ទូត​អូស្ត្រាលី​ ជម្រុញ​ឲ្យ​គណបក្ស​ជាប់​ ឆ្នោត​​ទាំង​ពីរ​បន្ត​ចរចា​គ្នា​ទៀត

10/26/2013 0 Comments A+ a-

ភ្នំពេញៈ ក្រោយ​ពី​បាន​ទទួល​ញាត្តិ និង​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី នៅ​ក្នុង​ស្ថានទូត​កាល​ពី​ព្រឹក​មិញ​ ពេល​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ញាត្តិ​មក​ដាក់ ស្ថានទូត​អូស្ត្រាលី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​អូស្ត្រាលី ជម្រុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បន្តពិភាក្សា ចរចា​គ្នា​បន្ត​ទៀត រួម​ទាំង ការ​ពិភាក្សា​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។
លោក​ស្រី Alison Burrows អគ្គរាជ​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នោះ​​​ថា លោកស្រី​បាន​ទទួល​ញាត្តិ​ពី​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី​ហើយ​។ គឺ​ញាត្តិ​ដែល​សុំ​ឲ្យ​អូស្រ្តាលី ជួយ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ដោយ​ធានា​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នៃ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង ប៉ារីស​ ឆ្នាំ ១៩៩១។
នៅ​ក្នុង​ជំនួប​ជាមួយ​មេ​បក្ស​ប្រឆាំង លោក​ស្រី​ អគ្គរាជ​ទូត បាន​មាន​ប្រសាសន៍​​ថា ប្រទេស​អូស្ត្រាលី​ជម្រុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បន្ត​​ពិភាក្សា ចរចា​បន្ត​ទៀត រួម​ទាំង ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដោយ​ថ្លែង​ថា «វា​សំខាន់​ខ្លាំង​ណាស់ ដែល​ថា រដ្ឋសភា​នៅ​តែ​បើក​ទ្វារ​ចំហរ​សម្រាប់ គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ទទួល​យក អាសនៈ​របស់​ពួកគេ»។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​តែ​ប្រកាស​រំសាយ​បិទ​បញ្ចប់ មហា​បាតុកម្ម​អហិង្សា​ចំនួន ៣ ថ្ងៃ នៅ​រសៀល​ថ្ងៃ​នេះ បាន​ដើរ​ដង្ហែរ​ក្បួន​យក​ញាត្តិ និង​ស្នាម​មេដៃ​ជាង ២​លាន​នាក់ ទៅ​ដាក់​ជូន អង្គការ​សហប្រជាជាតិ និង​តំណាង​ស្ថានទូត​ចំនួន ៨ ទៀត​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង ប៉ារីស រួម​មាន ស្ថានទូត អាមេរិក​ អង់គ្លេស បារាំង អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន ដើម្បី​ទាម​ទារ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំង​​នេះ ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត និង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​ ទីក្រុង ប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១។
លោក​ស្រី អគ្គរាជទូត បាន​បន្ត​ថា ប្រទេស​អូស្ត្រាលី​មាន​គណៈកម្មា​ការ​​អចិន្ត្រៃយ៍​ដ៏​រឹង​មាំ​ ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ លោកស្រី​ថ្លែង​ថា «យើង​នឹង​បន្ត​ជួយ​និង​ជម្រុញ​ឲ្យ​មាន​ការ​គោរព​ និង​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​នៅ​កម្ពុជា ហើយ​នឹង​បន្ត​ធ្វើ​ការ​ជា​ដៃគូរ ជាមួយ​កម្ពុជា​ក្នុង​នាម​ជា​មិត្ត ក្នុង​ការ​ជួយ​ស្តារ និង​អភិវឌ្ឍន៍​កម្ពុជា​ជា​បន្ត​ទៀត»។
សូមបញ្ជាក់ថា ស្ថានទូត​អូស្ត្រាលី គឺជា​ស្ថាន​ទូត​ទី​មួយ​ហើយ ដែល​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន ក្រោយ​ពី​ទទួល​យក​ញាត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ពេល​ដែល​ស្ថានទូត​ផ្សេង​ទៀត​កំពុង​ធ្វើ​ការ​ពិចារណា ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ទៅ​លើ​រាជ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កើត​ចេញ​ពី​សភា​ឯកបក្ស ដែល​គណបក្ស​ប្រឆាំង​នេះ បដិសេធ​មិន​ទទួល​ស្គាល់ រាប់​ទាំង​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ២៨ កក្កដា។