ប្តីក្រោយវាយធ្វើបាប របួសជាំពេញខ្លួន ដោយសារភ្លើងប្រចណ្ឌ ពេលទៅស៊ីឈ្នួលលើដីថៃ
ក្រុងប៉ោយប៉ែត ៖ ព្រោះតែភ្លើងប្រចណ្ឌ ប្តីចិត្តកំណាចម្នាក់ បានវាយធ្វើបាបនាងជាប្រពន្ធ ខណៈដែលទៅធ្វើការក្នុងដីថៃ ស្ថិតក្នុងភូមិឡៅអយ ស្រុកគោកធ្យូង ខេត្តស្រះកែវ បណ្តាលឲ្យរងរបួស ស្ទើរសុះសាច់ជាំពេញខ្លួន បានរត់មកសុំអន្តរាគមន៍ ពីប៉ូលិសការពារព្រំដែនគោក៩១១ ហើយក៏បានហៅរថយន្តសង្គ្រោះ របស់អង្គការខាំម៉ា ដឹកស្ត្រីរងគ្រោះទៅព្យាបាល ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។
ស្ត្រីរងគ្រោះមានឈ្មោះ ឃុត សៀត អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ បានរៀបរាប់ឲ្យដឹងថា ប្តីគាត់មានឈ្មោះ ឆៃ ហៅឌិន អាយុ ៣៦ឆ្នាំ ជាប្តីក្រោយរស់នៅ ជាមួយគ្នាទើបតែបាន មួយឆ្នាំ។ ស្ត្រីរងគ្រោះឈ្មោះ ឃុត សៀតនិងប្តី បានទៅធ្វើការស៊ីឈ្នួលឲ្យគេ ក្នុងទឹកដីថៃ ដោយប្តីមានការប្រចណ្ឌ ក៏បានវាយធ្វើបាបគាត់របួសសុះសាច់ និងក្បាល។
ដោយមិនអាចទ្រាំទ្រ ចំពោះការវាយធ្វើបាបឈ្មោះ ឃុត សៀត ក៏លួចរត់ចូលទៅពួនក្នុងព្រៃ តាំងពីវេលាម៉ោង ៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ លុះមកដល់ព្រលប់ថ្ងៃទី២៥ ខែតុលា ឈ្មោះ ឃុត សៀត បានលូនចេញពីព្រៃ រត់ចេញមកបានជួបនឹងជនជាតិថៃម្នាក់ សុំពឹងគេឲ្យជួយដឹកតាមឡាន មកដល់ភូមិណងកំប៉ុង ស្រុកអារញ្ញ ក៏បានជួបជនជាតិខ្មែរ អ្នកធ្វើការនៅទីនោះ ក៏សុំគេតាមឡានបន្តមករហូតដល់ ៣ដំណាក់ ទម្រាំមកដល់ព្រំដែន ជួបនឹងសមត្ថកិច្ច៕
ប្រភពពី វត្តភ្នំ

