កម្ពស់​​ទឹក​នៅ​​ទន្លេ​​វ៉ៃគោ ឡើង​​ដល់​​ចំណុច​​​ប្រកាស​​អាសន្ន ត្រៀម​​ការពារ​​ក្រុង​​​ស្វាយ​​រៀង

10/09/2013 0 Comments A+ a-

ខេត្តស្វាយរៀង ៖ ទឹកទន្លេវ៉ៃគោ បានឡើងដល់កម្ពស់ ២,៩១ម៉ែត្រ ដែលជាចំណុចប្រកាសអាសន្នហើយ ខណៈទឹកជន់លិចប៉ះពាល់ ចំនួន៤ស្រុក-ក្រុង គឺស្រុករមាសហែក ស្រុកស្វាយជ្រំ និងស្រុកកំពង់រោទ៍ ហើយពេលនេះចាប់ផ្តើមប៉ះពាល់ ដល់ក្រុងស្វាយរៀង ដែលអាជ្ញាធរកំពុងត្រៀមកម្លាំង ទប់ទឹកនៅតាមខ្សែក្រវាត់ក្រុង ។
ទាក់ទិននឹងករណីខាងលើ លោក ណុប ទូច អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់ឱ្យដឹងថា កម្ពស់ទឹកដែលប្រកាសអាសន្ន នាព្រឹកថ្ងៃទី៨ តុលា គឺជាកម្ពស់ទឹកទន្លេ ពុំមែនមកពីទឹកភ្លៀងទេ ។ បើតាមការព្យាករណ៍ឧតុនិយម របបទឹកភ្លៀងឆ្នាំ១០១៣នេះ គឺនៅខ្វះខាត តែបើគិតជាមធ្យម របបទឹកភ្លៀងមាន១.៦០០មីល្លីម៉ែត្រក្នុងឆ្នាំ២០១២ រីឯឆ្នាំ២០១៣មានទឹកភ្លៀងត្រឹម១.១៣០,៨មីល្លីម៉ែត្រ គឺទាបជាង ។ លោក ណុប ទូច បន្តទៀតថា ទឹកទន្លេវ៉ៃគោឆ្នាំនេះឡើងកម្ពស់២,៩១ម៉ែត្រ គឺដល់ចំណុចប្រកាសអាសន្នហើយ បើឡើងកម្ពស់២តឹកទៀត ត្រូវលិចមាត់លូបង្ហូរទឹកចេញពីក្រុងស្វាយរៀង និងអាចលិចភូមិ-សង្កាត់នានានៅជាយក្រុង និងស្រុក៣ទៀតគឺស្រុកស្វាយជ្រំ កំពង់រោទ៍ និងស្រុករមាសហែក និងប៉ះពាល់សន្ទូងរាប់ពាន់ហិកតា ។
នៅសាលាខេត្តនាថ្ងៃទី៨ តុលា លោក ជៀង អំ អភិបាលខេត្ត បានកោះប្រជុំអភិបាលស្រុក-ក្រុងទាំង៨ និងប្រធានមន្ទីរពាក់ព័ន្ធ ដើម្បីចុះជាមួយមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ត្រីមន្ទីរកសិកម្មខេត្តទៅកាន់ស្រុក-ក្រុងទាំង៤ ដើម្បីពិនិត្យមើលផលប៉ះពាល់ និងរកវិធានការជួយសង្គ្រោះបន្ទាន់ ។ ជាពិសេសគឺរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋរងគ្រោះ និងត្រៀមមន្ត្រីសុខាភិបាលចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅតាមភូមិ-ឃុំដែលប៉ះពាល់ដោយទឹកជំនន់ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព