ទំនប់​អាងទឹក​​បឹង​កំពីង​ពួយ ត្រូវ​បាន​​បាក់​​ប្រវែង​​​ ១០០​ម៉ែត្រ​​ដោយ​​សារ​ទឹកជំនន់​​

10/09/2013 0 Comments A+ a-

ទំនប់​អាងទឹក​ប្រវត្តិសាស្ត្រ​ធំ​មួយ​នៅ​កម្ពុជា​​ ឈ្មោះ​​អាង​ទឹក​បឹង​កំពីង​ពួយ ត្រូវ​បាន​បាក់​ធ្លាយ​ទំនប់​នៅ​ថ្ងៃ​ទី​៩​ខែ​តុលា​នេះ បង្ក​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​រាប់​ពាន់​​ហិកតា ទ្រព្យ​សម្បត្តិ និង​​ផ្ទះ​របស់​ប្រជាជន​​ជាច្រើន​ទៀត​។​
​អាងទឹក​បឹង​កំពីងពួយ​នេះ ស្ថិតនៅ​ចន្លោះ​ភ្នំ​ពីរ គឺ​ភ្នំ​គូ ឬ ភ្នំ​តា​ង៉ែ​ន និង​ភ្នំ​កំពីង​ពួយ ដែល​ស្ថិត​នៅក្នុង​ភូមិ​តា​ង៉ែត ឃុំ​តា​គ្រាម ស្រុក​បាណន់ មាន​ចម្ងាយ​ប្រហែល​ជា ៣៥​គីឡូម៉ែត្រ នៃ​ភាគ​ខាងលិច​ទី​រួម​ខេត្តបាត់ដំបង ។​
​មេឃុំ​តា​គ្រាម លោក អ៊ឹម ប៊ុន​យូ ប្រាប់ VOD ថា ទំនប់​អាងទឹក​បឹង​កំពីងពួយ បាន​បាក់​នៅ​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ ដោយសារ​ជំនន់​ទឹកភ្លៀង​កើនឡើង ហើយ​បាន​បាក់​ធ្លាយ ប្រវែង​១០០​ម៉ែត្រ ចាប់ពី​សំណង់​ទី​២ រហូត​ដល់​ជើងភ្នំ ស្ថិតនៅ​ភូមិ​អន្លង់​ស្វាយ។ លោក​បន្តថា ការបាក់​ធ្លាយ​ទំនប់​នេះ​ មិន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​​ទេ ព្រោះ​បាន​ប្រកាស​អាសន្ន​​មុន ប៉ុន្តែ​បាន​ខូចខាត​ដំណាំ​ស្រូវ ពី​៣៥០០​ហិកតា​ទៅ ៤០០០​ហិកតា សាលារៀន​មួយចំនួន និង​ផ្ទះ​តូប​​២០​ខ្នង ៖ "ហើយជម្លៀសគាត់ទៅតាមទីសុវត្ថិភាព ក៏ប៉ុន្ដែយើងប្រកាស ប្រាប់មុនហើយ​នៅតែមានបងប្អូនយើង នៅតែធ្វេសប្រហែស ក៏ប៉ុន្ដែយើងបានអន្ដរាគមន៍សង្គ្រោះគាត់មក ពុំមានគ្រោះថ្នាក់អីដល់​អាយុជីវិតទេ " ។
​អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យ៉ិន ម៉េង​​លី បាន​តាមដាន​បញ្ហា​នេះ មានប្រសាសន៍​ថា ការបាក់​ទំនប់​អាងទឹក​កំពីង​ពួយ​​នេះ អាច​នឹង​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ប្រជាជន ប្រសិនបើ​អាជ្ញាធរ មិនមាន​ចំណាត់ការ​ទប់ស្កាត់ ឬ​ការពារ​បន្ថែម ៖ "​នៅពេល​កម្រិត​ទឹក​ដែល​ឡើង គឺ​មន្ត្រី​ពាក់ព័ន្ធ និង​ឧតុនិយម លោក​ត្រូវ​តែ​ធ្វើការ​ឃ្លាំ​មើល​រហូត ទៅនឹង​ស្ថានភាព​ទឹក​នេះ ប្រសិន​ជា​ទឹក​នេះ​វា​ឡើង​ដល់​កម្រិត​មួយ ដែល​យើង​អាច​បង្ហូរ​ទ្វារ​ទឹក​ពីរ យើង​ត្រូវ​បើក​បង្ហូរ​ចោល មិន​ឲ្យ​ទឹក​នេះ​ឡើង​ដល់​ដំណាក់កាល​មួយ វា​ហួសពេល​ហើយ ទើប​យើង​បើក គឺ​មិន​អាច​ទប់​បានទេ​"​។​
​ឯកសារ​ប្រវត្តិសាស្ត្រ បង្ហាញថា អាងទឹក​បឹង​កំពីង​ពួយ មាន​បណ្តោយ​ប្រវែង ប្រមាន​​ ៧​ពាន់​ម៉ែត្រ និង​ទទឹង ១៩០០​ម៉ែត្រ​។ គម្រោង​វិស្វកម្ម​កំណង់​ស៊ីវិល​ដ៏​ធំ​សម្បើម​នេះ មាន​សារសំខាន់​ចំពោះ​ផែនការ​ខ្មែរក្រហម ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ទី​ជនបទ​ស្រែ​ចម្ការ​ជុំវិញ​ខេត្ត​បាត់ដំបង​។ ប្រជាជន​ប្រមាណ​មួយ​​ម៉ឺន​នាក់​ត្រូវបាន​ស្លាប់ នៅ​ពេល​សង់​ទំនប់​ប្រវត្តិសាស្ត្រ​នេះ ដោយ​ការ​ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់ ជំងឺ​ ការធ្វើការ​ហួសកម្លាំង ឬ​ការ​ធ្វើ​បាប​។
​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ញឹម វណ្ណដា បាន​ប្រាប់​VOD​នៅ​រសៀល​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះទឹកជំនន់ អាច​លើសពី​៨៣​នាក់​។ លោក​បន្តថា ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នេះ ប្រជាជន​គ្រប់រូប គប្បី​ចេះ​ប្រុងប្រយ័ត្ន និង​ប្រើប្រាស់​ចំណេះ​ដឹង​​មួយ​ចំនួន​ ​ដែល​ធ្លាប់​បាន​បណ្តុះ​បណ្តាល ក្នុង​ការការពារ​ពី​គ្រោះ​ទឹកជំនន់​ពី​ពេលមុនៗ​មក ៖ "​អាស្រ័យ​ទៅ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែរ មិនមែន​រដ្ឋាភិបាល​ម្នាក់ឯង​ទេ ព្រោះ​សេចក្តីណែនាំ ការបណ្តុះបណ្តាល ធនធានមនុស្ស​គឺ​គ្រប់ទិសទី​ទៅហើយ​"​។​
​លោក ញឹម វណ្ណដា ឲ្យដឹងថា ទឹកជំនន់​បាន​វាយលុក​រាជធានី​-​ខេត្ដ​ចំនួន ១៥ ធ្វើឱ្យ​ប៉ះពាល់​ដី​ស្រែ ប្រមាណ​១២​ម៉ឺន​ហិកតា ប៉ះពាល់​ប្រជាជន​៨​សែន​នាក់ ផ្ទះ​១២​ម៉ឺន​ខ្នង សាលារៀន ៦៧០​កន្លែង វត្ដ​អារាម​៣៧០​កន្លែង មណ្ឌល​សុខភាព ៤៧​កន្លែង ស្មើនឹង​៥០​ភាគរយ នៃ​គ្រោះ​ទឹកជំនន់​ដែល បណ្ដាល​​មក​ពី​ព្យុះ​កេត​សាណា កាលពី​ឆ្នាំ​២០១១៕
អាងទីកកំពីងពួយ ខេត្តបាត់ដំបង (រូបថតពី CambodiaWatch-Australia blog)