អង្គការ​ក្នុង​ស្រុក​រក​អន្តរាគមន៍​ពី UN ក្នុង​បណ្ដឹង​ប្រឆាំង​មន្ត្រី​ដែន​ជម្រក​សត្វ

10/10/2013 0 Comments A+ a-

កំពង់ស្ពឺៈ អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត កំពង់ស្ពឺ បាន​ដាក់​សំណើ និង​បញ្ជី​ឈ្មោះ​មនុស្ស​ជាង ២០០ នាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ស្នើ​សុំ​ឃ្លាំ​មើល និង​ស៊ើប​អង្កេត​សំណុំ​រឿង​នៅ​តុលាការ ដែល​បាន​ប្តឹង​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំឱរ៉ាល់ និង​អាជ្ញាធរ​ជាច្រើន​នាក់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។
លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ខេត្ត កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​សំណើ​រួម​នឹង​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន ២៤១ នាក់​ទៅ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ឲ្យ​ជួយ​ឃ្លាំ​មើល​សំណុំ​រឿង​ដែល​លោក​បាន​ដាក់​ទៅ​តុលាការ​ខេត្ត ប្តឹង​លោក ឈុន ឈៀហេង ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ ឱរ៉ាល់ និង​មន្រ្តី ៨ នាក់​ទៀត​ពី​ការ​សម​គំនិត​ដោយ​ចេតនា​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រាន​យក​ដី​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​ការពារ​ដោយ​ព្រះ​រាជក្រឹត្យ។
លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ស្នើ​សុំ​អង្គការ​សហ​ប្រជាជាតិ​ជួយ​តាម​ឃ្លាំ​មើល និង​ចុះ​ស៊ើប​អង្កេត​សំណុំ​រឿង​ខ្ញុំ ដើម្បី​ឲ្យ​ដំណើការ​ដោយ​យុត្តិធម៌ និង​ផ្តន្ទាទោស​ជន​ល្មើស»។
លោក​បាន​បន្ត​ថា បន្ទាប់​ពី​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ខែ កក្កដា កន្លង​ទៅ តុលាការ​ខេត្ត កំពង់ស្ពឺ បាន​កោះ​ហៅ​លោក និង​លោក ឈុន ឈៀហេង ទៅ​សាក​សួរ​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​នេះ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឃាត់​ខ្លួន​អ្នក​ណា​ម្នាក់​នៅ​ឡើយ​ទេ។ ដោយ​បារម្ភ​ថា តុលាការ​តម្កល់​បណ្តឹង​របស់​លោក​មិន​ចាត់​ការ ទើប​លោក​ស្វែង​រក​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ជួយ។
កាល ពី​ម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​បាន​សំណើ​ថត​ចម្លង​ដែល​លោក ជា ហ៊ាន ដាក់​ទៅ​ឧត្តម​ស្នងការ​នោះ​ដោយ​បាន​រៀប​រាប់​ពី​សកម្មភាព​ស៊ើប​អង្កេត​របស់​អង្គការ​លោក​ពី​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​ខេត្ត កំពង់ស្ពឺ និង កោះកុង និង​ពី​សំណុំ​រឿង​ដែល​លោក​មាន​ក្តី​ក្តាំ ជាមួយ​នឹង​មន្រ្តី​ដែន​ជម្រក រហូត​ដល់​មាន​ការ​បង្កើត​ភ័ស្តុតាង​ក្លែងក្លាយ ដើម្បី​ចាប់​លោក​ឃុំ​ខ្លួន​ជិត ៣ ឆ្នាំ និង​ធ្វើ​ឲ្យ​បុគ្គលិក​អង្គការ​លោក​ទទួល​ការ​គំរាម​កំហែង​អាយុ​ជីវិត ត្រូវ​បាន​បាញ់​របួស ដុត​ផ្ទះ និង ១៨ នាក់​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស ថៃ។
លោក​បាន​ថ្លែង​ថា តំណាង​អង្គការ​សហ​ប្រជាជាតិ​កំពុង​រក​មេធាវី​ការពារ​ក្តី​ឲ្យ​លោក។
ករណី ស្រដៀង​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ពុធ​នេះ លោក ជា ហ៊ាន គ្រោង​នឹង​ដាក់​សំណើ​មួយ​ច្បាប់​របស់​ពលរដ្ឋ ៤៨ គ្រួសារ​ក្នុង​ស្រុក ឱរ៉ាល់ ទៅ​រដ្ឋ​មន្រ្តី​ក្រសួង បរិស្ថាន ដើម្បី​ស្នើ​សុំ​ឲ្យ​ចាត់​ក្រុម​អធិការកិច្ច​របស់​ក្រសួង ចុះ​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ​នេះ និង​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ព្រំ​ប្រទល់​ការពារ ដោយ​ព្រះ​រាជក្រឹត្យ។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​លោក ឈុន ឈៀហេង នាយ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំឱរ៉ាល់ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ​ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។
លោក ខន សុខុន ប្រធាន​ក្រុម​ល្បាត​នៃ​ដែន​ជម្រក បាន​បដិសេធ មិន​អត្ថាធិប្បាយ​ទេ ដោយ​និយាយ​ថា មិន​មែន​ជា​លោក សុខុន។
ទោះ​យ៉ាង​ណា​លោក នៅ ណាក់ អនុ​ប្រធាន​មន្ទីរ បរិស្ថាន ខេត្ត កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា មន្រ្តី​ភាគ​ច្រើន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំឱរ៉ាល់ ជា​មន្រ្តី​ជាប់​កិច្ច​សន្យា​ដែល​ជ្រើស​រើស និង​គ្រប់​គ្រង​ដោយ​ក្រសួង បរិស្ថាន ហើយ​មន្ទីរ​របស់​លោក​អត់​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃឈើ​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា៖ «មន្រ្តី​នៅ​ដែន​ជម្រក​ទាំង​អស់​គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង បរិស្ថាន ហើយ​ខាង​មន្ទីរ​អត់​មាន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គេ​ទេ»៕