សម្តេច ហេង សំរិន អំពាវនាវឲ្យគណបក្សសង្គ្រោះជាតិ មកចូលរួមចរចា និងប្រជុំរដ្ឋសភា
ភ្នំពេញ: សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១០តុលានេះ បានប្រកាសបើកទ្វារចំហរជានិច្ច សម្រាប់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលរួមចរចា និងប្រជុំរដ្ឋសភា។ បើសិនជាក្រុមអ្នកតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ មកប្រជុំរដ្ឋសភា នោះនឹងមានការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំរដ្ឋសភា រួមទាំងគណៈកម្មការជំនាញទាំង ៩ ដែលត្រូវបានបោះឆ្នោត នៅព្រឹកនេះ។
បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកសមាជិកាគណៈកម្មការជំនាញរដ្ឋសភាទាំង៩ រួចមក សម្តេច ហេង សំរិន បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែតថា “អាសនៈរបស់គណបក្សសង្គ្រោះជាតិ យើងមិនទាន់សម្រេចបែបណាទេ។ គេធ្វើពហិការ មិនចូលរួមប្រជុំ ជាសិទ្ធិរបស់គេ។ ចាំទៅខាងមុខទៀត យើងនឹងដោះស្រាយយ៉ាងម៉េច ណានឹងទាល់តែយើងធ្វើម៉េចឲ្យគេ មកចូលរួម បើថាគេមិនចូលរួម អានឹងចាំគិតទៀត”។
សម្តេច ហេង សំរិន បន្តថា ការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំរដ្ឋសភា និងគណៈកម្មការជំនាញនៅរដ្ឋសភា នឹងមាន តាមរយៈការសម្របសម្រួលនយោបាយ បើសិនជាគណបក្សសង្គ្រោះជាតិ មកចូលរួមចរចារវាងគណបក្សនយោបាយទាំងពីរ អានឹងឯកភាពគ្នា។ ប៉ុន្តែការចរចាផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំរដ្ឋសភា និងគណៈកម្មការនោះ គឺយើងកំណត់ឲ្យ។
តាមការកំណត់របស់គណបក្សប្រជាជនកម្ពុជា គឺថ្នាក់ដឹកនាំរដ្ឋសភា និងគណៈកម្មការជំនាញនៅរដ្ឋសភា ត្រូវប្រគល់ឲ្យគណបក្សសង្គ្រោះជាតិ នូវអនុប្រធានរដ្ឋសភា១ ប្រធានគណៈកម្មការជំនាញ ៤ និងអនុប្រធានគណៈកម្មការ ៥។
ប៉ុន្តែគណបក្សសង្គ្រោះជាតិ ទាមទារយកប្រធានរដ្ឋសភា និងប្រធានគណៈកម្មការជំនាញភាគច្រើន ក្នុងរដ្ឋសភា ដើម្បីអ្វីដែលគណបក្សប្រឆាំង ចាត់ទុកថា ឲ្យមានតុល្យភាពអំណាច ជាមួយនឹងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង៕
ប្រភពពី CEN
