ប្រជាពលរដ្ឋមួយចំនួន ស្នើឲ្យសាលារាជធានី រៀបចំប្រព័ន្ធលូឡើងវិញ
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ ស្នើឲ្យសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ រៀបចំប្រព័ន្ធលូឡើងវិញ ដើម្បីបញ្ច្រៀសការលិចលង់ទីក្រុង ដោយសារជំនន់ទឹកភ្លៀងម្តងៗ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ ភ្លៀង បានធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ ដែលមានសភាពខ្លាំងខុសធម្មតា ធ្វើឲ្យរាជធានីភ្នំពេញ ជន់លិចដោយទឹកភ្លៀងស្ទើរគ្រប់ទីកន្លែង។
លោក ឡុក វ៉ាន់ឌី អ្នកបើកបរម៉ូតូកាត់ផ្លូវសហព័ន្ធរូស្ស៊ីដែលកំពុងជន់លិចដោយទឹកភ្លៀង ប្រាប់VODនៅព្រឹកថ្ងៃពុធថា កាលពីឆ្នាំមុន ក៏មានជំនន់ទឹកភ្លៀងដែរ ប៉ុន្តែមិនដូចឆ្នាំនេះទេ។ លោកបន្តថា ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យខាតពេលវេលាក្នុងការធ្វើដំណើរ និងធ្វើឲ្យខូចយានយន្តទៀតផង។ លោក ស្នើឲ្យសាលារាជធានី កែលម្អប្រព័ន្ធលូរំដោះទឹក ឲ្យបានប្រសើរជាងនេះ ៖ "ពិបាកធ្វើដំណើរដែរ ម៉ូតូត្រូវការបញ្ឆេះតែបញ្ឆេះអត់កើត ត្រូវទុកនៅមួយកន្លែង ខ្ញុំសុំសាលាក្រុងហ្នឹង ធ្វើលូពីរបីទៀត ព្រោះលូនៅហ្នឹងមួយពីរហើយ តែវាហូរអត់ទាន់"។
អ្នកលក់ចំនី និងភេសជ្ជៈនៅតាមបណ្តោយផ្លូវម៉ៃដា អ្នកស្រី នៅ ស៊ីថា អាយុ៣៥ឆ្នាំ ត្អូញថា ប្រសិនបើ ទឹកជន់មកលើផ្លូវយ៉ាងដូច្នេះ គាត់លក់អ្វីមិនដាច់នោះទេ ព្រោះថាមិនមាន អ្នកដំណើរ ឆ្លងកាត់ ។អ្នកស្រី បន្តថា ទឹកជន់មកលើលើផ្លូវនេះ ដោយសារតែមិនការគ្រប់គ្រងប្រព័ន្ធលូឲ្យបានល្អ ៖ "មើលទៅប្រព័ន្ធលូនៅខាងយើង មើលទៅខ្ញុំគិតថា មានការខ្វះខាតក្នុងការគ្រប់គ្រង ដូចថា អត់មានស្តារ អត់មានរៀបចំឲ្យបានត្រឹមត្រូវ ដល់អញ្ចឹងវាស្ទះ ភ្លៀងមក ហ្នឹងភ្លៀងតែមួយយប់ផង អូនឯងគិតមើលមួយយប់មួយថ្ងៃ ចុះបើសិនជាភ្លៀងបីបួនថ្ងៃជាប់គ្នា មិនវីវរហើយ"។
អ្នករត់ម៉ូតូកង់បីមួយរូប លោក ឈឿន វិចិត្រ អាយុ៣៨ឆ្នាំ ប្រាប់VODថា គាត់ពិបាកក្នុងការដឹកភ្ញៀវ នៅពេលមានផ្លូវលិចទឹក ៖ "ខ្ញុំសំណូមពរថា ធ្វើផ្លូវឲ្យបានល្អ ហើយនិងលូ ជាពិសេសលូ ស្ទះផ្លូវរហូតហ្នឹង លូវាតូចៗអញ្ចឹងទៅវាស្ទះ"។
VOD មិនទាន់អាចទាក់ទងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បាននៅឡើយទេ។
សាលារាជធានី បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៦ ខែសីហាថា សាលារាជធានី នឹងចាប់ផ្តើមស្តារសម្អាតជួលជុល និងកែលម្អ ប្រព័ន្ធអណ្តូង លូ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៣នេះ ។
លោក ហេង សុខ អ្នកឯកទេសគ្រប់គ្រងគ្រោះមហន្តរាយនៃអង្គការ Plan International មានប្រសាសន៍ថា កត្តាដែលអាចរំដោះទឹកចេញពីរាជធានី មានពីរសំខាន់ៗ គឺទីមួយ ត្រូវមានប្រព័ន្ធលូគ្រប់គ្រាន់ និង និងទីពីរ គឺត្រូវប្រើមាស៊ីនបូមទឹកចេញឲ្យបានទាន់ពេលវេលា។ លោកបន្តថា ប្រសិនបើមានប្រព័ន្ធលូគ្រប់គ្រាន់ហើយ ប៉ុន្តែមាស៊ីនបូមទឹករំដោះចេញមិនទាន់នោះ ក៏នៅតែមានបញ្ហាជន់លិចនេះដដែល៕
កំណាត់ផ្លូវសហព័ន្ធរុស្ស៊ីទៅពោធិ៍ចិនតុង (រូបថត កែវ រតនៈ)

