មុខសញ្ញាទទួលផលចោរកម្មនិងជួញដូរថ្នាំញៀនត្រូវនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួន
ខេត្ដកំពង់ស្ពឺ ៖ មុខសញ្ញាទទួលផលចោរកម្ម ទិញម៉ូតូពីក្រុមចោរប្លន់ និងជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បង្ក្រាបបាន តាមចម្លើយសារភាពរបស់ក្រុមចោរប្លន់ដែលបង្ក្រាបបាននាពេលកន្លងមក ការបង្ក្រាបនេះ ប្រព្រឹត្ដិទៅនៅវេលាម៉ោង១០និង៥០នាទីថ្ងៃទី២២ ឆ្នាំ២០១៣ នៅចំណុចភូមិបុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ។ជនសង្ស័យមានឈ្មោះ ឈៀវ ស៊ឹមហួយ អាយុ២៨ឆ្នាំ មានទីលំនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ។
លោកវរសេនីយ៍ត្រី សម ស័ក្ដិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ថា ជនដែលត្រូវឃាត់ខ្លួននេះ គឺជាមុខសញ្ញាទទួលផលចោរកម្ម ពីក្រុមប្លន់ម៉ូតូដ៏សកម្មនៅក្នុងខេត្ដកំពង់ស្ពឺ ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក ។ លោក សម ស័ក្ដិ បន្ដថា សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យនេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ បន្ទាប់ពីមានចម្លើយសារភាព របស់ឈ្មោះ សួន ស៊ីម៉ាក ដែលសមត្ថកិច្ចរបស់លោកតាមចាប់ពីខេត្ដព្រះវិហារមកពីបទប្លន់ ។
ការបង្ក្រាបនេះ គឺជនសង្ស័យបានបើករថយន្ដគេចពីសមត្ថកិច្ច ហើយរត់ចូលទៅផ្ទះលោកប្រធានការិយាល័យគ្រឿងញៀន ដើម្បី សុំឱ្យជួយ ។ ជនសង្ស័យឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានទទួលទិញម៉ូតូពីឈ្មោះ សួន ស៊ីម៉ាក បានចំនួន៣គ្រឿង ក្រោយពេលដែលពួកគេប្លន់បាន ។ ក្នុងប្រតិបត្ដិការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានគ្រឿងញៀន១០កញ្ចប់តូច និង១កញ្ចប់ធំ ជាប្រភេទម៉ាទឹកកក និងរថយន្ដកាមរីឆ្លាមពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-5990 ដែលស្លាកលេខនេះ ជាស្លាកលេខ របស់រថយន្ដផ្សេងយកមកពាក់ ព្រោះជារថយន្ដអត់ពន្ធ ។
លោក សម ស័ក្ដិ បានឱ្យដឹងទៀតថា ក្រោយពីជំនាញសាកសួរជនសង្ស័យរួចមក សមត្ថកិច្ចបានរៀបចំឯកសារបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ដដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភពពី នគរវត្ត
Read more: http://www.cambodiapage.info/?p=5112#ixzz2lYAQeG1Y
