ឪពុកយកទឹកលាយ សាប៊ូជាងកន្លះធុងស្ពេត្រូ លាងមងដាក់ត្រីរួចទុក ចោលពេលកូនទៅលេង ចូលក្បាលទៅមុនលង់ប៊ិះស្លាប់
ខេត្តប៉ៃលិន ៖ កុមារាម្នាក់ត្រូវបានម្តាយលើកបី និងរលាក់ ដើម្បីឲ្យចេញទឹក ហើយប្រញាប់យកទៅសង្គ្រោះនៅមណ្ឌលសុខភាព បន្ទាប់ពីឪពុករបស់គេបានយកទឹកលាយសាប៊ូជាងកន្លះធុងស្ពេត្រូលាងមងឲ្យជ្រះស្លែ រួចយកទៅដាក់ត្រីដោយទុកទឹកសាប៊ូនោះ អត់ព្រមចាក់ចោល បណ្តាលឲ្យកុមារារងគ្រោះឱនលេង ក៏លង់ទឹកធុងនោះតែម្តង តែសំណាងល្អបានបងស្រីរបស់គេឃើញទាន់ ក៏រត់ទៅប្រាប់ម្តាយ និងប្រញាប់យកទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្នំព្រាល។
ប៉ុន្តែ ដោយកុមារារងគ្រោះមានសភាពធ្ងន់ធ្ងរពេក ព្រោះសន្លប់បាត់ស្មារតីអស់រយៈពេលជាង ១ម៉ោង ទើបគ្រូពេទ្យហៅរថយន្តដឹកបន្តទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី០៩ តុលា ២០១៣ ស្ថិតនៅមុខផ្ទះកុមារារងគ្រោះក្នុងភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
កុមារារងគ្រោះឈ្មោះ ប៉េង ឧត្តម អាយុ ១ឆ្នាំ ៣ខែ មានឪពុកឈ្មោះ ប៉េង ធារ៉ា អាយុ ៤០ឆ្នាំ ម្តាយឈ្មោះ ហាក់ សំណាង អាយុ ៣៨ឆ្នាំ មានស្រុកកំណើតរស់នៅភូមិរំដួល ឃុំព្រៃរំដួល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមករស់នៅក្នុងភូមិកន្លែងកើតហេតុជាង ១០ឆ្នាំ កន្លងមកហើយ។
តាមប្រភពព័ត៌មានស្រ្តីជាម្តាយកុមារារងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានអង្គុយដាំបាយនៅក្រោយផ្ទះ ចំណែកប្តីរបស់គាត់បានទាញមងដាក់ត្រីយកទៅលាង ដោយយកទឹកលាយជាមួយសាប៊ូជាងកន្លះធុងស្ពេត្រូ។
ក្រោយពេលលាងរួចប្តីរបស់គាត់បានយកមងទៅដាក់ត្រីនៅឯព្រៃបាត់ ដោយទុកទឹកសាប៊ូក្នុងធុងស្ពេត្រូជាងកន្លះធុង ពេលនោះ កូនប្រុសពៅគាត់បានដើរលេងជាមួយនិងបងស្រីនៅមុខផ្ទះក្បែរធុងនោះ ស្រាប់តែមួយសន្ទុះក្រោយមកកូនស្រីរបស់គាត់ឈ្មោះ ប៉េង អ៊ិងជូ អាយុជាង ២ឆ្នាំ រត់ទៅប្រាប់ថា កូនប្រុសពៅគាត់លង់ទឹក តែដោយកូនស្រីនិយាយមិនច្បាស់ ទើបគាត់ប្រើក្មេងស្រីម្នាក់ទៀតឈ្មោះ សំណាង អាយុ ១៣ឆ្នាំ ឱ្យទៅមើល។
ពេលក្មេងស្រីឈ្មោះ សំណាង បីកូនប្រុសពៅរបស់គាត់មកឲ្យគាត់ដោយប្រាប់ថា កូនគាត់បានឱនក្បាលទៅក្នុងធុងស្ពេត្រូលង់ស្លាប់បាត់បង់ជីវិតទៅហើយ គ្រាន់តែឮដូច្នេះ គាត់ស្រឡាំងកាំងរកនិយាយអ្វីមិនចេញ ក៏ស្ទុះទៅចាប់កូនមករលាក់ទឹកចេញ តែអត់មានទឹកបន្តិចចេញមកពីក្នុងមាត់កូនទេ ហើយសន្លប់បាត់ស្មារតីរហូតដល់ចូលមណ្ឌលសុខភាពហើយនៅតែអត់ដឹងខ្លួន។
ប្រភពបន្តទៀតថា ពេលទៅដល់មណ្ឌលសុខភាពដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ក៏ទាក់ទងទៅរថយន្តសង្គ្រោះមន្ទីរពេទ្យខេត្ត លុះចំារថយន្តសង្គ្រោះយូរពេកមិនទាន់ទៅដល់ គាត់ក៏ជិះម៉ូតូឌុបយកកូនបម្រុងមកប៉ៃលិន តែសំណាងល្អជួបរថយន្តសង្គ្រោះនៅតាមផ្លូវ ទើបហៅឲ្យឈប់ ហើយលើកកូនប្រុសរបស់គាត់ដាក់លើរថយន្ត ព្រមទាំងដាក់ខ្យល់អុកស៊ីហ្សែនកូនគាត់ក៏ដឹងឡើងវិញ ពេលនេះ កំពុងតែសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីតាមដានមើលពីអាការៈជំងឺថា តើកូនគាត់បានលេបទឹកសាប៊ូច្រើនឬអត់៕ប្រភព ពីកោះសន្តិភាព

