ករុណាពេជ្រ និងសុគន្ធ និសា ដឹកដៃគ្នាធ្វើកម្មករ លីបាវនៅពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ បើកអ៊ីនធឺណិតមើលចំគណនីហ្វេសប៊ុកមួយស្រាប់តែឃើញតារាចម្រៀង ករុណា ពេជ្រ និងសុគន្ធ និសា ដ៏មានប្រជាប្រិយជាច្រើនដួងលីបាវអង្ករ មី និងសម្ភារបរិក្ខារមួយចំនួនក៏ម្នាក់ៗនឹកស្មានថាតារាចម្រៀងទាំងនេះ ធ្វើជាកម្មករពីអង្កាល់ ទើបហាក់ដូចជាស្វាហាប់ម្ល៉េះ តែតាមពិតនេះជាសកម្មភាពពួកគេចូលរួមផ្តល់អំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅពោធិ៍សាត់សោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ និងជាលើកទី១ ដែលក្រុមតារាសម្តែង និងតារាចម្រៀង របស់ផលិតកម្មថោន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ ចូលរួមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ដោយសារទឹកជំនន់ ដឹកនាំដោយ លោក ហេង សុខគង់ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ និងសហការីដូចជា លោក សំ ណារិទ្ធិ លោក វេត វិសេសបញ្ញា លោក ហេង សុភាណា ដើម្បីសហការជាមួយផលិតកម្មថោន ដែលដឹកនាំដោយ ។
លោក ករុណា ពេជ្រ និងសហការី រួមមាន ដូចជាកញ្ញា សុគន្ធ នីសា លោក សុគន្ធ ថេរ៉ាយុ កញ្ញា អេនី សាម លោក សេម ព្រមទាំងសមាជិក នៃផលិតកម្មថោនមួយចំនួនទៀត បានពាំនាំយកនូវអំណោយ ជូនគ្រួសាររងគ្រោះចំនួន ០៤ ភូមិ នៅឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា បណ្តាជនរងគ្រោះទាំងអស់ ក្នុងនោះ មានអ្នកស្រុកមកពីភូមិក្បាលឈើពុក ២៥គ្រួសារ ភូមិត្រពាំង ថ្ម១៣គ្រួសារ ភូមិធ្លក២០គ្រួសារ ភូមិវត្តលៀប ២២គ្រួសារ សរុបចំនួន១០០ គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ទឹកសុទ្ធ៣ដប ទឹកត្រចៀកកាំ២កំប៉ុង ទឹក ថ្នាំលាងដៃសម្លាប់មេរោគ១ដប ថ្នាំប៉ារ៉ាសេតាម៉ុល២បន្ទះ និងថវិកា២ម៉ឺនរៀលផងដែរ ។
ប្រភពដដែលនេះបានបន្តថា ក្រុមតារាចម្រៀងទាំងនេះបានជិះទូក និងលុយទឹកដឹកអង្ករ ខ្លះលីអង្ករ និងថវិកាជូនដោយផ្ទាល់ដៃដល់ជនរងគ្រោះតាមផ្ទះនីមួយៗ ហើយសំពះដោយទន់ភ្លន់ស័ក្តិសមជាកូនខ្មែរទៀតផង។ ហេតុនេះក្នុងនាមប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទាំងអស់ នៃខេត្តពោធិ៍សាត់សូមគោរពថ្លែង អំណរ គុណ និងប្រសិទ្ធសាធុការពរ ដល់សប្បុរសជនទាំងអស់ ឲ្យបានភពប្រសប់តែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា ផលិតកម្មថោន ជាផលិតកម្ម គំរូមួយ ហើយសិល្បករទាំងអស់ ដែលបានចូលរួម ជាសិល្បករដែលមានសុឆន្ទៈ និងឧត្តមគតិខ្ពស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្តទៅចូលរួមផ្ទាល់ ក្នុងការចែកស្បៀងសង្គ្រោះបន្ទាន់ ដើរ លុយទឹក ជិះទូក ទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយទឹកជំនន់ ដើម្បីជាការ ចូលរួមចំណែក រំលែកទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារខ្លះ ទៀតកំពុងដាច់ស្បៀង ព្រមទាំងត្រូវការការជួយសង្គ្រោះពីបងប្អូនសប្បុរសជនទាំងអស់៕
Source From : http://www.ve-news.com