ដេញប្រពន្ធមិនឲ្យឡើងផ្ទះ កូនទៅសួរ យកចន្ទល់រទេះវាយ របួសធ្ងន់
ខេត្តកំពង់ឆ្នាំង: យុវជនម្នាក់ បានរងរបួសជាទម្ងន់ ដោយសារឪពុកបង្កើតរបស់ខ្លួន យកចន្ទល់រទេះ វាយទៅលើក្បាល និងដងខ្លួនជាច្រើនកន្លែង ក្នុងជម្លោះគ្រួសារមួយ ដែលបានកើតឡើង កាលពីវេលាម៉ោងជាង២១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅនឹងផ្ទះរបស់ខ្លួន ក្នុងភូមិត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
នៅមន្ទីរពេទ្យ ក្រុមគ្រួសារ បានប្រាប់ឲ្យដឹងថា ឪពុកដែលជាជនដៃដល់នោះ ឈ្មោះកែវ ភៀង អាយុ៥៦ឆ្នាំ។ រីឯកូនប្រុសដែលត្រូវឪពុកយកចន្ទល់រទេះវាយ បណ្តាលឲ្យរបួសធ្ងន់នោះ ឈ្មោះអូ ឌឹក អាយុ២៩ឆ្នាំ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្រុមគ្រួសារ បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងយប់កើតហេតុនោះ ជនដៃដល់ជាឪពុក បានផឹកស្រាស្រវឹង ហើយពេលត្រឡប់មកផ្ទះវិញ បានរករឿងឈ្លោះជាមួយប្រពន្ធ (ដែលត្រូវជាម្តាយរបស់ជនរងគ្រោះ) ដោយដេញវាយប្រពន្ធមិនឲ្យហូបបាយ និងមិនឲ្យឡើងផ្ទះទៀតផង។ ឃើញដូចនេះ កូនប្រុសបានទៅសួរពីមូលហេតុ ធ្វើឲ្យឪពុកខឹង ក៏ស្ទុះទៅទាញចន្ទល់រទេះ វាយទៅលើជនរងគ្រោះ ជាកូន បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
មកទល់នឹងព្រឹកថ្ងៃទី១៦ តុលានេះ ជនដៃដល់ជាឪពុក សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ៕
ប្រភពពី CEN