ក្រុមហ៊ុន​កំពុង​កាប់​ដើម​​ជ័រ​ទឹក​​ជនជាតិ

11/27/2013 0 Comments A+ a-

131127_09រតនគិរីៈ ដើម​​​ជ័រទឹក ឬ​ច្បោះ​​ប្រមាណ​ជាង ១ ពាន់​ដើម​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ ក្នុង​ស្រុក លំផាត់ ខេត្ត រតនគិរី ដែល​មាន​ជនជាតិ​ភាគ​តិច​ឡាវ​ជាង ១០០ គ្រួសារ​ពឹង​អាស្រ័យ​លើ​​អស់​រយៈ​ពេល​ជាង ២០ឆ្នាំ មក​ហើយ​នោះ កំពុង​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ។
អ្នក​ភូមិ​ម្នាក់​ឈ្មោះ ដាំ លាន បាន​ថ្លែង​ថា សមាជិក​សហគមន៍​ភាគ​តិច​ឡាវ ៩នាក់ រួម​ទាំង​លោក​ផង បាន​ចុះ​ល្បាត​ព្រៃ​នេះ​កាល​ពី​ម្សិលមិញ​ប្រទះ​ឃើញ​​កម្មករ ១៩នាក់ កំពុង​អារ​រំលំ​ឈើ​ជ័រ ៩ ដើម​លើ​គ្នា។ ពួក​គេ​បាន​រត់​គេច​ពេល​ឃើញ​ពួក​គាត់ ប៉ុន្តែ​ក្រុម​ល្បាត​បាន​ព្យាយាម​រឹប​អូស​យក​បាន​ម៉ា​ស៊ីន ២ គ្រឿង។
លោក លាន និយាយ​ថា៖ «អ្នក​ទាំង​នោះ​អះអាង​ថា ពួក​គេ​កំពុង​កាប់​ដើម​​ជ័រទឹក​​នេះ ឲ្យ​ក្រុមហ៊ុន​មួយ»។
លោក ដាំ លាន បញ្ជាក់​ថា ប្រជាជន​ក្នុង​ភូមិ​ទទួល​ផល​ជ័រ​ពី​ដើម​ឈើ​ទាំង​នេះ​ជាង ២០ឆ្នាំ មក​ហើយ​តែ​ឥឡូវ​ដើម​ឈើ​ទាំង​នេះ​ត្រូវ​គេ​កាប់​ម្តង​មួយៗ។ អ្នក​ភូមិ​ម្នាក់​ទៀត បាន​បន្ត​ថា គាត់​បាន​ទទួល​ប្រាក់​កម្រៃ ៨០ ម៉ឺន​រៀល ពី​ជ័រ​ឈើ​របស់​គាត់​ចំនួន ៥ ដើម។
គាត់​ត្អូញ​ត្អែរ​ថា៖ «ជីវិត​ពួក​យើង​ពឹង​ផ្អែក​លើ​ដើម​ជ័រ​ទឹក​​ទាំង​នេះ។ យើង​បារម្ភ​ថា ​តើ​យើង​នឹង​រស់​នៅ​ដូចម្តេច​ទៅ​នៅ​ពេល​បាត់បង់​ដើម​ឈើ​ទាំង​នេះ»។ គាត់​បន្ត​ថា មួយ​គ្រួសារៗ​មាន​ដើមឈើ​ជ័រ​ពី ២០ ទៅ ៥០ ដើម ហើយ​តែង​យក​ជ័រ​បាន​រៀងរាល់​សប្តាហ៍​។ ដើម​ឈើ ២០ ដើម​ផ្តល់​ជ័រ​បាន ៣០ លីត្រ ហើយ​វា​អាច​លក់​បាន​ប្រាក់​ចំនួន ៥ ម៉ឺន​រៀល។
ដើម​ឈើ ១ ដើមៗ មាន​កម្ពស់​ពី ១៥ ទៅ ២០ ម៉ែត្រ​និង​ទំហំ​ពី ៥០ សង់ទីម៉ែត្រ​ទៅ ១ ម៉ែត្រ។
លោក ដាំ លាន បាន​អះអាង​ដែរ​ថា ដើម្បី​កាប់​ឈើ​នេះ​អ្នក​កាប់​ឈើ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់ ៤០ ម៉ឺន​រៀល ក្នុង ១ ខែ សម្រាប់​ថ្លៃ​រណារ​បង់​ឲ្យ​មន្រ្តី​តំបន់​អភិរក្ស​សត្វ​ព្រៃ និង ៤០ ម៉ឺន​រៀល​​​ទៀត​សម្រាប់​ថ្លៃ​ឡាន​ដឹក​ឈើ​នោះ។
អ្នក​ភូមិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ការ​កាប់​ឈើ​ជ័រ​គាត់​ទាំង​នេះ។
លោក សុវណ្ណ ប៊ុនថៃ ជំនួយការ​នៅ​អង្គការ អាដហុក ប្រចាំ​ខេត្ត ដែល​ចុះ​ទៅ​ព្រៃ​នេះ​ជាមួយ​សហគមន៍​បាន​ប្រាប់​ថា ដី​ព្រៃ​នេះ​ត្រូវ​​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន Daun Penh Agrico ដែល​គេ​កំពុង​តែ​ឈូស​ឆាយ​ព្រៃ​ដែល​សហគមន៍​រស់​អាស្រ័យ​ជាច្រើន​ឆ្នាំ​មក​ហើយ។
លោក​បន្ត​ថា៖ «ការ​ផ្តល់​សម្បទាន​ដី​គឺ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជនជាតិ​ភាគ​តិច​ឡាវ»។
លោក ថន សារ៉ាត អនុ​ប្រធាន​​រដ្ឋបាល ផែនការ ​និង​ហិរញ្ញវត្ថុ នៃ​ក្រសួង កសិកម្ម បាន​ថ្លែង​ថា ច្បាប់​ព្រៃ​ឈើ​មិន​អនុញ្ញាត​ឲ្យ​នរណា​កាប់​ដើម​ជ័រ​ទេ ពីព្រោះ​វា​មាន​ប្រយោជន៍​​ច្រើន​​សម្រាប់​ជីវភាព​ប្រជាជន​និង បរិស្ថាន។
លោក​បន្ត​ថា៖ «វា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាប់​ឈើ​ជ័រ​ទេ បើ​ទោះ​ជា​វា​ស្ថិត​នៅ​ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​ក៏​ដោយ។ ដើម​ឈើ​​ប្រភេទ​​នេះ​ធំ វា​ផលិត​ជ័រ​សម្រាប់​ប្រជាជន​របស់​យើង»។
លោក​បន្ត​ថា៖ «ដូច្នេះ​ហេតុ​អ្វី​យើង​កាប់​វា ហើយ​គ្រាន់​តែ​ដាំ​កៅស៊ូ?»៕