ប៉ូលិសព្រំដែនបើកដៃឲ្យ វៀតណាម កាប់ឈើ
លោក រចំ ខាំ សមាជិកសហគមន៍ការពារព្រៃឈើ ចារ៉ាយ នៅភូមិ ឡំ ឃុំ ប៉ក់ញ៉ៃ ស្រុក អូរយ៉ាដាវ បានឲ្យដឹងថា គណៈកម្មការការពារព្រៃឈើ ៦នាក់ បានឃាត់ខ្លួនជនជាតិ វៀតណាម ពីរនាក់ ពេលកំពុងតែជិះម៉ូតូពីរគ្រឿងដឹកឈើប្រណីត ៤០ដុំ កាលពីល្ងាចថ្ងៃចន្ទ នៅម្តុំព្រៃ ក្រមួងសោម ដែលជាព្រៃការពាររបស់សហគមន៍។
លោកថា៖ «ជនវៀតណាមនោះកាប់ឈើក្នុងព្រៃការពារ ហើយដឹកមួយម៉ូតូៗ ២០ដុំ ទៅ វៀតណាម តែត្រូវក្រុមល្បាតចាប់បានជាមួយម៉ាស៊ីនអារឈើ ១ ផង»។
លោក សេវ ហ្វិញ ប្រធានគណៈកម្មការការពារព្រៃសហគមន៍ភូមិ ឡំ និងជាអ្នកល្បាតព្រៃក្នុងចំណោម ៦នាក់ នោះអះអាងថា ពួកគាត់ឃាត់ជនវៀតណាមនោះមួយសន្ទុះប៉ុណ្ណោះ ហើយបានដកហូតម៉ាស៊ីនអារឈើតែមួយទេ ព្រោះពួកគេមានកាំបិត ខ្លាចពួកគេកាប់តដៃបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរជាងនេះ។
លោក ហ្វិញ និយាយថា៖ «ជន វៀតណាម ថា ប៉ូលិសព្រំដែនច្រក អូរថ្មដា ជាអ្នកឲ្យគេចូលកាប់។ យើងមានគ្នាតិច មិនអាចឃាត់គេឈ្នះទេ គេក៏ដឹកឈើចេញទៅ»។ លោកថា កាលពីព្រឹកថ្ងៃអង្គារស្រាប់តែនគរបាលច្រក អូរថ្មដា ៣នាក់ បាននាំជនវៀតណាមម្នាក់ក្នុងពីរនាក់នោះទៅជួបពួកគាត់ សុំសម្រុះសម្រួលយកម៉ាស៊ីនអារឈើនោះទៅវិញ តែសហគមន៍មិនព្រមឲ្យទេ ហើយពួកគេនឹងជួបគ្នានៅថ្ងៃពុធនេះបន្តទៀត។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការ អាដហុក ខេត្ត រតនគិរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ករណីនេះសហគមន៍បានសុំយោបល់លោកហើយនគរបាលព្រំដែនម្នាក់ក៏បានជួបលោកតាមទូរស័ព្ទ ដោយសន្យាឲ្យលុយកាក់ដូរយកម៉ាស៊ីនទៅវិញ។
លោកបញ្ជាក់ថា៖ «ប៉ូលិសមិនជួយចាប់ជនល្មើសវៀតណាមទេ បែរជាជួយគេទៅវិញ។ ជនវៀតណាមមានទោសពីបទឆ្លងដែនខ្មែរខុសច្បាប់និងបទកាប់ឈើខុសច្បាប់»។ លោកថា នគរបាលជាអ្នកអនុវត្តច្បាប់គឺត្រូវតែធ្វើកំណត់ហេតុនាំជនល្មើសបញ្ជូនទៅតុលាការផ្តន្ទាទោស។ ប៉ុន្តែរឿងនេះបែរជានាំជនល្មើសទៅសម្រុះសម្រួលទៅវិញ។ អាដហុក នឹងចុះទៅអង្កេតករណីនេះ។
លោក ម៉ា វិចិត្រ អធិការនគរបាលស្រុក អូរយ៉ាដាវ បានឲ្យដឹងថា សហគមន៍មិនបានសហការជាមួយខាងលោកទេ ដោយបានយកវត្ថុតាងទៅរក្សាទុកខ្លួនឯង។
លោកថា៖ «វរៈព្រំដែន ជាអ្នកនាំវៀតណាមទៅសម្រុះសម្រួល តែបើខាងខ្ញុំវិញ គឺមិនអាចអត់ឱនបានទេ។ ឆ្លងដែនមកកាប់ឈើដីខ្មែរបែបនេះគឺខុសច្បាប់ត្រូវមានទោសបញ្ជូនទៅតុលាការ»។
ប្រធានវរៈការពារព្រំដែន ៦២៣ មិនអាចទាក់ទងសួរនាំករណីនេះបានទេ កាលពីម្សិលមិញ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍