ព្រះមហាក្សត្រ ប្រោសប្រទានថវិកាប្រមាណ ១ លានដុល្លារ សម្រាប់សាងសង់អគារថែទាំមនុស្សចាស់
ភ្នំពេញ: ព្រះមហាក្សត្រកម្ពុជា បានប្រោសព្រះរាជទានថវិកា ចំនួនប្រមាណ ១ លានដុល្លារអាមេរិក សម្រាប់សាងសង់អគារថែទាំមនុស្សចាស់ នៅកម្ពុជា ជាលើកដំបូង។ អគារនេះ បាននិងកំពុងសាងសង់ នៅក្នុងបរិវេណនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានកំពស់៤ជាន់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០១៤ ខាងមុខ។
លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថាៈ “រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ដល់មនុស្សចាស់ ដែលកំពុងកើនទ្បើងនៅកម្ពុជា ព្រោះជីវភាពរបស់ប្រជាជន កាន់តែប្រសើរទ្បើង ដែលធ្វើឲ្យពួកគាត់រស់បានកាន់តែយូរ”។
លោកបានបន្តថា “នេះជាលើកទីមួយហើយ ដែលយើងមានកម្មវិធីថែទាំមនុស្សចាស់ ក្រោមការយកចិត្តទុកដាក់ ពីព្រះមហាក្សត្រ និងរដ្ឋាភិបាល”។
លោកបានបន្តថា“អគារនេះ មិនត្រឹមប្រើប្រាស់សម្រាប់តែព្យាបាលជំងឺទេ តែជាមណ្ឌលបណ្តុះបណ្តាលបន្តដល់គ្រូពេទ្យ សម្រាប់ធ្វើការងារថែទាំ និងព្យាបាលមនុស្សចាស់ ដែលយើងនឹងពង្រីកទៅតាមបណ្តាខេត្តមួយចំនួនទៀត នាពេលខាងមុខ ”។
លោកសាស្ត្រាចារ្យ ងី ម៉េង បានឲ្យដឹងដែរថា បច្ចុប្បន្ន យើងកំពុងរៀបចំក្រុមគ្រូពេទ្យមួយក្រុម សម្រាប់ការងារនេះ ដើម្បីឲ្យពួកគាត់បានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីពេលអគារនេះ បើកដំណើរការ យើងមានគ្រូពេទ្យសម្រាប់ធ្វើការពិនិត្យ និងព្យាបាលដល់មនុស្សចាស់។
អគារថែទាំ និងព្យាបាលមនុស្សចាស់ ផ្តោតលើការពិនិត្យ និងព្យាបាលជំងឺមួយចំនួន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺស្ត្រូក ដែលធ្វើឲ្យអ្នកជំងឺស្លាប់មួយចំហៀងខ្លួន ងាប់ដៃជើង ដែលត្រូវព្យាបាលបន្ត ជំងឺភ្លេចភ្លាំងច្រើន និងការលំបាកក្នុងការធ្វើចលនា ដោយយើងនឹងធ្វើការព្យាបាលដោយចលនា និងការហាត់ប្រាណ និងបញ្ហាលំបាកបន្ទោរបង់តូច និងធំជាដើម។ អគារនេះ មានគ្រែសរុប ចំនួន២៥ គ្រែ និងកន្លែងផ្តល់សេវាអប់រំ ហាត់ប្រាណ និងការអប់រំទាក់ទងនឹងការប្រើប្រាស់ចំណីអាហារ ឲ្យបានត្រឹមត្រូវ។
យោងតាមការអង្កេតថ្នាក់ជាតិរបស់ក្រសួងផែនការ កាលពីឆ្នាំ២០១១ បានរកឃើញថា នៅកម្ពុជា មានមនុស្សចាស់ ៣,៥ ភាគរយ ដែលពួកគាត់មានអាយុ ៦៥ឆ្នាំទ្បើង៕
ប្រភពពី CEN