​លោក ស ខេង និង លោក កឹម សុខា អះអាង​ខុសគ្នា​លើ​ការ សុំ​តំណែង​នៅ​រដ្ឋសភា​​

10/09/2013 0 Comments A+ a-

​នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខ អះអាង​ខុសៗ​គ្នា ទៅលើ​ការចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស ករណីសុំ​តំណែង​រដ្ឋសភា ដើម្បី​តុល្យភាព​អំណាច​។​
​នៅ​ថ្ងៃ​ពុធ​នេះ លោក ស ខេង បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ចែក​ប័ណ្ណ​ស​សើរ​ដល់​មន្ត្រី​ប៉ូលិស​ថា កាលពី​រសៀល​​ថ្ងៃ​ទី​៦​តុលា មុន​ពេល​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​សមាជ​មហាជន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​ទូរស័ព្ទ​មក​រូបលោក​។ លោក ស ខេង បញ្ជាក់ថា លោក សម រង្ស៊ី បាន​ប្រាប់​រូប​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ លែង​ចង់​បាន​តំណែង​ជា​ប្រធាន​រដ្ឋសភា​ទៀត​ហើយ តែ​ស្នើសុំ​តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​ស្មើ​គ្នា​គឺ ៦​រូប​ម្ខាង​។​
​សំណើរ​របស់​លោក សម រង្ស៊ី ត្រូវបាន​លោក ស ខេង ច្រានចោល ដោយសារ​តែ​វា​នាំ​ឲ្យ​ជាប់​គាំង​ការសម្រេច​កិច្ចការ​រដ្ឋ​សភា​។ លោក ស ខេង បញ្ជាក់ទៀតថា រដ្ឋសភា អាច​ប្រជុំ​ទៅបាន ទាល់តែ​មាន​សំឡេង​គាំទ្រ ៥០ %​បូក ១ គឺ ៧ សំឡេង ទល់នឹង​៥ សំឡេង​។​លោក ស ខេង មានប្រសាសន៍ថា គណបក្ស ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ដដែល​ដោយ​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តំណែង​ជា​អនុប្រធាន​រដ្ឋ សភា​១ ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ៤ និង​អនុប្រធាន​គណៈកម្មការ​៥ ក្នុង​ចំណោម​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​ទាំង ៩​។
​សមាសភាព​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា មាន ចំនួន​២១​រូប​។ បើ​តាម​រូបមន្ត​គណបក្ស​ប្រជាជន​ផ្តល់ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​សមាជិក​១០​រូប ក្នុងចំណោម​២១​រូប​។​
​លោក កឹម សុខា លោក​បញ្ជាក់ថា លោក មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ តែ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គឺ ទាមទារ​ឲ្យមាន​តុល្យភាព​អំណាច​នៅរ​ដ្ឋ ដោយ​សមាសភាព​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​៦​ស្មើ ហើយ តំណែង​ប្រធានរដ្ឋសភា គឺ​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។
VOD មិនទាន់​អាច​ទាក់ទង លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។​
អគ្គ​លេខាធិការដ្ឋានរ​ដ្ឋ​សភា ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ការបើក​សម័យប្រជុំ​សភា​លើក​ទី​១​នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​១០​ខែតុលា ស្អែក​នេះ បើទោះជា​មាន​ការបដិសេធ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។
សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា ចេញផ្សាយ​នៅ​ថ្ងៃទី​០៩ ខែតុលា ឲ្យដឹងថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​នេះ នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​៨​ព្រឹក ក្រោម​ម​អធិបតីភាព​របស់ លោក ហេង សំរិន ប្រធានរដ្ឋសភា​។​
​គណៈកម្មការ ទាំង​៩​នៃ​រដ្ឋសភា​នោះ រួមមាន គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង​មុខងារ​សាធារណៈ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​ឃោសនា​វប្បធម៌ និង​ទេសចរណ៍ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី និង​គណៈកម្មការ​សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕ប្រភព ពី​វីអូឌី