មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានតែងតាំងជាទីប្រឹក្សា និងអនុរដ្ឋលេខាធិការតាមក្រសួងរដ្ឋ
ដោយ គឹម យុទ្ធណា
បើទោះបីជាគណបក្សហ្វ៊ុនស៊ិនប៉ិច មិនទទួលបានអាសនៈនៅក្នុងសភា ក៏ដោយ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងគណបក្សរាជានិយមមួយនេះ នៅតែមានមុខមាត់ទទួលបានតំណែងនៅក្នុងរដ្ឋាភិបាលជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ពួកគេមិនមានតួនាទីទទួលខុសត្រូវអ្វីនៅក្នុងជួររាជរដ្ឋាភិបាលនោះទេ។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលជាអតីតឧបនាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជន នៅក្នុងអាណត្តិ ទី៤ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា មានមន្ត្រីហ្វ៊ុនស៊ិនប៉ិចមួយចំនួននឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណតិ្តទី៥នេះ តែងតាំងឲ្យធ្វើជាទីប្រឹក្សា និងជាអនុរដ្ឋលេខា នៅតាមក្រសួងនានារបស់រដ្ឋ។
បើតាមលោកញឹក ប៊ុនឆៃ មន្ត្រីទាំងអស់នោះគ្រាន់តែទទួលតួនាទី ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុរដ្ឋលេខាធិការនៅតាមក្រសួងរបស់រដ្ឋ តែប៉ុណ្ណោះ ហើយពួកគេពុំមានតួនាទីទទួលខុសត្រូវអ្វី នៅក្នុងជួររាជរដ្ឋាភិបាលនោះទេ។
គួររំលឹកថា លោក ញឹក ប៊ុនឆៃ ដែលកាលពីថ្ងៃទី១ ខែតុលាកន្លងទៅ នេះ ត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រិត្យតែងតាំងឲ្យក្លាយជាទីប្រឹក្សារបស់លោក ហ៊ុន សែន ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី ៥ នេះ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ មិនបានបញ្ជាក់ប្រាប់ថាមានមន្ត្រីហ្វ៊ុនស៊ិនប៉ិចប៉ុន្មានរូបពិតប្រាកដនោះទេ ដែលត្រូវបានតែងតាំងនោះ ប៉ុន្តែព្រះរាជក្រិត្យតែងតាំងដល់មន្ត្រីទាំងអស់នោះនឹងចេញជាផ្លូវការនៅក្នុងសប្តាហ៏នេះ។
បើតាមការពន្យល់របស់លោក ញឹក ប៊ុនឆៃ ការដែលគណបក្សប្រជាជនកម្ពុជានៅតែទទួលយកមន្ត្រីហ្វ៊ុនស៊ិនប៉ិច ធ្វើជាទីប្រឹក្សានៅតាមក្រសួង ដោយយោងទៅលើសមាជរបស់គណបក្សប្រជាជនកម្ពុជា កាលខែមីនា ពីមុនពេលបោះឆ្នោត បានលើកឡើងថា មន្ត្រីគណបក្ស ហ្វ៊ុនស៊ិន នៅតែជាដៃគូរចូលរួម នៅគ្រប់សកម្មភាពនានា ជាមួយរាជរដ្ឋាភិបាលកម្ពុជាដដែល។
គួរបញ្ជាក់ថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ១៩៩៣ ធ្លាប់ជាគណបក្ស ដែលជាគូប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមិនយូរប៉ុន្មាន គណបក្សរាជានិយមមួយនេះបានប្រែក្លាយទៅជាគណបក្សដែលមានសម្ព័ន្ធភាពស្អិតល្មួត ជាមួយគណបក្សប្រជាជនវិញ ហើយបានបន្តធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ រហូតដល់មិនទទួលបានសូម្បីតែមួយអាសនៈនៅក្នុងសភានៅក្នុងអាណត្តិ ទី៥នេះ។
កន្លងមក អង្គការសង្គមស៊ីវិល ក៏ដូចជាគណបក្សប្រឆាំងតែងតែរិះគន់ចំពោះរដ្ឋាភិបាល ទៅលើកការតែងតាំងឲ្យមានទីប្រឹក្សាយ៉ាងច្រើននៅតាមក្រសួង និងស្ថាប័នរដ្ឋនានា ដោយបានហៅការតែងតាំងនេះថា ជាការអត់ប្រយោជន៍ ដែលធ្វើឲ្យចំណាយថវិកាជាតិច្រើនមិនចំទិសដៅ៕
___________________
ប្រភពពីវិទ្យុបារាំង RFI

