យ បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ «ខ្ញុំមានសុទិដ្ឋិនិយម ប៉ុន្តែមិនខ្លាំងទេ»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍