តូចចិត្តរឿងប្តីស្តីបន្ទោស ជិះម៉ូតូឌុបមកដេកផ្ទះ សំណាក់មួយយប់ ព្រឹកឡើងទៅលោតទឹកសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ដោយសារតូចចិត្ត រឿងប្តីមិនជួយកាន់ជើង អំឡុងពេលមាន ជម្លោះក្នុងគ្រួសារ ស្ត្រីម្នាក់បានជិះម៉ូតូឌុប មកឈរយំសស្រាក់ លើស្ពានជ្រោយចង្វា បំណងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប៉ូលិសយាមស្ពាន ជួយឃាត់កាលពីវេលាម៉ោង ៩និង៤៥ នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣ នៅលើស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។
ស្ត្រីដែលគិតខ្លីមានឈ្មោះ អ៊ុំ សុខស្រីណា អាយុ ៣៥ ឆ្នាំ រីឯប្តីឈ្មោះ មាន ចាន់ណា អាយុ ៣៦ ឆ្នាំ ពុំមានទីលំនៅពិតប្រាកដ មុខរបរជាកម្មករសំណង់ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ មុនពេលកើតហេតុ គេបានឃើញឈ្មោះ អ៊ុំ សុខស្រីណា បានជិះម៉ូតូឌុបមក ឈប់នៅលើស្ពានជ្រោយចង្វា ឈរយំសស្រាក់ មានបំណងលោតទឹក សម្លាប់ខ្លួននៅ លើស្ពានជ្រោយចង្វា ប៉ុន្តែត្រូវបានប៉ូលិស ទៅជួយទាន់ពេលវេលា ហើយក៏បាននាំយកទៅសួរនាំ។
ឈ្មោះ អ៊ុំ សុខស្រីណា បាននិយាយថា មូលហេតុដែលនាង សម្រេចចិត្តមកបញ្ចប់ជីវិតនោះគឺដោយសារនាង បានឈ្លោះប្រកែក ជាមួយបងថ្លៃប្រុស តែប្តីមិនជួយកាន់ជើង បែរជាកាន់ជើងបងខ្លួនឯងទៅវិញ។ ដោយតូចចិត្តពេក ក្រោយពីខឹងប្តី ក៏ជិះម៉ូតូឌុបមកភ្នំពេញ ទាំងយប់មកដេកផ្ទះសំណាក់ យីហោ ៦៨៦ នៅទួលសង្កែមួយយប់ ហើយព្រឹកឡើង ទើបមកលោតទឹក តែមិនទាន់បានលោតផងស្រាប់តែប៉ូលិស ទៅឃាត់ទាន់ពេល៕
_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ