ស្ដ្រី​ម្នាក់​វាយ​ធ្វើ​បាប លើ​កូន​ឈ្នួល​អាយុ១៥ឆ្នាំ ជាំ​ពេញ​ខ្លួន​

10/26/2013 0 Comments A+ a-

ភ្នំពេញ​​ ៖ ស្ដ្រី​ជា​ម្ចាស់​ផ្ទះ​ម្នាក់​បាន​ប្រើ​ហិង្សា​ធ្វើ​ទារុណកម្ម​ទៅ​លើ​ក្មេង​ប្រុស​អាយុ​១៥ឆ្នាំ​ដែល​ជា​អ្នក​បម្រើ​ជាំ​ពេញ​ខ្លួន​ ​រហូត​ធ្វើ​ឱ្យ​រូប​គេ​ទ្រាំ​មិន​បាន​រត់​ចេញ​ពី​ផ្ទះ​ ​កាល​ពី​ ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា​ ​ឆ្នាំ​២០១៣ ។
ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ ​ស្ដ្រី​ដែល​វាយ​ដំ​និង​ធ្វើ​ទារុណកម្ម​លើ​កូន​ឈ្នួល​របស់​ខ្លួន​មាន​ឈ្មោះ​ ​នុ​ត​ ​សុ​ភ័​ក្ដ្រ​ អាយុ​៣០ឆ្នាំ​ ​មុខ​របរ​លក់​ប្រហិត​នៅ​ផ្សារ​គីឡូ​លេខ​៤ ស្នា​ក់​នៅ​ផ្ទះ​ជួល​លេខ​១១៧ បន្ទប់​លេខ​១៤ ផ្លូវ​លេខ​១៣៨ ក្រុម​៨ ភូមិ​២ សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក​ ​រី​ឯ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ ​ឌួ​ង​ ​សូរ​ ​អាយុ​១៥ឆ្នាំ​ ​ស្នា​ក់​នៅ​ជាមួយ​ស្ដ្រី​ខាង​លើ​ ​ត្រូវ​ជា​បង​ប្អូន​ជីដូនមួយ​នឹង​គ្នា​។
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា​ ​ឆ្នាំ​២០១៣ មាន​ករណី​ប្រើ​ហិង្សា​ទៅ​លើ​កូន​ឈ្នួល​របស់​ ​ខ្លួន​នៅ​ចំណុច​ផ្ទះ​របស់​ស្ដ្រី​ខាង​លើ​ ​រហូត​ក្មេង​ប្រុស​ទ្រាំទ្រ​មិន​បាន​ ​ក៏​រត់​ចេញ​ពី​ផ្ទះ​មក​ប្រាប់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ថា​ ​ម្ចាស់​ផ្ទះ​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​ដោយ​ប្រើ​អំបោស​ ​រំពាត់​ ​ខ្សែ​ភ្លើ​ង​វាយ​មក​លើ​ដង​ខ្លួន​ជា​ញឹ​ក​ញាប់​រហូត​ជាំ​ពេញ​ខ្លួន​ ​។ ប្រភព​ប​ន្ដ​ថា​ ​បន្ទាប់​ពី​ដឹង​ថា​មាន​ករណី​ប្រើ​ហិង្សា​លើ​កូន​ឈ្នួល​ខ្លួន​ឯង​ជា​អ​នីតិ​ជន​បែប​នេះ​ ​ពួក​គាត់​ក៏​នាំ​ក្មេង​ប្រុស​រង​គ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលា​សង្កាត់​ទឹក​ល្អក់​ទី​១ ហើយ​សង្កាត់​បាន​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ចុះ​ឃាត់​ខ្លួន​ស្ដ្រី​ខាង​លើ​យក​មក​សួរ​នាំ​ ​។
បច្ចុប្បន្ន​​ស្ដ្រី​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ប្រុស​ខាង​លើ​ត្រូវ​ឃាត់​ខ្លួន​សាកសួរ​នៅ​ប៉ុស្ដិ៍​ទឹក​ល្អក់​ទី​១ ដើម្បី​ក​សាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​ប​ន្ដ​តាម​នី​តិ​វ​ធី​ ​៕
__________________________
ប្រភពព័ត៌មានពី៖ norkorwat news