បុរស​ម្នាក់ដើរ​ឆ្លង​ថ្នល់​ ត្រូវ​រថ​យន្ត​ធន់​ធំ​​បើក​បុក​ និង​កិន​បែក​ក្បាល​ស្លាប់​​ យ៉ាង​អាណោច​អធ័ម​

10/09/2013 0 Comments A+ a-

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅនឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​ចេញ​ពី​ធ្វើ​ការ​នៅរោង​ចក្រ​ ហើយ​ដើរ​ឆ្លង​ថ្នល់​សំដៅ​ទៅ​ផ្ទះ​ជួល​ ក៏​ត្រូវ​រថ​យន្ត​ធន់​ធំ​ម៉ាក​នី​ស្សាន់​ឌី​សែល​ ១គ្រឿង​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 3A-9547​ បើក​បុក​ និង​កិន​បែក​ក្បាល​ខ្ទេច​ស្លាប់​យ៉ាង​អាណោច​អាធ័ម​បំផុត។​
​ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៦ និង​ ១០​នាទី ល្ងាច​ថ្ងៃទី​០៩​ តុលា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ចំណុច​ខាង​កើត​សា​លា​ក្តី​ខ្មែរ​ក្រហម​ ស្ថិត​ក្នុង​ភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 
បុរស​​រង​គ្រោះ​មាន​ឈ្មោះ​ សុខ​ វិទ្ធី​ អាយុ​ ២៨​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរ​សាងាំ​ ឃុំ​ពុទ្ធ​ស​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​ មុខ​របរ​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​ យ៉ុង​ ដាវី​ ស្នាក់​នៅ​ផ្ទះ​ជួល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។ ​
ក្រោយ​បង្ក​ហេតុ​ រថ​យន្ត​ខាង​លើ​បាន​បើក​រត់​ប្រមាណ​ជា​ ៥០០​ម៉ែត្រ​ ទើប​ត្រូវ​សមត្ថ​​កិច្ច​ប៉ុស្តិ៍​កន្ទោក​ ដែល​ដើរ​ល្បាត​តាម​មូល​ដ្ឋាន​ចាប់​បាន​ ចំណែក​អ្នក​បើក​បរ​រត់​គេច​ខ្លួន​បាត់​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បា​ន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​នៅ​ស្រុក​កំណើត​៕ប្រភព ពីកោះសន្តិភាព