រំលោភរួច ចាក់សម្លាប់កុមារី អាយុ១៣ឆ្នាំម្នាក់ ក្នុងទឹកអូរ នៅរតនមណ្ឌល
បាត់ដំបង: ឃាតកមិនស្គាល់មុខ បានរំលោភកុមារី អាយុ១៣ឆ្នាំម្នាក់ រួចប្រើកាំបិតចុងស្រួច ចាក់សម្លាប់ ហើយយកទៅបោះចោលក្នុងទឹកអូរ ខណៈពេលកុមារីរងគ្រោះ ទៅឃ្វាលគោតែម្នាក់ឯង កាលពីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅចំណុចអូររំចេក ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ ងួប ច្រឹប ហៅ កិប អាយុ១៣ឆ្នាំ រស់នៅភូមិសេរីវ័ន្ធ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នៅលើខ្លួនសាកសពកុមារីរងគ្រោះ គឺមានស្នាមចាក់ ដោយកាំបិតចុងស្រួច ត្រង់បោះដៃផុតខាង ឆ្វេងចំនួន២កាំបិត ត្រង់ក្រោមដោះខាងស្ដាំ មួយកាំបិត ត្រង់លើដោះខាងឆ្វេង មួយកាំបិត។
លោកឡាច ប្រុស បានស្រង់សំដីសាក្សី មកបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ កុមារីរងគ្រោះ បានដេញគោចេញពីផ្ទះ ទៅគ្វាលតាមវាល រហូតដល់ចំណុចអូររំចេក។ នៅវេលាពេលបាយថ្ងៃត្រង់ បងស្រីកុមារីរងគ្រោះ ម្នាក់បានយកបាយ ទៅឲ្យកុមារី រងគ្រោះហូប។ ពេលដើរទៅដល់ចំណុចវាលអូររំចេកនោះ ឃើញតែសត្វគោ មិនឃើញមនុស្ស (កុមារីរងគ្រោះ) ហើយបានដើររក រហូតដល់ម៉ោង ប្រហែលជាង១រសៀល ថ្ងៃទី១៥ ខែតុលា ក៏ប្រទះឃើញសាកសពប្អូនស្រី នៅក្នុងទឹកអូរ ទាំងខ្លួនអាក្រាត។
លោកឡាច ប្រុស បានបញ្ជាក់ថា ករណីខាងលើនេះ គឺជាករណីរំលោភ រួចចាក់សម្លាប់ ដោយឃាតកមិនស្គាល់មុខ៕
ប្រភពពី CEN