សហជីពសេរី កម្មករសោកស្តាយ អំពើហិង្សារបស់ សមត្ថកិច្ចមកលើ កម្មករនិងបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់
ភ្នំពេញ៖ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា សម្តែងការសោក ស្តាយនិងប្រកាស ថ្កោលទោស យ៉ាង ដាច់អហង្កាចំពោះ អំពើបង្ក្រាបដ៏សាហាវ របស់កម្លាំងសមត្ថកិច្ច ប្រដាប់អាវុធ មកលើក្រុមកម្មករ និងប្រជា ពលរដ្ឋ បណ្តាលឲ្យស្លាប់ និងរងរបួស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
យោងតាមសេចក្តីថ្លែងការណ៍របស់ សហជីពសេរីកម្មករ ដែលបានចេញផ្សាយ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះ បានឲ្យដឹង ថា នៅម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១២វិច្ឆិកា កម្លាំងសមត្ថកិច្ច ប្រដាប់អាវុធបានប្រើ អំពើហិង្សា បង្ក្រាបយ៉ាង សាហាវទៅលើក្រុមកម្មករ កម្មការិនីបម្រើ ការងារនៅរោងចក្រ SL Garment Processing Ltd នៅ ចំណុចមុខវត្ត និងស្ពានស្ទឹងមានជ័យ ខណៈកម្មករនាំគ្នាដង្ហែក្បួន ធ្វើដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើឲ្យសម្តេច ជួយអន្តរាគមន៍ដោះស្រាយ ត្បិតរោងចក្រនេះ មានរឿងរ៉ាវវិវាទការងារ ជាង៣ខែ មកហើយ តែគ្មានដំណោះស្រាយ ទាល់តែសោះ។
សេចក្តីថ្លែងការណ៍បន្តថា ការបង្ក្រាបហិង្សា និងសាហាវពីសំណាក់កម្លាំង សមត្ថកិច្ចមកលើក្រុមកម្មករ បែបនេះ បណ្តាលឲ្យកម្មករ និងប្រជាពលរដ្ឋ១នាក់ ស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតទទួល រងរបួសយ៉ាងធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ក្រោយពីប្រើ វិធានការ និង កម្លាំង អន្ដរាគមន៍បន្ថែម នៅវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា កម្លាំងនគរបាល រាជធានីភ្នំពេញ និងតាមបណ្ដាខណ្ឌ ដឹកនាំបញ្ជាផ្ទាល់ ដោយ លោកស្នងការ ជួន សុវណ្ណ និងកម្លាំងអាវុធ ហត្ថ ដឹកនាំដោយលោក មេបញ្ជាការ រត្ន័ ស្រ៊ាង បានបំបែកក្រុមតវ៉ា របស់ក្រុមកម្មករ អេសអិល ដោយរត់ចែកជើងគ្នា ត្រឡប់ថយ ក្រោយវិញ ខណៈដែលកម្លាំង សមត្ថកិច្ច បានចាប់ខ្លួន មនុស្ស និងព្រះសង្ឃ ប្រមាណជាង៣០នាក់ ៕