សង្គមស៊ីវិល និងអ្នកកាសែត ជួបជុំគ្នានៅមុខស្តាតអូឡាំពិក ដើម្បីរកយុត្តិធម៌ដល់អ្នកកាសែត ដែលបានសម្លាប់

11/21/2013 0 Comments A+ a-

ភ្នំពេញ: ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នឹងធ្វើ​ការជួប​ជុំគ្នា​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក នៅ​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​អ្នកសារព័ត៌មាន ចំនួន ១១ នាក់ ដែល​ត្រូវបាន​សម្លាប់ កាលពី ២០ ឆ្នាំមុន ហើយ​ឃាតក​មិន​ត្រូវបាន​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​នៅឡើយ​។​
​ពិធី​នេះ ធ្វើ​ទ្បើង​ពីរ​ថ្ងៃមុន ដែល​សហគមន៍​អន្តរជាតិ​នឹង​ប្រារព្ធ​ទិវា​អន្តរជាតិ​លើក​ទី​៣ ដើម្បី​បញ្ចប់​និ​ទណ្ឌ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខាងមុខនេះ​។​
​ជាមួយគ្នា​នោះ អង្គការ​សង្គម​ស៊ីវិល ក៏បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ចូលរួម​ការជួបជុំ​នេះ​ក្នុង​សាមគ្គីភាព ដើម្បី​ប្រារព្ធ​ពិធី​នៅ​កន្លែង ដែល​ឃាតករ​បាន​បាញ់សម្លាប់​លោក ឃឹម សំបូរ អ្នកកាសែត​មនសិការ​ខ្មែរ ដែលជា​កាសែត​គាំទ្រ​គណបក្សប្រឆាំង រួម​ទាំ​កូនប្រុស នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០០៨ និង​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា និ​រ​ទណ្ឌ​ភាព​នៅ​កម្ពុជា នៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ ក្នុងការ​ពង្រឹង​នីតិរដ្ឋ និង​ឲ្យ​ពលរដ្ឋ​កម្ពុជា ទទួលបាន​យុត្តិធម៌​៕​
ប្រភពពី CEN