បក្សសង្គ្រោះជាតិប្រកាន់ជំហររកយុត្តិធម៌ពីលទ្ធផលឆ្នោត
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២៥ វិច្ឆិកា ដូច្នេះ៖ «មកទល់ថ្ងៃនេះ យើងមិនទាន់ឃើញបក្សប្រជាជនថាម៉េចនៅឡើយទេ បើបក្សប្រជាជនមិនព្រមយកសំណើយើងសុំឲ្យស៊ើបអង្កេតលទ្ធផលឆ្នោតទេ យើងនៅតែធ្វើបាតុកម្មរហូត»។
គណបក្សសង្គ្រោះជាតិប្រកាសធ្វើបាតុកម្មរាល់ថ្ងៃអាទិត្យ ចាប់ផ្ដើមពីខែធ្នូ នេះតទៅ ទាមទាររកយុត្តិធម៌លទ្ធផលឆ្នោត និងរកយុត្តិធម៌ឲ្យជនរងគ្រោះដែលស្លាប់ និងរងរបួសក្នុងការបង្ក្រាបពីសំណាក់កងកម្លាំងរដ្ឋាភិបាលកន្លងមក។
ការបញ្ជាក់អះអាងរបស់លោក កឹម សុខា ធ្វើឡើងបន្ទាប់ពីកាសែតក្នុងស្រុកខ្លះ ចុះផ្សាយនៅថ្ងៃទី២៥ វិច្ឆិកា នេះថា លោក ស ខេង មន្ត្រីជាន់ខ្ពស់បក្សប្រជាជនបានសុំឲ្យមន្ត្រីបក្សសង្គ្រោះជាតិចូលតុចរចាវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ស ខេង នៅថ្ងៃទី២៥ វិច្ឆិកា ដោយលោកមិនលើកទូរស័ព្ទ ខណៈលោក ព្រំ សុខា ប្រធានក្រុមដឹកនាំចរចាខាងបក្សប្រជាជនឆ្លើយថា លោកជាប់ប្រជុំ។
គណបក្សទាំងពីរបានចរចាគ្នា ៣ដងហើយ តែនៅតែមិនអាចរកចំណុចរួមបាន៕
ប្រភពពី វិទ្យុអាស៊ីសេរី