ក្រុមប្រឹក្សារាជធានី អនុម័តជាឯកច្ឆ័ន្ទលើសំណើសុំបំបែកខណ្ឌថ្មី ៥ របស់គណៈអភិបាលរាជធានីភ្នំពេញ

11/26/2013 0 Comments A+ a-

Phnom Penh Mapភ្នំពេញ: នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ របស់ខ្លួន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានអនុម័ត​ជា​ឯកច្ឆ័ន្ទ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៣​នេះ លើ​សំណើ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការសុំ​បំបែក​ខណ្ឌ​ថ្មី​បន្ថែមចំនួន​៥ ក្នុង​រាជធានី​ភ្នំពេញ​។ ភូមិសាស្ត្រ​ខណ្ឌ ដែល​ត្រូវ​បំបែក​ជា​២ រួមមាន ខណ្ឌមានជ័យ​, ខណ្ឌចំការមន​, ខណ្ឌទួលគោក​, ខណ្ឌ​ប្ញ​ស្សី​កែវ​, ខណ្ឌ​ពោធិ​សែន​ជ័យ​, និង​ខណ្ឌ​សែន​សុខ​។ ក្រោយពី​ការអនុម័ត​ដោយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​រួច សំណើ​នេះ នឹងត្រូវ​ដាក់​ឆ្លង​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​សំរេច​ជា​ផ្លូវការ​។​
​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​១​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។​
​លោក ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា ការ​បំបែក​ខណ្ឌ​ថ្មី​៥​បន្ថែមទៀត​នេះ ទី​១) គឺ​យើង​ចង់​រៀបចំ​ដែនដី​នេះ ឱ្យ​ស្របតាម​ការរីកចំរើន​របស់​រាជធានី​ភ្នំពេញ​។ ទី​២) ទាក់ទង​នឹង​ប្រជាពលរដ្ឋ កាន់​តែមាន​ចំនួន​ច្រើនឡើងៗ ពិសេស​នៅ​តំបន់​ជាយក្រុង​។ ទី​៣) ដើម្បី​សម្រប​ទៅតាម​សមត្ថភាព​មន្ត្រី​របស់​យើង​ដែល​មិនទាន់មាន​លក្ខណៈ​វិទ្យាសាស្ត្រ​នៅឡើយ​។ ទន្ទឹមនឹងនេះ សង្កាត់​មួយចំនួន​ដែលមាន​ប្រជាពលរដ្ឋ​ច្រើន និង​មាន​ផ្ទៃដី​ធំ អាច​នឹងត្រូវ​បំបែកចេញ​បន្ថែមទៀត​ផងដែរ​។ ទី​៤) ការ​បំបែក​នេះ ដើម្បីឱ្យ​ស្របទៅតាម​ថវិកា ដោយ​ខណ្ឌ​ខ្លះ​តូច ក៏​ទទួល​ថវិកា​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​ដូចគ្នា​នឹង​ខណ្ឌ​ដែលមាន​ទំហំ​ធំ​ដែរ​។ តាម​ស្ថិតិ​អ្នក​នៅក្នុង​ទីក្រុង​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ចំនួន​មួយ​លាន​ពីរ​សែន​នាក់ ប៉ុន្តែ​ធាតុពិត​មិនមែន​ចំនួន​ប៉ុណ្ណឹង​នោះទេ កម្មករ​-​កម្មការិនី រាប់សែន​នាក់ និង​អ្នក​ចំណាកស្រុក មករក​ស៊ី​នៅ​ភ្នំពេញ​ជាច្រើន​ទៀត មិន​ស្ថិតក្នុង​ស្ថិតិ​នោះទេ​។​
​លោក​បាន​បញ្ជាក់ថា គោលការណ៍​បំបែក​ខណ្ឌ​ថ្មី​នេះ គឺធ្វើឡើង​ក្នុង​គោលដៅ​រដ្ឋបាល​សុទ្ធសាធ ហើយក៏​មិនមែន​ជាការ​កេងចំណេញ​នយោបាយ​ណាមួយ​នោះដែរ​។ ដោយ​ផ្អែកលើ​ភាពចាំបាច់​ខាងលើនេះ ទើប​សាលា​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ការរៀបចំ​ឲ្យ​មានការ​បំបែក​ខណ្ឌ​ថ្មី​ចំនួន​៥​ទៀត ដែល​ធ្វើយ៉ាងណា​ឲ្យ​បាន​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាងមុខ​។​
​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ពី​កត្តាចាំបាច់​ជាច្រើន​ដែល​តម្រូវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​រៀបចំ​ផែនទី​រដ្ឋបាល​ឲ្យ​បាន​សម​ស្របតាម​ការអភិវឌ្ឍ​របស់​រាជធានី​ភ្នំពេញ​, ស្របតាម​កំណើន​ប្រជាពលរដ្ឋ និង​ងាយស្រួល​បង្ខិត​សេវា​រដ្ឋបាល​ឲ្យ​ដល់​កៀក​នឹង​ប្រជាពលរដ្ឋ​និង​កំពុង​រក​ឈ្មោះ​ដាក់​ខណ្ឌ​ថ្មី​។
​គួរ​កត់សម្គាល់ថា ក្នុងចំណោម​ខណ្ឌ​ទាំង​៩ ដែលមាន​ស្រាប់​គឺ មាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ខណ្ឌ​ប្ញ​ស្សី​កែវ ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ចំកា​មន ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ក្នុងនោះ មាន​ខណ្ឌ​៦​ត្រូវបាន​បំបែកចេញ​ជា​៥​ខណ្ឌ​ទៀត ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ រាជធានី​ភ្នំពេញ ត្រូវមាន​ខណ្ឌ​ទាំងអស់ រហូតដល់​១៤​ខណ្ឌ​។ បើតាម​គម្រោង​ដែល​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ យកមក​ដាក់​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា ដើម្បី​ធ្វើការ​អនុម័ត ហើយ​ត្រូវបាន​ក្រុមប្រឹក្សា​រាជធានី សម្រេច​ឯកភាព​ជា​ស្ថាពរ​ដែរ​ហើយ​នោះ មាន​ខណ្ឌ​ចំនួន​៦ ត្រូវបាន​បំបែក​។​
​ក្នុង​គម្រោង​ខណ្ឌចំការមន ត្រូវបាន​បំបែក​ជា​២ គឺ ខណ្ឌចំការមន​ទី​១ និង​ខណ្ឌចំការមន​ទី​២ ក្នុងនោះ​ខណ្ឌចំការមន​១ មាន​ចំនួន​៧​សង្កាត់ គឺ​សង្កាត់​បឹង​កេងកង​១ បឹង​កេងកង​២ បឹង​កេងកង​៣ អូឡាំពិក ទួល​ស្វាយព្រៃ​ទី​១ ទួល​ស្វាយព្រៃ​ទី​២ និង​សង្កាត់​ទំនប់ទឹក ដែល​ក្នុង​៧​សង្កាត់ មាន​ប្រជាពលរដ្ឋ​ចំនួន​១៨.២៨៦​គ្រួសារ ស្មើនឹង​ចំនួន​៩៨.០៣៥​នាក់​។  ខណ្ឌចំការមន​២ មាន​ចំនួន​៥ សង្កាត់ គឺ​សង្កាត់​ទួល​ទំ​ពួ​ង​ទី​១ សង្កាត់​ទួល​ទំ​ពួ​ង​ទី​២ សង្កាត់​បឹងត្របែក សង្កាត់​ទន្លេបាសាក់ និង​សង្កាត់​ផ្សារ​ដើមថ្កូវ ដែល​ក្នុង​៥​សង្កាត់  មាន​ប្រជាពលរដ្ឋ​ចំនួន ១៦.៣៨០​គ្រួសារ ស្មើនឹង​ចំ​នួ​៨៣.៩៦៩​នាក់​។​
​ខណ្ឌទួលគោក បំបែក​ជា​២​ខណ្ឌ​ដែរ​គឺ ខណ្ឌទួលគោក​១ និង​ខណ្ឌ​ទួល គោក​២ ក្នុងនោះ ខណ្ឌទួលគោក​១ មាន​ចំនួន​៦​សង្កាត់ គឺ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ សង្កាត់​ទឹកល្អក់​ទី​២ សង្កាត់​ទឹកល្អក់​ទី​៣ សង្កាត់​ផ្សារ​ដើម​គរ និង​សង្កាត់​បឹង​សាឡាង ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​២០.៣៨៥​គ្រួសារ  ស្មើ នឹង ១០៥.១៣៥​នាក់​។ ខណ្ឌទួលគោក​ទី​២ មាន​ចំនួន​៤​សង្កាត់ គឺ​សង្កាត់​បឹងកក់​ទី​១ សង្កាត់​បឹងកក់​ទី​២ សង្កាត់​ទឹកល្អក់​ទី​១ និង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣  ដែលមាន ប្រជាពលរដ្ឋ​ស្នាក់នៅ ១២.៧១១​គ្រួសារ ស្មើនឹង ៦៦.០៦៥​នាក់​។​
​ចំពោះ​ខណ្ឌមានជ័យ ក៏​បំបែក​ជា​២​ដែរ គឺ​ខណ្ឌមានជ័យ​ទី​១ ខណ្ឌមានជ័យ​ទី​២ ក្នុងនោះ​ខណ្ឌមានជ័យ​ទី​១ មាន​ចំនួន​៨​សង្កាត់​គឺ សង្កាត់​ច្បារអំពៅ​ទី​១ សង្កាត់​ច្បារអំពៅ​ទី​២ សង្កាត់​និរោធ សង្កាត់​ព្រែកប្រា សង្កាត់​វាល​ស្បូវ សង្កាត់ ព្រែក​ឯង សង្កាត់​ក្បាលកោះ និង​សង្កាត់​ព្រែក​ថ្មី មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ ២៦.៤៥៥​គ្រួសារ ស្មើនឹង ១៣៣.១៦៥​នាក់​។ ខណ្ឌមានជ័យ​ទី​២ មាន​ចំនួន​៤ សង្កាត់​គឺ សង្កាត់​បឹងទំពុន សង្កាត់​ស្ទឹងមានជ័យ សង្កាត់​ចាក់អង្រែលើ  និង​សង្កាត់​ចាក់អង្រែ​ក្រោម មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ ៣៨.៩៧៨​គ្រួសារ  ស្មើ​នឹ ង ១៩៤.៦៣៦​នាក់​។​
​ខណ្ឌឫស្សីកែវ ត្រូវបាន​បំបែក​ជា​២​ដែរ គឺ​ខណ្ឌឫស្សីកែវ​១ និង​ខណ្ឌឫស្សីកែវ​២ ក្នុងនោះ​ខណ្ឌឫស្សីកែវ​១ មាន​ចំនួន​៦​សង្កាត់​គឺ សង្កាត់​ទួល​សង្កែ សង្កាត់​ឫស្សីកែវ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ​ទី​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ និង​សង្កាត់​ស្វាយប៉ាក មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ ២៦.៤៨៨​គ្រួសារ ស្មើនឹង ១៣៥.៤៧០​នាក់​។ ខណ្ឌឫស្សីកែវ​២ មាន​ចំនួន​៥​សង្កាត់​គឺ សង្កាត់​ជ្រោយចង្វារ​សង្កាត់​ព្រែកលាប សង្កាត់​ព្រែក​តាសេក សង្កាត់​កោះដាច់ និង​សង្កាត់​បាក់​ខែង មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ ១២.៤៥២​គ្រួសារ ស្មើនឹង ៦១.២១៤​នាក់​។​
​ចំណែក​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុង​ខណ្ឌ​ទាំង​២​នេះ បំបែក​មួយផ្នែក​ម្នាក់ បង្កើតឱ្យមាន​ជា​ខណ្ឌ​ថ្មី​មួយទៀត ក្នុងនោះ​មាន​ខណ្ឌ​សែន​សុខ​ទី​១ មាន​ចំនួន​៤​សង្កាត់​គឺ សង្កាត់​ទឹកថ្លា សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ឃ្មួញ និង​សង្កាត់​ក្រាំងធ្នង់ មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ ២៥.១៤២​គ្រួសារ ស្មើនឹង ១២៥.៥៣៦​នាក់​។ ខណ្ឌ​ពោធិ​សែន​ជ័យ​ទី​១ មាន​ចំនួន​១០​សង្កាត់​គឺ សង្កាត់​ចោមចៅ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ សង្កាត់​កន្ទោក សង្កាត់​កំបូល សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​សំរោងក្រោម និង​សង្កាត់​កា​កាប មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ចំនួន ៣០.៩៥៥​គ្រួសារ ស្មើនឹង​១៥៩.៤៥៥​នាក់​។ ខណ្ឌ​សែន​សុខ​២ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​២ មាន​ចំនួន​៥​សង្កាត់​គឺ សង្កាត់​គោក​រកា សង្កាត់​ព​ន្សាំ​ង សង្កាត់​ពញា​ពន់ សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ចំនួន ៩.៦១៤​គ្រួសារ ស្មើនឹង ៤៧.៣១៣​នាក់​។​
​ពាក់ព័ន្ធ​នឹង​ខណ្ឌ​៥​នេះ ត្រូវដាក់​ឈ្មោះ​ជា​ខណ្ឌ​ដែលមាន​ឈ្មោះ​អ្វី​នោះ មិនទាន់​ត្រូវ​បានដាក់​នូវឡើយ​ទេ រង់ចាំ​ការសំរេច​ពី​ក្រសួងមហាផ្ទៃ​ជាមុនសិន​។ តែ​តាម​ប្រភព​ក្រៅផ្លូវការ​ខ្លះ​ថា ខណ្ឌ​ថ្មី​នោះ មាន​ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ទន្លេបាសាក់ ខណ្ឌ​ចោមចៅ ឬ​ពោធិចិនតុង និង​ខណ្ឌ​បឹង​សាឡាង​។ ក្រៅពី​ការ​បំបែក​ខណ្ឌ​ថ្មី​ទាំង​៥​នេះដែរ  លេច​ឮថា មាន​មន្ត្រី​មួយចំនួន កំពុង​រត់ការ​ធ្វើ​ចៅហ្វាយខណ្ឌ និង​ចៅហ្វាយ​រង​ខណ្ឌ ឆ្វេ​ក​ឆ្វាច ខ្លះ​ថា​អ្នកនេះ​ត្រូវ​ធ្វើជា​អភិបាលខណ្ឌ និង​អ្នកនោះ​ត្រូវ​ធ្វើជា​អភិបាលខណ្ឌ រួមមាន​ទាំង​មន្ត្រី​អេ​ឡេ​កូ​និង​មន្ត្រី​ប៊ូ​អ៊ីង សុទ្ធតែជា​កូន​និង​ក្មួយ​អ្នកធំ​។​
​បើ​ស្តាប់​មិន​ច្រឡំ​ទេ កាលពី​ថ្ងៃ​ប្រកា​សលោក ព្រុំ សំខាន់ ជា​អភិបាលខណ្ឌ​ចំកា​មន​នោះ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា លោក​នឹង​ខិតខំ​តស៊ូ​ដាក់​មន្ត្រី នៅក្នុង​ខណ្ឌ និង​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ស្រាប់ មិន​ចង់បាន​មន្ត្រី​ដែល​ធ្លាក់​ពីលើ​មេឃ​មក​ធ្វើជា​អភិបាលខណ្ឌ ដោយ​មិនបាន​ឆ្លងកាត់​ជា​អភិបាលរងខណ្ឌ គឺជា​មន្ត្រី​អេ​ឡេ​កូ​នោះទេ​៕
ប្រភពពី CEN