គ្រួសារជនរងគ្រោះនៅរតនគិរីបារម្ភពីសុវត្ថិភាពក្រោយអ្នកទោសរត់ចេញពីគុក
ក្រុមសមត្ថកិច្ចខេត្តរតនគិរី មិនទាន់ស្វែងរកចាប់ខ្លួនអ្នកទោស ៥នាក់ដែលបានរត់ចេញពីពន្ធនាគារបាននៅឡើយ។ ចំណែកមន្ត្រី ឬឆ្មាំពន្ធនាគារដែលពាក់ព័ន្ធគ្រប់គ្រងអ្នកទោសនោះ ក៏មិនទាន់ឃើញមានចំណាត់ការដាក់វិន័យ ឬចោទប្រកាន់ចំពោះមន្ត្រីណាម្នាក់នៅឡើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ការរត់ចេញពីពន្ធនាគាររបស់ជនជាប់ចោទបទល្មើសថ្នាក់ឧក្រិដ្ឋ និងមជ្ឈិមនេះ គឺជាការគំរាមកំហែងសុវត្ថិភាពពលរដ្ឋ។
ប្រជាពលរដ្ឋជាសមាជិកគ្រួសារជនរងគ្រោះដោយអំពើឃាតកម្មនៅខេត្តរតនគិរី សំដែងការព្រួយបារម្ភចំពោះសុវត្ថិភាពក្រុមគ្រួសាររបស់ខ្លួន ខណៈពេលជនជាប់ចោទក្នុងអំពើឃាតកម្មនេះបានរត់ចេញពីពន្ធនាគារ។
ប្រជាពលរដ្ឋរស់នៅភូមិ២ ឃុំសាមគ្គី ស្រុកអូរជុំ លោក មាស ម៉ែន មានប្រសាសន៍នៅថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ថា លោកមានមន្ទិលសង្ស័យច្រើនដែលថា ជនជាប់ជាឧក្រិដ្ឋជនសម្លាប់ឪពុកក្មេកលោកក្នុងចំណោមអ្នកទោសទាំងនោះ អាចរត់ចេញពីពន្ធនាគារបាន។
លោកអំពាវនាវឲ្យក្រុមសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនជាប់ចោទមកវិញ ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់៖ «ខ្ញុំសំណូមពរឲ្យអាជ្ញាធរ ជាពិសេសតុលាការហ្នឹង ធ្វើម៉េចចាត់វិធានការដើម្បីស្វែងរកជនដៃដល់ ហើយនិងជនដែលរត់គេចពីគុក ដើម្បីស៊ើបអង្កេតបានច្បាស់លាស់ តើករណីអ្វីបានជាមានការហែកគុក? មើលទៅដូចជាមិនអាចជឿបានសោះ!»។
កាលពីវេលាទៀបភ្លឺនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា អ្នកទោសចំនួន ៥នាក់ បានអារចម្រឹងបង្អួច ហើយរត់ចេញពីពន្ធនាគារខេត្តរតនគិរី ក៏ប៉ុន្តែអ្នកទោសម្នាក់ត្រូវបានសមត្ថកិច្ចចាប់បានមកវិញ ខណៈពេលកំពុងរត់គេចខ្លួននេះ។ នៅក្នុងខែវិច្ឆិកា នេះដែរ មានអ្នកទោសក្នុងបទគ្រឿងញៀនម្នាក់ទៀត បានរត់គេចខ្លួនពីពន្ធនាគារខេត្តបានដោយសុវត្ថិភាព។ សរុបមកមានអ្នកទោសចំនួន ៦នាក់ រត់រួចពីពន្ធនាគារ តែមានម្នាក់ចាប់បានមកវិញ ដូច្នេះនៅសល់អ្នកទោស ៥នាក់ ដែលរត់រួចពីពន្ធនាគារខេត្ត។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក រស់ សារាំ មានប្រសាសន៍បញ្ជាក់ថា លោកបានចេញដីកាចោទប្រកាន់អ្នកទោសទាំង ៦នាក់បន្ថែម ពីបទលួចរត់ចេញពីពន្ធនាគារនិងបញ្ជូនសំណុំរឿងចោទប្រកាន់ទៅចៅក្រមស៊ើបសួរ ដើម្បីស៊ើបអង្កេតករណីរត់ចេញពីពន្ធនាគារនេះ៖ «ព្រះរាជអាជ្ញាបានបញ្ជូនសំណុំរឿងចោទប្រកាន់ទាក់ទិនការរត់ចេញពីគុកហ្នឹង ហើយនិងភស្តុតាងផ្សេងៗទៀតឈានដល់ការស្វែងរកអ្នកស៊ុមគ្រលុំ ឬមិនស៊ុមគ្រលុំ ទុកសិទ្ធិឲ្យចៅក្រមស៊ើបសួរអ្នកស៊ើបសួរ ព្រោះយើងអត់មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា អ្នកណាដែលអាចចូលរួមក្នុងការជួយសម្រួល ឬឧបត្ថម្ភដល់ការរត់គេចហ្នឹង»។
អ្នកទោសទាំង ៦នាក់ដែលបានរត់ចេញពីពន្ធនាគារ រួមមានឈ្មោះ ក្វើង ទន់ ជាប់ចោទក្នុងអំពើចោរកម្ម។ ភុំ ខូ ជាប់ចោទអំពើលួចមានស្ថានទម្ងន់។ វន់ វិចិត្រ រួមភេទលើអនីតិជន។ ផៃ វិត បៀតបៀនផ្លូវភេទ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ និងឈ្មោះ គីម បូរ៉ាន់ ជាប់ចោទជួញដូរគ្រឿងញៀន រត់គេចខ្លួនកាលពីសប្ដាហ៍មុន និង នៅ សុខណា ជាប់ចោទក្នុងបទឧក្រិដ្ឋសម្លាប់មនុស្ស។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកករណីអ្នកទោសរត់រួចជាការធ្វេសប្រហែស ឬអាចជាការឃុបឃិតរបស់ឆ្មាំ ឬមន្ត្រីពន្ធនាគារ។
លោកអំពាវនាវឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការស៊ើបអង្កេត និងដាក់ពិន័យមន្ត្រីពន្ធនាគារដែលខ្វះការទទួលខុសត្រូវក្នុងបញ្ហានេះ៖ «វាជារឿងមួយធ្ងន់ធ្ងរណាស់ ជាពិសេសសម្រាប់ក្រុមគ្រួសារជងរងគ្រោះ។ មិនគួរមានការធ្វេសប្រហែសរហូតពិរុទ្ធជនបទល្មើសឧក្រិដ្ឋគេចខ្លួនពីពន្ធនាគារដែលមានការយាមកាមដ៏តឹងរ៉ឹង»។
ទោះជាយ៉ាងនេះក្តី ចៅក្រមស៊ើបសួរ លោក ឯក ប៉ូលីហ្វីល មានប្រសាសន៍បញ្ជាក់ថា ជនពាក់ព័ន្ធក្នុងករណីរត់ចេញពីពន្ធនាគារនេះ នឹងត្រូវបានកោះហៅមកសាកសួរ ក៏ប៉ុន្តែលោកបដិសេធមិនអធិប្បាយពិស្ដារពីបញ្ហានេះទេ ដោយសារការស៊ើបអង្កេតមិនទាន់បានបញ្ចប់៕