កិច្ចប្រជុំកំពូលអាស៊ាន ផ្ដោតលើ ការកសាងសហគមន៍អាស៊ាន
កិច្ចប្រជុំកំពូលលើកទី២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ASEAN បានចាប់ផ្តើមនៅថ្ងៃពុធទី០៩ ខែតុលា ដោយមានរយៈពេលពីរថ្ងៃ ហើយត្រូវបានរាយការណ៍ថា របៀបវារៈដំបូង ផ្តោតទៅលើការបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥ និងបញ្ហាសមុទ្រចិនភាគខាងត្បូង។
ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃថ្នាក់ដឹកនាំ ប្រទេសជាសមាជិកសមាគមអាស៊ាន នឹងជួបជាមួយសមភាគី និងថ្នាក់ដឹកនាំ ដែលជាដៃគូពិភាក្សាផ្សេងទៀត ដើម្បីពិភាក្សាពីការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម។
កិច្ចប្រជុំកំពូលនេះ ក៏បានបង្ហាញពីការផ្ទេរប្រធានកិច្ចប្រជុំអាស៊ាន ពីប្រទេសប្រុយណេ ទៅកាន់ប្រទេសភូមា ដែលនឹងទទួលតំណែងនេះចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤។
អគ្គលេខាធិការរបស់អាស៊ាន លោក Le Luong Minh មកពីប្រទេសវៀតណាមនិយាយថា អាស៊ានក្នុងឆ្នាំ២០១៤ នៅតែបន្តផ្តោតសំខាន់ទៅលើគោលដៅរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ទាក់ទងនឹងការធ្វើសមាហរណកម្មអាស៊ាន និងការរួមកម្លាំងគ្នា តែមួយក្រោមពាក្យស្លោក <<សហគមមួយ វាសនាតែមួយ>>។
សូមរំលឹកថា សមាគមអាស៊ានត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៦៧ ដែលក្នុងនោះមានប្រទេសជាសមាជិកដូចជា ប្រទេស ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន សិង្ហបូរី ប្រុយណេ ម៉ាឡេស៊ី វៀតណាម ឡាវ កម្ពុជានិងភូមា។ បច្ចុប្បន្ន ប្រទេសដៃគូអាស៊ាន មាន ជប៉ុន ចិន អាមេរិក ឥណ្ឌា អូស្ត្រាលី និងអង្គការសហប្រជាជាតិ៕ប្រភព ពីវីអូឌី

