ចោរប្រដាប់កាំភ្លើងអាកា ប្លន់ផ្ទះអ្នកលក់សាំងយកបានជិត១ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ ចោរប្លន់ប្រដាប់ដោយកាំភ្លើងអាកា ១ក្រុម បានចូលប្លន់យកទ្រព្យសម្បត្តិ អាជីវករលក់ប្រេងសាំងមួយ កន្លែង ដោយចាប់ម្ចាស់ផ្ទះចងដៃចងជើង និងវាយបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចប្រមូលយកបានលុយ និងគ្រឿងអលង្ការ សរុបចំនួនជិត១ម៉ឺនដុល្លារ ព្រមទាំងចាប់យកទាពីរបីក្បាលផង ទើបគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១៦ វិច្ឆិកា នៅផ្ទះលក់ប្រេងសាំងមួយ ស្ថិតនៅតាមបណ្តោយផ្លូវបែកចាន -ភ្នំប្រសិទ្ធ ក្នុងភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវចោរចងដៃចងជើង និងវាយឱ្យរបួសធ្ងន់នោះឈ្មោះ ទឹង ចាន់នឿន អាយុ៣១ឆ្នាំ បានរងរបួសក្បាល និងខ្លួនប្រាណ ។ ចំណែកឯប្តីឈ្មោះ សែម ចំរើន អាយុ៣៥ឆ្នាំ មិនបានរងរបួសទេ ។ ក្នុងអំពើប្លន់នេះបានបាត់បង់ទ្រព្យសម្បត្តិមាន ប្រាក់រៀលចំនួន១៨លានរៀល ប្រាក់ដុល្លារអាមេរិក ចំនួន៣២០០ដុល្លារ និងគ្រឿងអលង្ការមាស និងប្លាទីនតម្លៃជាង១ពាន់ដុល្លារ ទូរស័ព្ទដៃ២គ្រឿង ព្រមទាំងរបស់របរមួយចំនួនទៀត ។ មិនតែប៉ុណ្ណោះ មុនពេលចាកចេញ ក្រុមចោរប្លន់បានចាប់សត្វទាពីរបីក្បាល យកទៅជាមួយថែមទៀតផង ។
តាមប្រភពព័ត៌មានថា ក្រុមចោរប្លន់ខាងលើ មានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងអាកាស្វាយបត់១ដើម និងដំបងឈើគ្រប់ដៃ ។ ពួកចោរបានធ្វើសកម្មភាព រយៈពេលប្រមាណ ១ម៉ោងកន្លះ ទើបគេចខ្លួនទៅបាត់ ដោយសារជនរងគ្រោះ គ្មានលទ្ធភាពអាចទូរស័ព្ទសុំអន្តរាគមន៍ពី កម្លាំងសមត្ថកិច្ចបាន ហើយអ្នកនៅជុំវិញមិនបានដឹង ។ ស្ត្រីរងគ្រោះបានប្រាប់ញាតិជិតខាង ដែលទៅសួរសុខទុក្ខថា នៅមុនពេលកើតហេតុ គាត់និងប្តីនាំគ្នាហូបបាយជុំជាមួយកូនតូចម្នាក់ ចំណែកឯកូន២នាក់ទៀត ទៅលេងផ្ទះប្អូនស្រីផុត។ លុះក្រោយពេលហូបបាយរួច ប្តីរបស់គាត់បានបើករថយន្ត ដឹកប្រេងទៅដាក់ឱ្យម៉ូយ និងបានឱ្យគាត់ដាក់បាយឱ្យឆ្កែសុី ។ ក្នុងខណៈពេលប្តីគាត់ចេញផុតបន្តិច ពេលកំពុងដាក់បាយឱ្យឆ្កែ ស្រាប់តែឃើញក្រុមចោរប្លន់ទាំងនោះ ចូលទៅភ្ជង់គំរាមបាញ់សម្លាប់ ដោយបង្ខំឱ្យគាត់ប្រគល់ទ្រព្យសម្បត្តិទៅឱ្យពួកវា និងឱ្យគាត់នាំទៅកន្លែងទុកដាក់លុយ ។ ពេលនោះគាត់បានបង្វែងដាន ដោយម្តងថានៅត្រង់នេះ ម្តងថានៅត្រង់នោះ ពន្យារពេលរង់ចាំឱ្យប្តីគាត់ត្រឡប់មកវិញ។ នៅពេលនោះរូបគាត់ ត្រូវក្រុមចោរចាប់ចងដៃចងជើង វាយនិងច្របាច់កគំរាមសម្លាប់ ព្រមទាំងចាប់អូសដូចសត្វធាតុ រកកន្លែងទុកលុយ ។ បន្ទាប់មក បក្ខពួកចោរ២នាក់ បាននាំគ្នារើកកាយនៅក្នុងផ្ទះរកឃើញហិប ស្រោបបេតុង ដែលច្នៃធ្វើដូចជាទូដែក ដាក់លុយនៅក្នុងនោះ និងទុកនៅក្នុងបន្ទប់ដេក ។
ស្ត្រីរងគ្រោះរៀបរាប់ទៀតថា ពេលនោះក្រុមចោរប្លន់បានប្រើកន្ត្រៃកាត់ដែក កាត់សោហិបប្រមូលយកលុយ ព្រមទាំងដោះប្រមូលយកគ្រឿងអលង្ការ ដែលគាត់ពាក់ជាប់នឹងខ្លួនទាំងប៉ុន្មានអស់គ្មានសល់ ។
ស្ត្រីរងគ្រោះរៀបរាប់ទៀតថា ពេលនោះក្រុមចោរប្លន់បានប្រើកន្ត្រៃកាត់ដែក កាត់សោហិបប្រមូលយកលុយ ព្រមទាំងដោះប្រមូលយកគ្រឿងអលង្ការ ដែលគាត់ពាក់ជាប់នឹងខ្លួនទាំងប៉ុន្មានអស់គ្មានសល់ ។
មិនតែប៉ុណ្ណោះចិញ្ចៀន១វង់ដែលគាត់ពាក់ជាប់ ដៃដោះមិនចង់បាន ចោរប្លន់ម្នាក់បានស្រែកឱ្យបក្ខពួកវា យកកាំបិតកាត់ម្រាមដៃថែមទៀត ប៉ុន្តែគ្មាននរណាធ្វើតាម ហើយពួកចោរបានព្យាយាមបូត យកចិញ្ចៀននោះទាល់តែបាន ។ ចំណែកអីវ៉ាន់នៅក្នុងផ្ទះ ត្រូវពួកចោររើកកាយរាយប៉ាយពេញផ្ទះ ។ ជាងនេះទៅទៀត នៅពេលធ្វើសកម្មភាពបណ្តើរ ពួកចោរបានសួរបណ្តើរថា ប្តីនាងឯងទៅណា ? គាត់ប្រាប់ថាគាត់ដឹកប្រេងឱ្យម៉ូយ ហើយចោរបានសួរបន្តថា ទៅយូរឬឆាប់ ហើយមានកាំភ្លើងទេ? ភ្លាមៗនោះ ដោយសារចង់ឱ្យចោរខ្លាច គាត់បានប្រាប់ថា ប្តីគាត់មិនទៀងទេ ជួនកាលទៅឆ្ងាយយូរ បើទៅជិតឆាប់ត្រឡប់មកវិញ ហើយគាត់មានកាំភ្លើងអាកា ១ដើមទុកនៅក្នុងរថយន្ត។ ពួកចោរម្នាក់នៅយាមផ្លូវខាងមុខផ្ទះ ឯ២នាក់ចូលរើកកាយក្នុងផ្ទះ និងម្នាក់ទៀតការពារមិនឱ្យគាត់រត់គេចខ្លួន ។ បន្ទាប់ពីឮគាត់និយាយបែបនេះ ពេលប្រមូលបានទ្រព្យសម្បត្តិហើយ ពួកចោរក៏ហៅបក្ខពួកឱ្យចាកចេញ ។ បន្ទាប់មកទៀត ពួកគេបានចាប់គាត់អូសទីណាត់ទីណែង ទៅឆ្ងាយពីផ្ទះ និងប្រាប់ថាចាប់ជាចំណាប់ខ្មាំង ពេលចេញផុតពីផ្ទះបន្តិច បានច្របាច់ក និងវាយរហូតដល់គាត់ដេកដួលទៅលើដី ទើបពួកចោរគេចខ្លួនបាត់ស្រមោល ។
ស្ត្រីរងគ្រោះបានរៀបរាប់ទៀតថា នៅពេលដែលក្រុមចោរកំពុងធ្វើសកម្មភាព ប្អូនថ្លៃប្រុសរបស់គាត់បានឌុបកូនស្រីរបស់គាត់មកដល់ដែរ ប៉ុន្តែគេមិនបានដឹងថា រូបគាត់ត្រូវចោរកំពុងប្លន់នោះទេ និងមិនបានឈប់ម៉ូតូចូលទៅក្នុងផ្ទះនោះឡើយ ។ ក្រោយពេលដាក់កូនគាត់ចុះហើយ គេក៏ជិះម៉ូតូត្រឡប់វិញបាត់ទៅ ។ ចំណែកកូនស្រីពេលដើរចូលទៅដល់ក្នុងផ្ទះ ឃើញចោរស្ពាយកាបូបលុយ ក៏បានសួរក្រុមចោរថា យកកាបូបម៉ែខ្ញុំទៅណា ? ហើយក្នុងផ្ទះខ្ញុំមានរវល់អី បានជាមានមនុស្សច្រើនម៉្លេះ ? ពេលនោះចោរមិនបានឆ្លើយទេ និងសម្លុតមិនឱ្យសួរនាំឡើយ ។ លុយទាំងអស់នោះ គាត់ទុកនៅក្នុងហិបស្រោបបេតុង ដោយមានគម្រោងយកទៅសងថ្លៃប្រេងក្រុមហ៊ុននា ថ្ងៃទី១៧ វិច្ឆិកា ប៉ុន្តែមិននឹកស្មានថា ពេលនេះត្រូវរលាយដោយសារចោរប្លន់បែបនេះឡើយ ។
អ្នកជិតខាង បានឱ្យដឹងថា នៅពេលមានសភាពការណ៍កើតឡើង មិនមាននរណាដឹង និងទៅជួយទាន់ឡើយ ព្រោះផ្ទះជនរងគ្រោះខាងលើ ស្ថិតនៅដាច់ឆ្ងាយពីគេឯង ហើយជុំវិញផ្ទះពោរពេញទៅដោយ ព្រៃព័ទ្ធជិតជុំថែមទៀត ។
អ្នកជិតខាង បានឱ្យដឹងថា នៅពេលមានសភាពការណ៍កើតឡើង មិនមាននរណាដឹង និងទៅជួយទាន់ឡើយ ព្រោះផ្ទះជនរងគ្រោះខាងលើ ស្ថិតនៅដាច់ឆ្ងាយពីគេឯង ហើយជុំវិញផ្ទះពោរពេញទៅដោយ ព្រៃព័ទ្ធជិតជុំថែមទៀត ។
គេនៅចាំបានថា កាលពីជាងមួយឆ្នាំមុន មានផ្ទះលក់ប្រេងមួយនៅជិតគ្នានោះ ក៏ត្រូវចោរប្រដាប់ដោយកាំភ្លើងអាកា ចូលទៅប្លន់យកទ្រព្យសម្បត្តិ បែបនេះដែរ និងបានបាញ់សម្លាប់បងប្រុសរបស់ម្ចាស់ផ្ទះ ដែលចូលទៅជួយថែមទៀត ។ នេះគឺជាការកត់សម្គាល់ផងដែរដែលអ្នករកសុីលក់ប្រេងនៅម្តុំនោះ បានរងគ្រោះដោយក្រុមចោរកាំភ្លើងអាកាជាបន្តបន្ទាប់ ៕